ថៅកែស្រីចិត្តធម៌ និងតារាល្បីៗច្រើននាក់រួមគ្នាធ្វើទានដល់ចាស់ជរា

0

កាលពីល្ងាចថ្ងៃទី២៦ មីនា អ្នកនាង គង់ វណ្ណា ម្ចាស់ហាងស៊ុបកូនកាត់នៅកោះពេជ្រ ដែលត្រូវគេស្គាល់ថាជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសម្ដែង និងជាផលិតចម្រៀង អោយតារាខ្មែរមួយចំនួនបានច្រៀងមួយរូបផង បានដឹកនាំតារាល្បីៗជាច្រើនរូប ចែកថវិកា ទឹកស៊ីអ៊ីវនិងគ្រឿងឧបភោគបរិភោគច្រើនមុខជូនដល់ចាស់ជរាៗប្រមាណជាង២០រូបនៅនឹងទីតាំងហាងតែម្ដង ស្ថិតនៅកោះពេជ្រ។ នេះមិនមែនជាសកម្មភាពសប្បុរសធម៌លើកដំបូងនោះទេ ដោយសារតែពេលកន្លងមក អ្នកនាង និងស្វាមី ព្រមទាំងក្រុមការងារបានដឹកនាំធ្វើសកម្មភាពនេះជាច្រើនលើកមកហើយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារក្រីក្រជាដើម។

អ្នកនាង គង់ វណ្ណា បានថ្លែងបញ្ជាក់ក្រោយប្រគល់អំណោយជូនដល់ចាស់ៗនាថ្ងៃនោះថា ដោយសារតែអ្នកនាងបានឃើញពីការលំបាករបស់ចាស់ៗមួយចំនួននៅម្ដុំច្បារអំពៅ និងនៅម្ដុំមុខវាំង ទើបអ្នកនាងរៀបចំជាមធ្យោបាយដើម្បីអោយដឹកអុំស្រីចាស់ៗទាំងនោះ មកកាន់ហាងស៊ុបកូនកាត់ឆឹងឆឹងរបស់ខ្លួន ដើម្បីបានទទួលទានអាហារមួយឆ្អែតៗម្នាក់នៅកោះពេជ្រ ហើយប្រមែប្រមូលតារាសិល្បៈដែលអ្នកស្រីមានទំនាក់ទំនងច្រើននាក់ដូចជាអ្នកនាង គ្រត, នាយតាក់ស៊ី ,អ្នកនាងភីម, លោក យន សុភ័ក្រ, លោក ជ័យ សុវ៉ាត, កញ្ញា ឆឹម ស្រីលក្ខណ៍, កញ្ញា ហេង ស្រីពេជ្រ, លោក ផុន ផានិត ដែលអ្នកនាងបានផលិតបទអោយច្រៀង និង លោក ហង្ស សុវណ្ណារិទ្ធិ ដែលអ្នកស្រីផលិតបទអោយច្រៀងដូចគ្នា ព្រមទាំងសប្បុរសជនជាច្រើនទៀត ចែកអំណោយជូនដល់ចាស់ៗទាំងនោះដោយផ្ទាល់។

អ្នកនាងថា តាំងពីខ្លួនក្លាយជាថៅកែស្រីលើអាជីវកម្មបើកហាងអាហារ៤ទីតាំងផ្សេងគ្នាយ៉ាងជោគជ័យមក អ្នកនាងឧស្សាហ៍បែងចែកផលចំណេញដែលខ្លួនទទួលបាន ធ្វើទានជួយដល់សង្គមខ្លាំងណាស់ ដោយសារតែអ្នកស្រីយល់ថា ទោះជាខ្លួនមានបាន និងឡើងខ្ពស់យ៉ាងណាក៏ដោយត្រូវតែចែករំក្ដីស្រលាញ់ជួយដល់ចាស់ៗជរា ក្មេងកំព្រា និងសហគមន៍ខ្វះខាត ដែលអ្នកស្រីបានឃើញ។ អ្នកនាងប្រកាសអោយអ្នកដែលមានទុក្ខលំបាក ឬ បានស្គាល់ពីអ្នកមានទុក្ខលំបាក ហើយត្រូវការជំនួយជដោយទោះតិចឬច្រើន គឺអ្នកនាង នឹងរួមចំណែក។

ជាមួយនឹងការជួបជុំចែកអំណោយដល់ចាស់ៗ អ្នកនាង គង់ វណ្ណា ហៅថៅកែស៊ុបកូនកាត់ ក៍បានបង្ហើបថា អ្នកនាងនឹងបន្តផលិតបទចម្រៀងបន្តទៀត ជួយដល់សិល្បករមួយចំនួនអោយបានច្រៀង ដោយអ្នកនាងក៍នឹងមានបទចម្រៀងផ្ទាល់ខ្លួន និងសម្ដែងខ្លួនឯងទុកជាអនុស្សាវរីយ៍ផងដែរ ដើម្បីបំពេញក្ដីស្រលាញ់វិស័យសិល្បៈរបស់ខ្លួន៕