ពិតជាកក្រើកទៀតហើយ បន្ទាប់ពីព្រឹត្តិការណ៍ Pool On the Street Party ដែលត្រូវគេស្គាល់ថា ជាព្រឹត្តិការណ៍ Pool Party ដ៏ពេញនិយមរបស់ពិភពលោក ស្រាប់តែប្រកាសធ្វើឡើងនៅផ្សារកុងតឺណឺ 3G Sqare ស្ថិតនៅទល់មុខស្ថានទូតអូស្ត្រាលី ម្ដុំកោះពេជ្រ ប្រកាសមិនលក់សំបុត្រ ខុសពីការរៀបចំកាលពី២ឆ្នាំមុន ដែលបានធ្វើឡើងយ៉ាងកក្រើកនៅបរិវេណអាងទឹកអូតែលសុខាត្រើយម្ខាងនោះ។ អាងទឹកធំៗរហូតដល់៣កន្លែងក្នុងបរិវេណ 3G Sqare ត្រូវបានគេរៀបចំឡើង ខណៈដែលគម្រោងបាញ់ពពុះសាប៑ូ និងសកម្មភាពលេងបាញ់ទឹក បន្ថែមពីលើសកម្មភាពលេងទឹក និងរាំកម្សាន្ត ក៏ត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះ នៅថ្ងៃទី១០ មិថុនានេះ។
ព្រឹត្តិការណ៍ Pool Party ដែលនឹងលេចឡើងនៅក្នុងប្រទេសកម្ពុជា ជាលើកទី២នេះ ត្រូវបានប្រកាសថា មិនមានការលក់សំបុត្រនោះទេ ដោយផ្ដល់ឱកាសអោយចូលដោយសេរី ដោយគ្រាន់តែតម្រូវអោយកក់តុអង្គុយជាមុន ដើម្បីការពារកុំអោយដល់ពេលវេលាកម្សាន្តសប្បាយមិនមានកន្លែងអង្គុយកម្សាន្ត។ ការទម្លាយផ្លូវការបានអះអាងថា មិនត្រឹមតែបើកទូលាយអោយចូលកម្សាន្តដោយមិនលក់សំបុត្រប៉ុណ្ណោះទេ សូម្បីតែភេសជ្ជៈ ដែលប្រើសម្រាប់បំពេញតម្រូវការនៅក្នុងកម្មវិធី ក៏តម្រូវអោយលក់ក្នុងតម្លៃត្រឹមតែមួយដប១មុឺនរៀលនោះផងដែរ ដែលមានន័យថា អ្នកទៅកម្សាន្តនៅក្នុងកម្មវិធីដ៏ធំរបស់ពិភពលោកមួយនេះ មានត្រឹមតែ១មុឺនរៀល គឺអាចអង្គុយស្ដាប់ភ្លេង រាំកម្សាន្ត និង អាចសប្បាយជាមួយកម្មវិធី ដល់ពាក់កណ្ដាលអធ្រាត្របានយ៉ាងសប្បាយ ដោយមិនចាំបាច់ចំណាយលុយជិះយន្តហោះទៅក្រៅស្រុក ទៅលេងកម្មវិធី Pool Party នៅទីឆ្ងាយនោះបាន។ មានការប្រកាសថា តារាល្បីៗផ្នែកយុវវ័យនៅក្នុងផលិតកម្មធំតូច និងតារាចម្រៀងOriginal Song បង្ហាញខ្លួនច្រៀងរាំក្នុងកម្មវិធីច្រើនណាស់ ដោយវត្តមានតារាល្បីៗក្នុងពិភពសិល្បៈ ក៍ប្រកាសពីការត្រៀមខ្លួនទៅកម្សាន្តនៅទីនោះច្រើន ដើម្បីទៅហែលទឹក លេងពពុះសាប៑ូ និងលេងបាញ់ទឹកជុំគ្នា។ អុីចឹងហើយ ទើបព្រឹត្តិការណ៍នេះ ត្រូវគេអះអាងថា នឹងមានអ្នកកម្សាន្តដល់ខ្ទង់ពាន់នាក់ ដែលពិតជាិនមានកន្លែងអង្គុយកម្សាន្តប្រសិនបើគ្មានការកក់កន្លែងទុក ជាពិសេសនៅពេលដែលព្រឹត្តិការណ៍ទាំងមូលប្រកាសមិនលក់សំបុត្រ ដូចកាលរៀបចំលើកទី១បែបនេះ។
កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងវ័យក្មេង និងកំពុងឡើងកូដនៅក្នុងផលិតកម្មហង្សមាស បានក្លាយជាតួឯកធំមួយនៅក្នុងកម្មវិធីដែលជាកម្មវិធីចម្លងពីបរទេសមួយនេះ ខណៈដែលតារាល្បីៗ៣រូបទៀត គឺកញ្ញា រ៉ូលីន លោក Shutter ម្ចាស់បទ«អតីត» និងនាយព្រែក ក៏ត្រូវគេអះអាងថានឹងមានវត្តមានផងដែរ។ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលតារាល្បីឈ្មោះទាំង៣ត្រូវបានកម្មវិធីចំណាយកញ្ចប់ទាក់ទងអោយចូលរួមនៅក្នុងកម្មវិធីនេះ ក្នុងនាមជាតារាចម្រៀងកិត្តិយស ក្នុងពេលដែលតារាភាគច្រើននៅកម្ពុជា បានត្រឹមតែត្រូវគេទាក់ទងអោយចូលរួមជាភ្ញៀវកិត្តិយស ដើម្បីលេងទឹក និងរាំលេង អោយស្គាល់ពីបរិយាកាសនៅក្នុងពិធី។ អ្នករៀបចំកម្មវិធី មិនទាន់អាចសុំការបញ្ជាក់ពីការរៀបចំសម្រាប់កម្មវិធីដ៏ធំមួយនេះបានទេ ប៉ុន្តែអ្វីដែលគេដឹងផ្លូវការ គឺកម្មវិធីនឹងលេចរូបរាងនៅថ្ងៃទី១០ មិថុនា ដោយឌីជេ តារាចម្រៀងបរទេស និងតារាល្បីៗច្រើនរូប នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនេះ ដើម្បីបំផុសអោយស្រទាប់មហាជនស្គាល់កាន់តែច្បាស់ពីកម្មវិធី Pool On the Street Party ដែលជាកម្មវិធីពេញនិយមនៅលើពិភពលោកមួយនេះ៕