បេក្ខជនកម្ពុជាឈ្នះចំណាត់ថ្នាក់ផ្ទួនៗ លើឆាក Miser & Miss Asian International

0

មិនមែនជារឿងងាយទេ ដែលការប្រកួតសម្រស់ និងទេពកោសល្យកម្រិតអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ Mister & Miss Asian International 2019 នៅក្នុងទីក្រុងបាងកក កាលពីយប់ថ្ងៃទី២៤ កុម្ភៈ បេក្ខជនរបស់កម្ពុជា គឺលោក ឡៅ បញ្ញា ដែលត្រូវបានគេស្គាល់ថាជាអ្នកសម្ដែងក្បាច់គុនល្បក្កតោនៅខេត្តសៀមរាប និងជាបេក្ខជនដែលតំណាងអោយកម្ពុជាចូលប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ បានឈ្នះចំណាត់ថ្នាក់មកវិញផ្ទួនៗយ៉ាងកម្រលើឆាកអន្តរជាតិ។ ដ្បិតតែមិនបានគ្រងមកុដចំណាត់ថ្នាក់លេខ១ ប៉ុន្តែចំណាត់ថ្នាក់ដែលលោកទទួលបានដល់ទៅ៣បួនព្រមគ្នានៅក្នុងព្រឹត្តិការណ៍នោះ ក៏មិនធម្មតាផងដែរ ក្នុងការប្រកាសនាយប់ថ្ងៃផ្ដាច់ព្រ័ត្រនោះ។

នៅលើផេកផ្លូវការរបស់ Mister & Miss Asian International 2019 បានបង្ហោះពីការអបអរដល់ បេក្ខភាពកម្ពុជា លោក ឡៅ បញ្ញា ជាច្រើនសន្លឹក ដែលលោកទទួលបានចំណាត់ថ្នាក់ដល់ទៅ៣ម្នាក់គឺ 1st Runner Up ឬហៅថាចំណាត់ថ្នាក់រង(ចំណាត់ថ្នាក់លេខ២) ចំណាត់ថ្នាក់ Best Smile ឬជាបេក្ខជនដែលញញឹមស្រស់ជាងគេ និងចំណាត់ថ្នាក់ 2nd Runner Up Best Physique and 2nd Runner Up Best National Custom ដែលជាចំណាត់ថ្នាក់លេខ៣ខាងផ្នែកគ្រងឈុតសំលៀកបំពាក់បែបប្រពៃណីបានស័ក្ដសមបំផុត។ នៅក្នុងព្រឹត្តិការណ៍នេះ កម្ពុជាមិនបានបញ្ជូនបេក្ខនារីអោយចូលប្រកួតប្រជែងនោះទេ ដោយបានបញ្ជូនតែបុរសដោយសារតែខ្វះការជ្រោមជ្រែងលើកការចំណាយក្នុងការប្រកួតខណៈដែលកញ្ញាឯកផ្នែកនារីបានទៅលើបេក្ខនារីមកពីប្រទេសថៃ លេខ១ផ្នែកបុរសបានទៅលើបេក្ខជនមកពីប្រទេសសិង្ហបុរី។

លោក តូនី ម្ចាស់គ្លីនិកធ្មេញវីលៀម ដែលជាអ្នកចំណាយ និងជ្រោមជ្រែងក្នុងការបញ្ជូនបេក្ខជនឡៅ បញ្ញា អោយចេញប្រកួតបានសម្ដែងការអបអរ បន្ទាប់ពីបេក្ខជនតំណាងអោយកម្ពុជាមួយនេះទទួលបានចំណាត់ថ្នាក់ដល់ទៅ៣ម្នាក់ឯងលើកនេះ។ លោកថាកម្ពុជាមិនចាញ់អ្នកលេខ១ និងបេក្ខជនមកពីប្រទេសផ្សេងនោះទេ ទើបលោកយល់ថានេះគឺជាមូលហេតុដែលគ្លីនីកធ្មេញរបស់លោកនៅតែប្រកាន់ជំហរ បន្តផ្ដល់កញ្ចប់អោយក្រុមហ៊ុនដែលជ្រើសរើស និងបញ្ជូនបុរសឯកពីកម្ពុជាអោយមានលទ្ធភាពបន្តបញ្ជូនបេក្ខជនពីកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ដើម្បីអោយអន្តរជាតិកាន់តែស្គាល់ពីវប្បធម៌ និងពីសមត្ថភាពរបស់តារាខ្មែរ។ លោកថានៅក្នុងបរិបទចុងក្រោយ កម្ពុជាកាន់តែធនធានក្មេងៗស្រស់សង្ហារ និងមានសមត្ថភាព ដែលអាចទៅប្រកួតប្រជែងលើឆាកអន្តរជាតិបានផង ទើបជារឿងគួរអោយស្ដាយបើការប្រកួតបែបនេះ មិនត្រូវបានទទួលការជ្រោមជ្រែង ហើយធ្វើអោយធនធាន និងតំណាងរបស់កម្ពុជាមិនមានឱកាសបង្ហាញសមត្ថភាព។ លោកថាទៅប្រកួតនៅក្នុងប្រទេសគេ កម្ពុជាមិនងាយរំពឹងទទួលបានចំណាត់ថ្នាក់ល្អៗត្រលប់មកវិញនោះទេ ប៉ុន្តែបើការប្រកួតធំមួយនេះ ទទួលបានដល់ទៅចំណាត់ថ្នាក់ដល់ទៅបីបួនម្នាក់ឯងបែបនេះ គឺមានន័យថាបេក្ខជនរបស់កម្ពុជាពិតជាមានសមត្ថភាពមិនធម្មតា ដែលពិបាកអោយគណកម្មការមើលរំលងហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here