ក្នុងភាពយន្តរឿង«ចិញ្ចៀនខ្មោច»របស់ផលិតកម្មLD Picture ដែលបានបើកសម្ពោធនៅផ្សារទំនើបអ៉ីអន កាលពីថ្ងៃទី២៨ ឧសភា អ្នកនាងយក់ ឋិតរដ្ឋា ដែលជាតារាសម្ដែងល្បីឈ្មោះ បានត្រឹមតែតំណែងជាតួម្ដាយនៅក្នុងភាពយន្តខ្នាតធំនោះតែប៉ុណ្ណោះ ដោយអ្នកនាងបានសម្ដែងជាម្ដាយក្មេងស្រីម្នាក់ ហើយសម្បូរនូវឈុតឆាកច្រើនផង ត្រូវថតជាមួយនឹងតួអង្គខ្មោច។ អ្វីដែលគេកត់សម្គាល់គឺអ្នកនាង និងស្វាមី ត្រូវគេឃើញឡើងឈាមចង់ស្ទះនៅក្នុងថ្ងៃនោះ ដោយសារតែត្រូវបានផលិតករជាអ្នកនិពន្ធសាច់រឿងផ្ទាល់សរសើរមិនដាច់ពីមាត់ ដាក់ក្បាលមេក្រូ។
អ្នកនាង យក់ ឋិតរដ្ឋា និយាយថា នេះជាភាពយន្តមួយថ្មីសន្លាង ដែលអ្នកនាងបានសម្ដែងម្ដងទៀត បន្ទាប់ពីអាជីពសម្ដែងត្រូវកប់បាត់ឈឹងតាំងពីអ្នកនាងមិនទាន់មានស្វាមី។ អ្នកនាងថាការសម្ដែងនៅក្នុងផលិតកម្ម LD Picture លើកនេះ គឺអ្នកនាងត្រូវបានផលិតផ្ដល់ឱកាសអោយសម្ដែងជាតួម្ដាយមួយរូប ដោយក្នុងសាច់រឿងតួអង្គស្វាមីរបស់អ្នកនាង ក៏ជាលោកឃុំ ប៉ុណ្ណាដែត ដែលជាស្វាមីនៅក្រៅឆាកតែម្ដង។ អ្នកនាងថា នៅក្នុងផ្ទៃរឿងអ្នកនាងគឺជាគ្រួសារអ្នកមានមួយរូបតែមានកូនស្រី ដែលសម្ដែងដោយកូនស្រីរបស់លោកពែកមី ហើយកូនស្រីនោះត្រូវវិញ្ញាណខ្មោចសណ្ឋិត និងបង្កើតជាបញ្ហារាប់រយជំពូក។ យ៉ាងណាមិញ អ្នកនាងប្រាប់ថាខ្លួនមានអារម្មណ៍ពេញចិត្ត បើទោះជាភាពយន្តដែលគ្រោងលក់សំបុត្រនៅថ្ងៃទី៣១ ឧសភា នេះ តម្រូវអោយអ្នកនាងសម្ដែងជាតួអ្នកម្ដាយ ដែលមានវ័យជ្រេបន្តិច។ អ្នកនាងកាន់តែសប្បាយចិត្តទៅទៀត នៅពេលនាយពែកមី ដែលអ្នកនិពន្ធសាច់រឿង និងជាអ្នកដឹកដោយផ្ទាល់នៅក្នុងភាពយន្តនោះ ប្រកាសដាក់ក្បាលមេក្រូសរសើរអ្នកនាងមិនដាច់ពីមាត់នៅក្នុងម៉ោងសម្ពោធ។
ឮនាយពែកមី និយាយថា លោកសូមសរសើរអ្នកនាង យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ដែលជាតារាគោរពពេលវេលា មិនដែលមកយឺតសូម្បីតែម្ដងក្នុងពេលដែលលោកណាត់ថតនៅក្នុងភាពយន្តមួយនេះ។
លោកបានបន្តថាលោកកាន់តែកោតសរសើរចំពោះប្ដីប្រពន្ធទាំងពីរ នៅពេលដំណើរការរឿងមានការលើសម៉ោង គឺតារាទាំងពីរមិនដែលរអ៊ូរទាំ ហើយសុំទៅមុន ឬមិនថតដូចជាតារាមួយចំនួននោះទេ គឺនៅតែយោគយល់ហើយថតអោយលោករហូតបានចប់ទាំងស្រុង ដោយគ្មានឧបសគ្គ។
លោកពែកមី បន្តថា តារាសម្ដែងគ្រប់រូបសំខាន់ខ្លាំងណាស់ចំពោះពេលវេលា និងការយោគយល់ ព្រោះការដឹកនាំផលិតកុនមួយ មិនអាចគ្រាន់តែកំណត់ពេលវេលាចេញថត និងម៉ោងចប់ ហើយក៏អាចនឹងធ្វើទៅបាននោះទេ ដោយសារតែភាពជាក់ស្ដែងគឺម៉ោងចាប់ផ្ដើមត្រូវស្ទះដោយក្រុមបច្ចេកទេស និងការយឺតយ៉ាវរបស់តួអង្គណាម្នាក់ ក្នុងពេលដែលម៉ោងបញ្ចប់ ក៏អាចនឹងរយាលបើមានតារាថតខុសច្រើន។ លោកថាជារឿងដែលលោកមិនសរសើរមិនបាន ក្នុងពេលដែល អ្នកនាង យក់ ឋិតរដ្ឋា និងស្វាមី បែរជាទៅរត់ចាំតួផ្សេងនៅកន្លែងថតកុនមុនវិញ ដែលហេតុផលបែបនេះ គឺជាគំរូដ៏ល្អ ដែលក្រុមផលិតករចង់បាន ហើយការយោគយល់ក្នុងពេលត្រូវថតបន្ថែមម៉ោង ក៏ជាចំណុចមិនអាចខ្វះបានរបស់តួអង្គគ្រប់រូប។ លោកពែកមី បន្តថា នៅពេលតារាទាំងពីរមានការយោគយល់ដល់ម្លឹង រូបលោក និងក្រុមការងារ មានអារម្មណ៍ខ្លាចចិត្តខ្លាំងណាស់ ទើបលោកប្រកាសសរសើរដល់អ្នកនាង យក់ ឋិតរដ្ឋា និងស្វាមី នៅក្នុងថ្ងៃសម្ពោធរឿង មិនខុសពីធ្វើអោយអ្នកទាំងពីរឡើងឈាមនៅកណ្ដាលពិធី។ អ្នកនាង និងស្វាមី ក៏បានឡើងច្រៀងបទច្រៀងរួមគ្នានៅក្នុងថ្ងៃនោះ អមដោយការសម្ដែងយ៉ាងរ៉ូម៉ាទិចផងដែរ៕