ខុសពីតារាឡើងកូដភាគច្រើន ដែលខ្វល់ពីការធ្លាក់ចុះទីផ្សារ ហើយមិនមានការងារសិក្សាចេញមុខ សម្រាប់តារាសម្ដែង ដែលមានជំនាញទាំងច្រៀង និងពិធីការិនី កញ្ញា រៀម ច័ន្ទបរមី បែរជាប្រកាសថា ដល់ថ្នាក់ទាត់ចោល។ នាងថាមានភាពយន្ត និងការងារសិល្បៈច្រើនណាស់ ដែលនាងអត់ទទួល ជាពិសេសក្នុងពេលដែលនាងជាប់ដៃសម្ដែងក្នុងរឿងណាមួយ ដែលនាងមិនចង់រត់ផង លូនផង ហើយលទ្ធផលចុងក្រោយ គឺមិនល្អទាំងព្រម។
រៀម ច័ន្ទបរមី និយាយថា ទីផ្សារសិល្បៈសម្រាប់នាងរាល់ថ្ងៃ មិនមែនទៅសុំផលិតករ អោយជួយហៅងថតដូចមុននោះទេ គឺត្រូវផលិតករតូចធំ ស្នើអោយកុងត្រាដល់ថ្នាក់ជាប់សូរគ្នា រកពេលទទួលការងារមួយចំនួនលែងចង់បានតែម្ដង។ នាងថាការងារសព្វថ្ងៃបើចេះតែទទួល គឺអាចអត់មានពេសម្រាកក៍ថាបាន ទើបការងារខ្លះ នាងត្រូវទាត់ចោល ដើម្បីអោយការងារសម្ដែង ដែលជាប់កុងត្រាមិនទាន់ចប់មួយ បានបញ្ចប់អោយស្រួលបួលសិន។ ជាក់ស្ដែងក្នុងមួយរយៈនេះ នាងច្រានចោលភាពយន្តរហូតដល់បីបួនរឿង ដោយសារតែនាងជាប់សម្ដែងភាពយន្តអោយទូរទស្សន៍បាយ័ន ហើយនាងមិនចង់ទទួលការងារឆ្លេរឆ្លារខាងនេះផង ខាងនោះផង នាំអោយរត់ទៅថតមិនទាន់។ នាងថាខ្លួនទម្លាប់ ថតចប់មួយៗ ទើបទទួលថ្មីទៀត បើទោះជាផលិតករមកក្រោយ ផ្ដល់កម្រៃអោយខ្ពស់ជាង ក៍នាងបដិសេធ ដើម្បីកុំអោយជាន់គ្នានឹងការសម្ដែងមួយផ្សេងទៀតដែលបានប្រកាសរួចហើយថាត្រូវចេញថតថ្ងៃណាៗរួចទៅហើយ។
នាងគម្រោងបញ្ចេញស្នាដៃទាំងភាពយន្ត និង MV មួយចំនួនព្រមគ្នានៅអំឡុងខែមិថុនា នេះ ដែលនាងសម្ងំសម្ដែង ដោយនាងរំពឹងនឹងទទួលបានការចាប់អារម្មណ៍ខ្លាំង។
រៀម ច័ន្ទបរមី បន្តថា នាងកាន់តែសប្បាយចិត្ត ដែលការងារសិល្បៈឡើងសន្ទុះ ហើយរូបនាងកាន់តែមានគេស្គាល់ច្រើនតាមរយៈការសម្ដែង ដោយនាងប្រកាសថា ក្នុងពេលដ៍ខ្លី នាងនឹងមានឱកាសជាងនេះ ដើម្បីលេចធ្លោរដូចអ្វីដែលខ្លួនចង់បាន។ អុីចឹងហើយទើបនាង ទទួលសម្ដែងមិនស្គាល់យប់ថ្ងៃ ដើម្បីពង្រីកទីផ្សារការងារ និងប្រជាប្រិយភាព ឆ្ពោះទៅរកតំណែងតួឯកក្នុងពេលដ៍ខ្លី៕