មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី9 ប្រកាសបង្ហាញខ្លួន

0

កាលពីថ្ងៃទី៥ មីនាមុននេះ គណកម្មការរៀបចំព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ បានប្រកាសដំណើរកម្មវិធីនេះជាលើកទី៩ ដោយការរៀបចំនឹងត្រូវធ្វើឡើងដោយមានខ្សែភាពយន្តរហូតដល់ជាង130 រឿង មកពី 37 ប្រទេសនៅទូទាំងពិភពលោកចូលរួម។ ក្នុងនោះរួមមានទភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតធំ ភាពយន្តឯកសារ ព្រមទាំងគំនូរជីវចលផងដែរ។

- Advertisement -

លោក ស៊ុន ខេមរ៉ា ជាអ្នក​សម្របសម្រួលកម្មវិធី​​មហោស្រព​ភាពយន្ត​អន្តរជាតិកម្ពុជា បានថ្លែងប្រាប់”ផ្ទះតារា”ថា ជារៀងរាល់ឆ្នាំ មហោស្រពមួយនេះរមែងបង្ហាញខ្លួន អមដោយភាពយន្តដែលផលិត និងនិយាយអំពីប្រទេសកម្ពុជា និងស្នាដៃភាពយន្តបរទេសជាច្រើនមកប្រជុំគ្នា។ ដោយឡែកនៅក្នុងឆ្នាំនេះ ក៍មានដូចគ្នាផងដែរ ដោយខ្សែភាពយន្តរឿង «ហ៊្វូណន» ដែលជាភាពយន្តជាប់ពានរង្វាន់ក្នុងមហោស្រពភាពយន្តគំនូរជីវចលទីក្រុងអានស៊ី កាលពីឆ្នាំ 2018 រឿង«ផ្នូរគ្មានឈ្មោះ»ដែលឈ្នះមហោស្រពភាពយន្តនៅទីក្រុងវេនីស, និងជាបេក្ខភាពក្នុងពានរង្វាន់អូស្ការ កាលពីឆ្នាំ 2019ក្ដៅៗតំណាងឲ្យកម្ពុជា រឿង «តន្ត្រីជីវិត»របស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូ និង រឿង «The Prey» របស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ូសាន កាលពីឆ្នាំ 2018 ។ មហោស្រពក្នុងឆ្នាំនេះ ក៏ត្រូវធ្វើឡើងស្របពេលខួប៤០ឆ្នាំនៃការដួលរលំរបបខ្មែរក្រហម ដោយនឹងមានភាពយន្តខ្នាតធំ ក៏ដូចជាភាពយន្តឯកសារល្បីៗជាច្រើន ដែលនិយាយអំពីរបបប្រល័យពូជសាសន៍នៅកម្ពុជា បញ្ចាំងជូន។ កម្មវិធីដ៏ពិសេសនេះក៏រួមបញ្ចូលផងដែរនូវការតាំងពិព័រណ៍ស្នាដៃសិល្បៈ ព្រមទាំងកិច្ចពិភាក្សា ដែលនឹងប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលបុប្ផាណា។

ក្នុងព្រឹត្តិការណ៍នេះ ធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃ១៤ មីនា ដោយកម្ពុជាមានភាពយន្ត26ចូលរួម ដែលគិតជាភាគរយគឺមានចំនួនច្រើនបំផុតធៀបទៅនឹងមហោស្រពភាពយន្តអន្តរជាតិនៅបរទេស។ មហោស្រពភាពយន្តរបស់យើងនឹងធ្វើការចាក់បញ្ចាំងខ្សែភាពយន្តចំនួន ១៥០ លើក នៅតាមរោងភាពយន្តធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន រោងភាពយន្តលេជេន, រោងភាពយន្តម៉េជ័រស៊ីណេផ្លិច, រោងភាពយន្តប្រែមស៊ីណេផ្លិច, មជ្ឈមណ្ឌលបុប្ផាណា, សាលមហោស្រពចតុម្មុខ, និងសណ្ឋាគាររ៉ូសវូដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here