តារាចម្រៀងម្នាក់ ចោទ រ៉ាប៊ី ថាលួចសាច់ភ្លេងខ្លួនមកច្រៀង

0

ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលតារាចម្រៀងអាហ្វែមិនទាន់មានឈ្មោះបោះសំឡេងម្នាក់ បានចេញមុខបង្ហោះ និងចោទតារាចម្រៀងកញ្ញា រ៉ាប៊ី ដែលជាតារាចម្រៀងថោន ថាបានលួចសាច់ភ្លេចបទចម្រៀងរបស់ខ្លួន មកច្រៀងធ្វើជាបទOriginal របស់ខ្លួន។ បន្ថែមពីលើការចោទប្រកាន់តារាចម្រៀងដែលអះអាងថា លោករ៉ាប៊ី ចម្លងស្នាដៃរបស់ខ្លួន ប្រកាសទាមទារយុត្តិធម៌ និងថាខ្លួនមិនសុខចិត្តចំពោះករណីដែលបានកើតឡើងនោះផង។

លោក រឿន រតនៈ ហៅ Meetlove បានថ្លែងប្រាប់បន្ទាប់ពីការបង្ហោះចោទតារាចម្រៀង រ៉ាប៊ីថា បទចម្រៀងរបស់កញ្ញារ៉ាប៊ី ក្រោមចំណងជើងថា ម៉ែជេរ គឺជាបទដែលបានច្នៃចេញពី Original របស់ខ្លួន ដែលបានចេញបង្ហោះកាលជិត១ឆ្នាំមុន។ លោកថាបទ«ម៉ែជេរ»របស់រ៉ាប៊ី គឺលំនាំសាច់ភ្លេងតាមបទ«បង Like អូនឯង» និងបទ «អូន Like បងឯង» ដែលលោកបានចំណាយលុយផលិត និងបានចេញច្រៀងជាសំនៀងរបស់ខ្លួន និងអោយដៃគូស្រីមួយរូបទៀតច្រៀង។ ប៉ុន្តែលោកសារភាពថាបទចម្រៀងទាំង២នោះមិនសូវមានអ្នកស្គាល់ប៉ុន្មានទេដោយលោកបានហៅយ៉ាងខ្លីថា ចេញបង្ហោះយូរហើយប៉ុន្តែមិនល្បី។ លោកថាខ្លួនមិនសុខចិត្តទេ ដែលបទ«ម៉ែជេរ»របស់ រ៉ាប៊ី គឺជាបទដែលបានចម្លងសាច់ភ្លេង និងMelody របស់ខ្លួន ខណៈដែលលោកខំចំណាយលុយផលិតអោយប្រាក់យ៉ាងសន្ធឹក ប៉ុន្តែស្រាប់តែមកសាច់ភ្លេងរបស់លោកមកច្នៃ ដោយមិនបានសួរនាំ ឬផ្ដល់ការចចារជាមួយលោកមួយម៉ាត់។ លោកនិយាយថា«ជារឿងអយុត្តិធម៌ណាស់បង ខ្ញុំអ្នកចម្រៀងក្រ ខំសន្សំលុយផលិតបទយ៉ាងលំបាក ហើយស្រាប់តែគាត់មកចម្លងស្រួល បទរបស់គាត់«ម៉ែជេរ»និងបទរបស់ខ្ញុំ គឺ Melody តែមួយទាំងស្រុង»។ លោកនិយាយបន្តថា«ខ្ញុំអ្នកចម្រៀងអត់ល្បី ទោះច្រៀងបទអីក៏ពិបាកល្បីដែរ ប៉ុន្តែគាត់ជាតារាចម្រៀងល្បី ទោះយកបទគេមកច្រៀងក៏ដឹងតែល្បីដែរ មិនស្រួលបើខ្ញុំមិនប្រតិកម្ម គេថាខ្ញុំលួចបទគាត់ទៀត ប៉ុន្តែការពិតបទនឹងខ្ញុំចេញជិត១ឆ្នាំហើយ»។

នៅមិនទាន់ដឹងថាការចោទប្រកាន់របស់លោក Meetlove តើនឹងមានលទ្ធផលបែបណានៅឡើយទេ ក្នុងពេលដែលបទចម្រៀងនោះក្រោយការបង្ហោះប្រៀបធៀប ក៏មានគេចែកចាយ និងអះអាងថា មានទម្រង់សាច់ភ្លេងស្រដៀងគ្នាមែន។ យ៉ាងណាមិញគេជឿជាក់ថា តារាចម្រៀងរ៉ាប៊ី គ្រាន់តែជាអ្នកច្រៀងប៉ុណ្ណោះ ដោយអ្នកទទួលខុសត្រូវទំនងជាអ្នកប្រកាសថាជាអ្នកនិពន្ធបទនេះច្រើនជាង។ លោក Meetlove ប្រកាសថាខ្លួននឹងបន្តទាមទារជាម្ចាស់បទមកវិញ ប្រសិនបើកញ្ញារ៉ាប៊ី និងអ្នកពាក់ព័ន្ធមិនចេញមុខបកស្រាយចំពោះការចម្លងបទរបស់លោកទៅច្នៃជាបទ«ម៉ែជេរ»របស់រ៉ាប៊ី។

មកទល់ពេលនេះ ការចោទប្រកាន់របស់លោក Meetlove កំពុងក្លាយជាប្រធានបទថ្មី ប៉ុន្តែគេនៅចាំមើលថាតើផលិតកម្មថោន និងកញ្ញារ៉ាប៊ី នឹងបកស្រាយបែបណា ដោយមិនទាន់អាចដាក់កំហុសតាមការអះអាងរបស់លោក Meetlove បានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here