ជ័យ ស៊ីនេត ចាញ់ដៃគូចាស់ លើសង្វៀន

0

ការប្រកួតមិត្តភាពរវាងកីឡាករជើងចាស់២នាក់ គឺកីឡាករ ជ័យ ស៊ីនេត និង ឃឹម ពេជ្រចិន្តា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១០ មិនា នៅតែធ្វើអោយមានការតាមដានមិនអន់ បើទោះជាអ្នកទាំងរៀងធ្លាក់ដៃជាងមុន។ អ្នកទាំងពីរគឺជាគូរប្រកួតសងសឹក បន្ទាប់ពីប៉ះគ្នា៣លើកកន្លងមក ហើយមានលទ្ធផលចាញ់ឈ្នះ និងស្មើខ្លះ។

កីឡាករ ជ័យ ស៊ីនេត បានអះអាងថាខ្លួន និង ឃឹម ពេជ្រចិន្តា ធ្លាប់បានប៉ះគ្នា ៣លើកមកហើយ ពោលគឺតាំងពីលោកនៅខ្លាំង និងនៅប្រកួតក្នុងគីឡូតិចជាងនេះ។ ជំនួប៣លើកដែលបានធ្វើឡើងនាពេលនោះ មួយលើកលោកឈ្នះ មួយលើកឃឹម ពេជ្រចិន្តា ឈ្នះ និងមួយទៀតស្មើគ្នា ហើយបន្ទាប់មកក៍ខកខានជួបគ្នាក្រែលដែរ។ ជំនួបទី៤ នៅលើសង្វៀនទូរទស្សន៍អាគ្នេយ៍នេះ គឺជាជំនួបដែលរៀបចំឡើងកុំអោយពួកលោកបាត់ពីការចាប់អារម្មណ៍ពីស្រទាប់មហាជន ក្រោយពេលដែលលោក និងគូប្រកួត ក៍ឡើងទម្ងន់(ធាត់)រាងខ្លួន។ លោកសារភាពថាខ្លួនភ្លាត់ទាត់ត្រូវប្រដាប់ការពារ ឃឹម ពេជ្រចិន្តា និង ពិបាកវាសម្រុកទៅកាន់កីឡាកររូបនេះ បានដូចការចង់បាន ទើបធ្វើអោយលទ្ធផលប្រកួតនៅវគ្គបញ្ចប់ គឺលោកចាញ់ដោយពិន្ទុ។

កីឡាករជ័យ ស៊ីនេត បានសារភាពថា បើទោះជាលោកប្រឹងប្រែងហ្វឹកហាត់យ៉ាងណា ក៍លោកមិនអាចរស់រវើកដៃជើង បានដូចគ្នានឹងតាមចង់បានបានដែរ ដោយសារតែបញ្ហាជីវភាព និង វ័យកាន់តែជ្រ ដែលធ្វើអោយលោកធ្លាក់ដៃជាងមុន។ យ៉ាងណាមិញលោកបានសម្ដែងការអរគុណចំពោះសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ ដែលឩស្សាហ៍រៀបចំអោយលោកជួបប្រកួតជាមួយអ្នកនេះជាមួយអ្នកនោះ ហើយធ្វើអោយលោកនៅតែមានទីផ្សារ និងមានចំណូលពីការប្រដាល់។ លោកថាខ្លួនចាញ់ពិន្ទុក្រោមដៃ ឃឹម ពេជ្រចិន្តា កាលពីថ្ងៃអាទិត្យ ខ្លួនក៍ខំប្រឹងប្រែងខ្លាំងដែរ ប៉ុន្តែបណ្ដាលមកពីភ្លាត់ត្រូវគណកម្មការកាត់ពិន្ទុរឿងទាត់ត្រូវប្រដាប់ការពារគូប្រកួត ទើបត្រូវចាញ់ដោយពិន្ទុ។