វត្តមានដាក់បញ្ចាំងលក់សំបុត្រកាលពីថ្ងៃទី៣១ ឧសភា គេកត់សម្គាល់ថាស្ទើរគ្រប់រោងកុន និងស្ទើរម៉ោង ដែលដាក់បញ្ចាំងរឿង«ចិញ្ចៀនខ្មោច»របស់ផលិតកម្មLD មានអ្នកទស្សនាយ៉ាងណែនៗរោងតែម្ដង។ ក្នុងនោះគេក៏ឮភាគច្រើនផងដែរថា ភាពយន្តមួយនេះល្អមើល ដោយអ្នកទស្សនានិយាយថាឈុតឆាកនៅក្នុងសាច់រឿងមិនសូវខ្លាចខ្មោចនោះទេ ប៉ុន្តែគេខ្លាចទឹកមុខរបស់កូនស្រីលោក ពែកមី ច្រើនជាង ដោយសារតែគ្រប់ឈុតដែលនាងបានសម្ដែងជាតួខ្មោចចូល គឺសមមិនខុសពីមនុស្សខ្មោចចូលពិតៗ អ៉ីចឹងហើយទើបភាពយន្តមួយនេះ ត្រូវបានតំណាងផលិតកម្មប្រកាសថាកើបលុយ។
លោក លៀក លីណា អ្នកចាត់ការទូទៅប្រចាំផលិតកម្មLD Picture បានថ្លែងសារតែគ្រាន់តែបើកឆាកលក់សំបុត្រក្នុងថ្ងៃទី១ភ្លាមភាពយន្តរឿង«ចិញ្ចៀនខ្មោច»ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីតែម្ដង ទើបលោកក្នុងនាមជាក្រុមការងាររបស់ផលិតកម្មមានការរំពឹងយ៉ាងខ្លាំងថានេះជារឿងដែលអាចកើបលុយ ក្នុងពេលដែលរឿងកន្លងមកផលិតកម្មLD ទទួលបានចំណូលខ្ពស់ផងដែរ ប៉ុន្តែទទួលបានកម្រិតមធ្យម ដែលលោកបញ្ជាក់ថាមិនសមនឹងការប្រឹងប្រែង។ លោកថាភាពយន្តរឿង«ចិញ្ចៀនខ្មោច»ហាក់ជាភាពយន្តដែលស៊ីទាំងចំណងជើង និងសាច់រឿងដែលមានឈុតឆាករន្ធត់ៗ ក្នុងពេលដែលខាងផលិតកម្មច្រើនផ្ដោតតែការផលិតភាពយន្តបែបកំប្លែងនាពេលកន្លងមក។
លោកមិនទាន់ដឹងថាភាពយន្តរឿង«ចិញ្ចៀនខ្មោច»នឹងកើបចំណូលបានក្នុងកម្រិតណានោះទេ ប៉ុន្តែបើយោងតាមការកញ្ជ្រោលរបស់អ្នកទស្សនាតាំងពីថ្ងៃទី១ គឺលោករំពឹងថាបានច្រើនជាងរឿងមុនៗដែលLD ធ្លាប់បានដាក់បញ្ចាំង។
លោកមិនហ៊ានរំពឹងស្មើនឹងរឿង«អាបពាក់មួកសុវត្ថិភាព»នោះទេ ប៉ុន្តែលោកភាពយន្តនេះ នឹងទទួលបានចំណូលមួយខ្ពស់ ដែលធ្វើអោយក្រុមការងារមានទឹកមាត់លេបច្រើន។
លោក លៀក លីណា បន្តថា ភាពយន្តរឿង «ចិញ្ចៀនខ្មោច» អាចចាត់ទុកថាជារឿងទី១ដែលខាងផលិតកម្មងាកមកផលិតក្នុងទម្រង់បែប ភ័យរន្ធត់ ទើបធ្វើអោយរឿងមួយនេះ ទទួលបានការចាប់អារម្មណ៍ ដែលការស្ដែងឡើងគឺត្រង់មានអ្នកលក់សំបុត្រមើលច្រើនតាំងពីថ្ងៃបើកឆាក។
លោកថាផលិតកម្មគម្រោងនឹងដាក់ទុនផលិតរឿងបែបរន្ធត់ ក្នុងពេលបន្តបន្ទាប់ បន្ទាប់ពីកត់សម្គាល់ឃើញថាភាពយន្តបែបរន្ធត់ៗ ភ្លឺព្រួចសម្បូរអ្នកចង់ទស្សនា៕