វត្តគំរូមួយ កំពុងធ្វើឲ្យភ្ញាក់ផ្អើលនឹងគម្រោងសាងសង់បដិមាយក្ស

0

ក្រោយពីមានការបង្ហោះចែកចាយនូវពិទិដ្ឋភាពរបស់វត្តមួយក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវគេស្គាល់ថា ជាវត្តដែលមានផ្ទៃដីធំល្វឹងល្វើយ ហើយត្រូវបានរៀបចំជាទីអារ៉ាមបែបពុទ្ធមណ្ឌល យ៉ាងប្រណិត បានធ្វើអោយទីអារ៉ាមមួយនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងស្រទាប់មហាជន។ អ្វីដែលគេកាន់តែផ្ដោតការចាប់អារម្មណ៍ទៅទៀត គឺទីអារ៉ាមនេះ បានប្រកាសសាងសង់ពុទ្ធបដិមាយក្សកម្ពស់រហូតដល់៨០ម៉ែត្រ ស្របគ្នាដែលគម្រោងនេះ កំពុងត្រូវការការបរិច្ចាគ ដើម្បីអោយពុទ្ធបរិស័ទបានភ្ជាប់និស្ស័យបុណ្យ។

ព្រះតេជគុណ ធម្មាលង្ការោ ចាន់ សុជន មានសង្ឃដីកាថា ដើម្បីអោយវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ស្ថិតនៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅប៉ែកខាងជើងផ្លូវជាតិលេខ៦ (ដោយចូលតាមផ្លូវគ្រួសចម្ងាយប្រមាណជា៧គីឡូម៉ែត្រ) កាន់តែបានបម្រើអោយវិស័យព្រះពុទ្ធសាសនាថែមទៀត ព្រះអង្គបានសម្រេចរូបសំណាកពុទ្ធបរមគ្រូអង្គុយពេនព្រះភ្នែនមួយអង្គកម្ពស់៨០ម៉ែត្រ ដែលជាពុទ្ធបដិមាយក្សធំជាងគេ នៅក្នុងប្រទេសកម្ពុជា។ អង្គបន្តថា ពុទ្ធបដិមាយក្សនេះ បានដំណើរការបុកគ្រឹះ និងសាងសង់ជាបណ្ដើរៗមកហើយ ប៉ុន្តែអ្វីដែលនៅយឺតយ៉ាវ គឺថវិការសម្រាប់សាងសង់ ដោយព្រះអង្គមានសង្ឃដីកាថា ល្បឿននៃការសាងសង់គឺអាស្រ័យលើកម្លាំងសិទ្ធារបស់ពុទ្ធបរិស័ទ និងសប្បុរសជនទាំងស្រុង។ គម្រោងនេះ នឹងធ្វើអោយមានការភ្ញាក់ផ្អើល ប៉ុន្តែក៍ត្រូវព្រះអង្គបារម្ភពីការរាំងស្ទះថវិការដំណើរការផងដែរ ដោយសារតែគម្រោងសាងសង់ព្រះពុទ្ធមួយអង្គធំនេះចំណាយអស់ច្រើន តែសម្រាប់ថវិកាទ្រទ្រង់ គឺមិនទាន់មានគ្រប់ក្នុងដៃ ដែលមានន័យថា បានកម្លាំងសិទ្ធាបន្តិចក៍ដំណើរបន្តិច ដែលធ្វើអោយព្រះអង្គចេះតែបារម្ភ មិនបានសាងសង់រួចរាល់ ឬ អាចរាំងស្ទះកណ្ដាលគម្រោង។ ព្រះអង្គបន្តថា ទីអារ៉ាមនេះ មានផ្ទៃដីសរុបជាង៧ហិកតា ដោយក្នុងផ្ទៃទាំងមូល ត្រូវបានរៀបចំកសាងជាសមិទ្ធផលបម្រើឲ្យព្រះពុទ្ធសាសនាដូចគ្នានឹងពុទ្ធមណ្ឌលធំៗផងដែរ ប៉ុន្តែនឹងធ្វើឲ្យល្អជាង ឲ្យស្អាត ដើម្បីជាប្រយោជន៍សម្រាប់ពុទ្ធបរិស័ទនៅទូទាំងប្រទេស និងអ្នកទេសចរណ៍ អ៊ីចឹងហើយទើបព្រះអង្គបន្តថា បើមានសំណង់ព្រះពុទ្ធបដិមាកម្ពស់៨០ម៉ែត្រត្រូវបាបសាងសង់រួចទៀត នោះទីអារ៉ាមទាំងមូលនឹងកាន់តែប្រសើរសម្រាប់វិស័យព្រះពុទ្ធសាសនា និង វិស័យទេសចរណ៍។ សមិទ្ធផលនៅក្នុងទីអារ៉ាមទាំងមូល សុទ្ធតែបានជំនួយពីសប្បុរសជនក្នុង និងក្រៅស្រុកគ្រប់ទិសទី ដោយក្នុងនោះ នៅលើផ្ទៃដីទាំង៧៥០០០ម៉ែត្រការ៉េរបស់វត្ត គឺមានការស្ថាបនាជាទម្រង់ប្រវត្តិព្រះពុទ្ធ និងជាសមិទ្ធផលសំខាន់ៗផ្សេងៗ ដើម្បីឲ្យទីអារ៉ាមមួយនេះ ក្លាយជាសារមន្ទីរបង្ហាញទម្រង់ក្នុងជំនឿព្រះពុទ្ធធំមួយ និងដើម្បីឲ្យអ្នកចង់បួសរៀន និងចង់បានភាពស្ងប់ស្ងាត់ក្នុងផ្លូវចិត្ត មានកន្លែងមកតាំងសមាធិ។

គួរបញ្ជាក់ផងដែរថា វត្តប្រាសាទស្រះកណ្ដាលខ្ចាស់ បានបង្កើតឡើងកាលពីអំឡុងឆ្នាំ១៩៣៨ តែត្រូវបំផ្លាញក្នុងសម័យ ប៉ុល ពត ហើយបានរៀបចំជាវត្តពេញលេញឡើងវិញ កាលពីឆ្នាំ២០១០ និងចាប់ផ្ដើមកសាងជារមណីយដ្ឋានបម្រើឲ្យព្រះពុទ្ធសាសនា កាលពីអំឡុងឆ្នាំ២០១៣។ មកទល់ពេលនេះ ក្នុងវត្តទាំងមូលមានព្រះសង្ឃគង់នៅសរុបចំនួន១៧៣អង្គ ហើយកំពុងក្លាយជាទីអារ៉ាមគំរូប្រចាំខេត្ត ទាំងការរៀបចំ សមិទ្ធផល និងបរិយាកាស ប៉ុន្តែក៍ប្រឈមនឹងខ្វះជំនួយច្រើន ដោយសារតែព្រះចៅអធិការវត្តមានគម្រោងសាងសង់សមិទ្ធផលធំៗគួរអោយកត់សម្គាល់ នៅក្នុងទីអារ៉ាមទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here