ក្នុងចំណោមតារារះថ្មី ហើយមានប្រវត្តិតស៊ូ តារាកំព្រាឪពុក លោក រុន ណាកូ ក៏ត្រូវគេចាត់ទុកជាតារាមួយរូប ដែលមានប្រវត្តិតស៊ូមិនអន់នោះដែរ ដោយសារតែលោកត្រូវគេដឹងថាជានិស្សិតអាហារូបករណ៍ផ្នែកពេទ្យធ្មេញនៅខេត្តកំពតឯណោះ តែដើម្បីការងារសិល្បៈគឺសុខចិត្តជិះម៉ូតូមកថត និងឡើងទៅវិញ កំពតភ្នំពេញ និងភ្នំពេញកំពតយ៉ាងលំបាក ដោយសូម្បីតែការសម្ដែងដែលលោកបានទទួលម្ដងៗ មានកម្រៃសឹងមិនរួចនឹងថ្លៃធ្វើដំណើរ និងការហូបចុកតាមផ្លូវ។ ជាមួយគ្នានោះ លោកក៏ចាប់ផ្ដើមភ័យខ្លួនក្រោយពេលមានមុខជាងមុនផងដែរ ដោយសារតែការប្រលងធំត្រៀមចុះកម្មសិក្សាលើជំនាញពេទ្យធ្មេញក៏ស្ថិតនៅក្នុងកាលៈទេសៈដែលលោកបានសុំច្បាប់ច្រើន។
លោក រុន ណាកូ និយាយថា ប្រមាណជាង១ឆ្នាំតែប៉ុណ្ណោះ ដែលលោកបានប្រឡូកការងារសម្ដែង ហើយលទ្ធផលចុងក្រោយ គឺមានអ្នកទាក់ទងអោយថតស្ពត និងសម្ដែងជាច្រើន ដោយសូម្បីតែការដើរម៉ូដនៅក្នុងកម្មវិធីតូចធំៗ ក៏មានមិនខ្វះ។ ស្ពតផលិតផលដែលលោកបានសម្ដែងរួមមាន ស្ពតប្រេងម៉ាស៊ីន និងស្ពតកាហ្វេជាដើម ដោយកម្រៃខ្លួនក្នុងការចេញថតក៏ខ្ពស់គួរសមដែរ ក្នុងការថតស្ពតទាំងនេះ។ ប៉ុន្តែសម្រាប់ការងារសម្ដែងនៅក្នុងភាពយន្តលោកថាទទួលបានត្រឹមតែកម្រៃមិនចង់រួចខ្លួននោះទេ ខណៈដែលរឿងមួយចំនួន ក៏ត្រូវចាយវាយចូលដើមក្នុងការទទួលថត ព្រោះតែខាងផលិតករស្នើអោយថតក្នុងតម្លៃយោគយល់ៗ។ យ៉ាងណាមិញលោកថាមិនរុញរាទេ ដោយសារទី១លោកស្រឡាញ់សិល្បៈ ទី២លោកមិនចង់បោះបង់ឱកាស និងទី៣ចង់រកកម្រៃរំលែកការលំបាករបស់ម្ដាយដែលជាស្រ្តីមេម៉ាយ ដែលខំរកលុយទាំងលំបាក អោយលោកសិក្សាអាហារូបករណ៍ជំនាញពេទ្យធ្មេញនៅខេត្តកំពត។ លោកថា រាល់ការបង្ហាញមុខក្នុងការសម្ដែងនៅភ្នំពេញម្ដងៗ លោកមិនត្រឹមតែត្រូវបើកម៉ូតូផ្លូវឆ្ងាយរាប់គីឡូដីពីកំពតមកថតប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវសុំច្បាប់នៅខាងមហាវិទ្យាល័យ ដែលមិនងាយនឹងអោយលោកទៅផង។
លោកថាគឺជារឿងលំបាកណាស់ ដែលលោកនៅឆ្ងាយហើយជាប់រៀនផង បែរជាត្រូវបង្ខំចិត្តទទួលការងារសិល្បៈ ក្នុងកម្រៃ តិច ហើយត្រូវធ្វើដំណើរម្នាក់ឯងដោយម៉ូតូទៅមកពីកំពត។ អ្វីដែលលំបាកគ្មានពីរ គឺអំឡុងប៉ុន្មានសប្ដាហ៍នេះ ជាពេលដែលលោកត្រៀមប្រលង និងត្រៀមចុះកម្មសិក្សានៅតាមមន្ទីរពេទ្យខេត្ត ដែលលោកបានសារភាពថាមិនសូវបានរៀនដិតដល់ទេ ព្រោះតែរវល់ថតរឿងភាគរបស់ទូរទស្សន៍នៅប៉ុស្ដិ៍លេខ៥ គឺរឿង«រនាថឯក!»។
លោក រុន ណាកូ និយាយថាលោកជាកូនកំព្រាឪពុក ហើយដោយសារតែលោកក៏មានមហិច្ឆតាចង់ស្វែងរកលុយជំនួសការលំបាករបស់ម្ដាយ និងចង់អោយជោគជ័យក្នុងការងារសិល្បៈផ្ដើមមានសន្ទុះក្នុងពេលការងាររត់រកផង ទើបលោកតស៊ូឡើងចុះកំពតភ្នំពេញៗ ដោយក្នុងពេលខ្លះត្រូវងើបតាំងពីម៉ោង៣ភ្លឺចេញពីកំពត ហើយក្រោយថតចប់ក៏ចេញពីភ្នំពេញទៅវិញទាំងកណ្ដាលយប់ ដើម្បីទៅរៀនអោយទាន់ម៉ោង៧ព្រឹកវិញ កុំអោយប៉ះពាល់ការសិក្សា ដែលកៀកនឹងការប្រលង។
លោកថាចាប់ពីខែ៦តទៅ លោកនឹងត្រូវចុះកម្មសិក្សានៅខេត្តៗកាន់តែឆ្ងាយថែមទៀត ទើបមិនទាន់ដឹងថាឱកាសទទួលការសម្ដែងរបស់លោកនឹងត្រូវបន្ត ឬ ផ្អាកនោះទេ ក្នុងពេលដែលលោកប្រាប់ថាការចុះកម្មសិក្សា មិនអាចសុំច្បាប់ដូចពេលនៅរៀនកន្លងមកបាន៕