លន់ ស៊ីឡូ នៅតែបន្តបញ្ចេញស្នាដៃ ទាំងរំពឹងតិច

0

មកទល់ពេលនេះតារាចម្រៀងលោក លន់ ស៊ីឡូ នៅតែអះអាងថាមិនស្ទាក់ស្ទើរក្នុងការបញ្ចេញបទថ្មីនោះទេ បើទោះជាតាំងពីបោះជំហានផលិតបទចម្រៀងផ្ទាល់ខ្លួន នៅមិនទាន់អាចអោយលោកកន្ទ្រាក់បានទីផ្សារ និងក្រសោបបានការគាំទ្រតាមអ្វីដែលខ្លួនចង់បាន។ យ៉ាងណាមិញ លោកអះអាងថា ថ្វីដ្បិតតែបទចម្រៀងដែលលោកបានបញ្ចេញទទួលបានការគាំទ្រមិនខ្ពស់ ប៉ុន្តែហោចណាស់ក៏មានអ្នកស្គាល់ច្រើនឡើងថាលោកគឺជាតារាមួយរូបដែលតស៊ូផលិតបទ ដើម្បីរួមចំណែកជួយពង្រិកវិស័យចម្រៀងនោះផងដែរ។

ការលើកឡើងរបស់លោក គឺបន្ទាប់ពីលោកបានបង្ហោះបទ«ចាស់គេថ្មីយើង» ដែលជាបទល្អមួយ ប៉ុន្តែហាក់ទទួលបានការគាំទ្រយឺតៗ បន្ទាប់ពីបទចម្រៀងនេះបង្ហោះផ្លូវការ។ នៅក្នុងសង្គមយូធូប លោកមានទាំំងបទចម្លង និងបទនិពន្ធថ្មីដាក់បង្ហោះ ប៉ុន្តែតារាចម្រៀងរូបនេះទទួលស្គាល់ថាមិនទាន់មានបទណាដែលលោកក្រសោបបានការគាំទ្រអោយដូចនឹងបទចម្រៀងថ្មីៗរបស់តារាចម្រៀងខ្លះនោះទេ ដែលកត្តាមួយនេះ គឺមិនមែនដោយសារតែបទរបស់លោកមានសាច់ភ្លេង និងខ្លឹមសារមិនទាក់ទាញនោះទេ ប៉ុន្តែបណ្ដាលមកពីលោកខ្វះការប្រូម៉ូត ស្របគ្នាដែលលោកក៏គ្មានពេលវេលាដើម្បីរៀបចំខ្លួនឡើងឆាកក្នុងពេលមានការទាក់ទង ហើយដល់ពេលចង់ឡើងក៏ចំពេលទីផ្សារស្ងាត់ទៅវិញ។ លោកថាខ្លួនមិនបាក់ទឹកចិត្តក្នុងពេលខំប្រឹងបញ្ចេញបទ ហើយបែរជាបទទាំងនោះមិនបានផ្ទុះឡើងតាមការចង់បាននោះទេ ផ្ទុយទៅវិញគឺលោកនឹងនៅតែបន្តផលិតបទចម្រៀងថ្មី ដោយរំពឹងថាក្នុងថ្ងៃណាមួយ លោកនឹងមានបទមួយកញ្ឆក់បានទឹកចិត្តអ្នកស្ដាប់ ហើយធ្វើអោយលោកជោគជ័យក្នុងអាជីព។

យ៉ាងណាមិញលោកថាវិស័យសិល្បៈមិនមែនជាអ្វីដែលលោកត្រូវតែឈ្មុសឈ្មុលអោយខានតែបាននោះ ដោយសារតែលោកក៍រវល់នឹងជំនួញបើកបាលក់ក្រឡុក និងជំនួញដីធ្លី ស្ទើរដកឃ្លាមិនរួចដូចគ្នា។

ជាមួយនឹងក្ដីរំពឹងលោក លន់ ស៊ីឡូ បានអះអាងថាសម្រាប់បទចម្រៀង«ចាស់គេថ្មីយើង»ធ្វើអោយលោកសង្ឃឹមច្រើន ដោយសារតែបទមួយនេះ គ្រាន់តែបានបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង ក៏មានអ្នកចូលស្ដាប់ច្រើន ហើយសន្ទុះក្នុងការចែកចាយក៏ខ្ពស់។ បើទោះជាបទមួយនេះ នៅមិនទាន់អាចអោយលោកជឿថានឹងក្លាយជាបទផ្ទុះ ប៉ុន្តែបើធៀបនឹងបទមុនៗ បទចម្រៀងមួយនេះ ហាក់ធ្វើអោយលោកមានកម្លាំងចិត្តជាងមុន។

លោកថាបើបទនេះទទួលបានការគាំទ្រខ្លាំង នោះលោកនឹងចំណាយធនធានផលិតជាMV ដោយនឹងធ្វើសាច់រឿងអោយល្អ បើទោះជាការចំណាយផលិតវីដេអូមួយបទៗ តម្រូវអោយលោកចំណាយខ្ពស់ ស្របគ្នាដែលការចំណាយផលិតហើយនៅមិនទាន់ប្រាកដថានឹងមានការគាំទ្រកម្រិតណា។ លោកថាខ្លួននឹងនៅតែបន្តផលិតបទថ្មីៗ ដោយក្នុងពេលខាងមុខ លោកក៏នឹងស្វះស្វែងរកដៃគូផលិតបទភ្លេង និងនិពន្ធប៉ារ៉ូលអោយខ្លាំង ដើម្បីធ្វើអោយកំរើកទីផ្សារតាមអ្វីដែលលោកចង់បាននៅក្នុងវិស័យចម្រៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here