មួយបទ«មាន់ស្រែ» កញ្ញា រ៉ាប៊ី ប្រែប្រួល៣រឿង ដល់ម្លឹង!

0

ក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់នៅក្នុងកម្មវិធីតន្ត្រី«Carabao TV5 Spark Concert»របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៣ មិថុនា នៅភោជនីដ្ឋានស្ប៉ាកតាវ៉ាន់ដេង មុខស្ថានទូតចិន កញ្ញារ៉ាប៊ី ត្រូវបានគេកត់សម្គាល់ថាប្រែប្រួល៣រឿង បន្ទាប់ពីនាងកន្ទ្រាក់បានការចាប់អារម្មណ៍ខ្លាំងក្លាជាងគេតាមរយៈបទ«មាន់ស្រែ»ក្នុងអំឡុងចូលឆ្នាំខ្មែរកន្លងទៅ។ ការប្រែប្រួលទាំងនោះ បានទាំងជួយអោយនាងលេចធ្លោរក្នុងអាជីពជាអ្នកចម្រៀងនោះផង។

កញ្ញា រ៉ាប៊ី និយាយថា ៣រឿងដែលធ្វើអោយនាងផ្លាស់ប្ដូរក្រោយពីផ្ទុះបទចម្រៀង«មាន់ស្រែ»នោះ គឺតម្លៃខ្លួនកើនទ្វេរមួយជា២ ទី២រាល់ពេលចេញច្រៀងមានអ្នកគាំទ្រ និងការចាប់អារម្មណ៍ខុសប្លែកពីមុន ហើយទី៣ដែលនាងប្រាប់ថាកត់សម្គាល់ឃើញជាងគេ គឺឆាកតន្ត្រីធំៗទាក់ទងមកអោយច្រៀងដល់ថ្នាក់រកពេលសម្រាកមិនបាន តាំងពីចុះពីសម្ដែងនៅអាមេរិកវិញ។ កញ្ញា ថារឿងទាំង៣ដែលបានកើតឡើង គឺជាអ្វីដែលនាងមានក្ដីស្រម៉ៃជាយូរមកហើយ ប៉ុន្តែមិនធ្លាប់កើតឡើងនោះទេ បើទោះជានាងធ្លាប់បានប្រឡូកក្នុងអាជីពសិល្បៈមួយនេះ តាំងពីវ័យជាង១០ឆ្នាំ មុនការប្រលងស្រីស្រស់ប្រុសស្អាត ដែលក្នុងពេលនោះមិនទទួលចំណាត់ថ្នាក់ល្អ។ នាងថាកាលពីអំឡុងមុនចូលឆ្នាំខ្មែរ តម្លៃខ្លួនរបស់នាងបានត្រឹមតែពាក់កណ្ដាលពាន់ និងលើសហ្នឹងតិចតួចប៉ុណ្ណោះ ប៉ុន្តែឈានដល់បទ«មាន់ស្រែ»ក្លាយជាបទពេញនិយម គឺតម្លៃខ្លួនឡើងដល់១ពាន់ជាង និងកៀកៗ២ខ្ទាស់ធំ ដែលធ្វើអោយនាងមិននឹកស្មានដល់។ ក្នុងនោះរាល់ពេលនាងទទួលឡើងឆាកម្ដងៗ ក៏ខុសប្លែកគ្នាខ្លាំងដែរ បើធៀបនឹងពេលដែលនាងមិនទាន់ផ្ទុះក្នុងបទ«មាន់ស្រែ»។ ជាក់ស្ដែងតាំងពីត្រលប់មកពីសម្ដែងនៅអាមេរិកវិញ គឺអោយតែនាងបង្ហាញមុខឡើងឆាកម្ដងៗ មានការគាំទ្រយ៉ាងប្លែក ដែលធ្វើអោយនាងមានកម្លាំងចិត្តខុសប្លែកពីមុន។ ក្នុងនោះ បើនិយាយពីកម្មវិធីធំៗក៏ទាក់ទងមកដល់ថ្នាក់អត់ពេលទទួលផងដែរ ដែលខុសពីមុនដែលនាងមានឱកាសតិចតួចបានឡើងកម្មវិធីធំៗ ហើយមានកម្មវិធីខ្លះគឺនាងក៏បានឡើងដោយសារតែមានទំនាក់ទំនងល្អ។

កញ្ញា រ៉ាប៊ី បញ្ជាក់ថាការប្រែប្រួលទាំង៣រឿង បានធ្វើអោយនាងមានលទ្ធភាពកាន់តែប្រសើរដើម្បីផលិតបទផ្ទាល់ខ្លួនបន្ថែមពីលើការចាត់ចែងរបស់ផលិតកម្មថោន ដោយនាងប្រកាសថាបទចម្រៀងរបស់នាងដែលនាងចេញក្នុងពេលខាងមុខ នឹងប្លែកជាងបទ«មាន់ស្រែ»នោះផង ដោយនាងរំពឹងថានឹងធ្វើអោយកាន់តែមានការចាប់អារម្មណ៍លើសមុន ដើម្បីប្រជែងទីផ្សារក្រោយមានឈ្មោះក្នុងបទ«មាន់ស្រែ»និង«ស្នេហ៍ ស្នេហ៍»។ ក្នុងកិច្ចសម្ភាសន៍ផ្ទាល់នោះ នាងក៏បានរៀបរាប់អោយដឹងពីជីវប្រវត្តិមុនឡើងកូដនៅក្នុងផលិតកម្មថោនផងដែរ៕