គ្មានអ្នកណាមិនភ្ញាក់ផ្អើលនោះទេ ក្នុងពេលដែលពិធីខួបរបស់តារាហ្វេសប៊ុក Tavan So Cool ឬ ភារ៉ាវ៉ាត់ តាវ៉ាន់ អ្នកជំនាញផាត់មុខកូនក្រមុំប្រចាំខេត្តសៀមរាប ស្រាប់តែតម្រូវអោយភ្ញៀវតែងខ្លួនក្នុងជំនាន់បារាំង ពោលគឺក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ធ្វើអោយទិដ្ឋភាពពិធី ក្រឡេកមួយភ្លែតដូចស្ថិតក្នុង ជំនាន់បារាំងពិតៗ។ អ្នកបានបង្ហាញខ្លួននៅក្នុងពិធីរបស់លោក សុទ្ធតែមានការចាប់អារម្មណ៍ ជាពិសេសអ្នកតែងខ្លួនបែបសម័យនិយម និងមិចចំសម័យបារាំង ហាមិនសូវលេចធ្លោរនោះទេ នៅក្នុងពិធីរបស់លោក។
ពិធីខួបដែលបានធ្វើឡើងនៅក្នុងហាងធំមួយនៅកណ្ដាលក្រុងសៀមរាបនោះ ធ្វើអោយគេនឹកដល់អតីតកាលក្នុងសម័យព្រះបាទស៊ីសុវត្ថិតែម្ដង ដោយសារតែក្រៅពីតម្រូវអោយភ្ញៀងកិត្តិយស ដែលរួមមានទាំងតារាសិល្បៈ និងមិនជាតារាស្លៀកក្បិប និងពាក់ឈុតក្នុងជំនាន់សម័យបារាំង ហើយនៅក្នុងពិធីក៏មានតាំងស៊ីក្លូ តាំងម៉ូតូក្នុងជំនាន់បារាំង តាំងកង់ និងឧបករណ៍ថតកុន ដែលត្រូវគេឃើញប្រើប្រាស់នៅក្នុងសម័យរជ្ជកាលអតីតកាលនោះ។ លោក ភារ៉ាវ៉ាត់ តាវ៉ាន់ ហៅ Tavan So Cool ត្រូវគេឃើញតែងខ្លួនក្នុងសម័យព្រះបាទស៊ីសុវត្ថិ ហើយបណ្ដាភ្ញៀវប្រមាណជា៨០ភាគរយ ក្នុងចំណោមទាំងជាង២០០នាក់តែងខ្លួនតាមលំនាំដូចលោកផងដែរ ទើបធ្វើអោយក្នុងពិធីខួបកំណើតរបស់លោករំលេចនូវទិដ្ឋភាពមួយដែលប្លែកភ្នែក ហើយមិនខុសពីការគាស់រំឡើងសម័យអតីតកាលនោះត្រលប់មកវិញ ដើម្បីអោយអ្នកជំនាន់ក្រោយបានឃើញពីទម្រង់ស្លៀកពាក់របស់ខ្មែរ នៅក្នុងសម័យនោះ។ សូម្បីតែការបកស្រាយបទចម្រៀងរបស់តារាចម្រៀង ក៏ត្រូវគេឃើញភាគច្រើនជាបទឆ្លុះបញ្ចាំងពីសម័យកាលបារាំង និងសម័យកាលសង្គមរាស្រ្តនិយមផងដែរ ដែលរឹតតែធ្វើអោយពិធីមួយនេះ ពោរពេញដោយរសនិយមមួយថ្មី នៅក្នុងបរិបទដែលខ្មែរកាន់តែច្រើន ក៏ងាកទៅអភិរក្សសំលៀកបំពាក់របស់ខ្មែរនៅក្នុងអតីតកាលនាពេលនេះ។
លោក ភារ៉ាវ៉ាត់ តាវ៉ាន់ និយាយថា ហេតុផលដែលលោកចំណាយលុយតុបតែងពិធីខួបកំណើតរបស់លោកឆ្លុះបញ្ចាំងពីសម័យព្រះបាទស៊ីសុវត្ថិ ដោយបានតម្រូវអោយភ្ញៀវតែងខ្លួនជាទម្រង់នោះផង គឺដោយសារតែលោកចង់រំលឹកឡើងវិញ នូវអរិយធម៌ខ្មែរ និងការស្លៀកពាក់របស់ខ្មែរ ដែលអ្នកជំនាន់ក្រោយមិនបានឃើញផ្ទាល់នៅក្នុងសម័យនោះ។ លោកថាការតម្រូវអោយភ្ញៀវស្វែងរកសំលៀកបំពាក់ក្នុងសម័យកាលនោះ គឺជាការរួមចំណែកជួយអ្នកតារាសិល្បៈ និងអ្នកជំនាន់ក្រោយ ងាកទៅស្វែងយល់សំលៀកបំពាក់ទាំងនោះឡើយវិញ ហើយជាលទ្ធផលគឺក្នុងពិធីខួបកំណើរបស់លោកលេចសុទ្ធតែទម្រង់សំលៀកបំពាក់នៅក្នុងសម័យអាណានិគមបារាំង ដែលសំលៀកបំពាក់លេចធ្លោរភាគច្រើន គឺក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ លោកថាសំលៀកបំពាក់ដែលខ្លួនតម្រូវនេះ មិនមែនជាការលំបាកនោះទេ ដោយសារតែតាមសម្អាងការក៏មានភាគច្រើន ហើយភ្ញៀវទាំងអស់សុទ្ធតែមានឆន្ទៈក្នុងការចូលរួមទើប ធ្វើអោយពិធីខួបកំណើតរបស់លោកសម្រុះស្រុះគ្នាដោយសំលៀកបំពាកក់ក្នុងសម័យព្រះបាទស៊ីសុវត្ថិគ្រប់គ្រងដែលធ្វើអោយលោកជាម្ចាស់កម្មវិធីសប្បាយចិត្ត៕