កម្ពុជាចូលរួមលក់រឿង ជាមួយប្រទេសជិត២០០ នៅហុងកុង

0

កាលពីព្រឹកថ្ងៃទី១៨ មីនា ទីក្រុងហុងកុង បានបើកពិធីមហោស្រពភាពយន្តអន្តរជាតិដែលមានឈ្មោះថា Filmart យ៉ាងអធឹកអធម ដោយមានក្រុមផលិតករខ្មែរ រួមទាំងអ្នកជំនួញភាពយន្តផង បានចូលរួមតាំងស្ដង់លក់ភាពយន្តរបស់ខ្មែរ ដូចគ្នានឹងបណ្ដាប្រទេសប្រមាណជា១៨០ប្រទេសនៅក្នុងព្រឹត្តិការណ៍នោះ។ ព្រឹត្តិការណ៍លក់ភាពយន្តអន្តរជាតិទ្រង់ទ្រាយធំក្នុងទីក្រុងហុងកុងឆ្នាំនេះ បណ្ដាផលិតករនៅទូទាំងពិភពលោក មិនត្រឹមតែប្រជែងគ្នាយកស្នាដៃល្អៗយកមកលក់ប៉ុណ្ណោះទេ តែភាពយន្តខ្មែរក៍ត្រូវបានបរទេសចាប់អារម្មណ៍ទិញ និងមានគម្រោងចាប់ដៃផលិតជាមួយកាន់តែច្រើនថែមទៀតផងដែរ។
កម្ពុជាចូលរួមលក់រឿង ជាមួយប្រទេសជិត២០០ នៅហុងកុង។

កម្មវិធីដែលបានដំណើរការនៅក្នុងទីក្រុងហុងកុងនេះមានបណ្ដាផលិតកររហូតដល់ជាង១៨០ប្រទេសដាក់ស្ដង់លក់ភាពយន្តរបស់ខ្លួន ខណៈដែលភាពយន្តគំនូរជីវចលត្រូវគេឃើញដាក់លក់ច្រើនជាងគេ ហើយក៍មានចាប់អារម្មណ៍ទិញច្រើនជាងគេ។ តំណាងប្រទេសកម្ពុជាដែលបានចូលរួមរួមមាន មន្ត្រីសមគមភាពយន្តកម្ពុជា អ្នកស្រី សរ កេសរា ម្ចាស់ផលិតកម្មកេសរាភាពយន្ត និងលោក ហ៑ុយ យ៉ាឡេង ម្ចាស់ផលិតកម្មមាតុចក្រជាដើម។ ព្រឹត្តិការណ៍នេះគ្រោងបញ្ចប់នៅថ្ងៃទី២០ មីនា ដោយក្រៅពីតាំងស្ដង់លក់រឿង នៅថ្ងៃទី១៩ មីនា ក៍ជាថ្ងៃដែលតម្រូវអោយតំណាងប្រទេសទាំងអស់ ស្លៀកឈុតតំណាងជាតិ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិរបស់ខ្លួនផងដែរ។

អ្នកស្រី សរ កេសរា ដែលបានចូលរួមជាថ្មីក្នុងព្រឹត្តិការណ៍នេះបានថ្លែងបញ្ជាក់ថា អ្នកស្រីធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ច្រើនលើកមកហើយ ដោយការចូលរួមឆ្នាំនេះ ដ្បិតថា មិនបានយករឿងយកមកតាំងស្ដង់ដើម្បីលក់អោយភ្ញៀវដែលជាផលិតករជាជនបរទេស ប៉ុន្តែអ្នកស្រីក៍បានផ្លែផ្កាក្នុងការទាក់ទាញបណ្ដាផលិតករជាជនបរទេស អោយដឹងពីការរីកចំរើននៃវិស័យភាពយន្តខ្មែរ ដែលធ្វើអោយផលិតករទាំងនោះ ចង់ចុះមកផលិតភាពយន្តច្រើនឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។ អ្នកស្រីថា បើទោះជាស្ថានភាពភាពយន្តនៅក្នុងប្រទេសកម្ពុជាខ្លួនហាក់ល្អហាក់មិនល្អ ប៉ុន្តតែសម្រាប់ក្រសែភ្នែកបរទេសមិនមានអ្នកណាមិនចាប់អារម្មណ៍ពីការផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជានោះទេ តាមរយះសកម្មភាពចូលរួមរបស់អ្នកស្រី និងបណ្ដាផលិតករក្នុងស្រុកផ្សេងទៀតនោះទេ បន្ទាប់ពីផលិតករខ្មែរកាន់តែច្រើនបង្ហាញខ្លួនយករឿង និងមកទំនាក់ទំនងក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តនៅអន្តរជាតិបែបនេះនាពេលចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here