នាយចឺម និយាយពីជំហរដើរចេញពីសាន់ដេ

0

នៅក្នុងរយៈពេលនេះ គេកត់សម្គាល់ថាផលិតកម្មសាន់ដេ មិនសូវបញ្ចេញបទចម្រៀងថ្មីៗដើម្បីអោយតារាចម្រៀងវាយលុកទីផ្សារនោះទេ ទើបធ្វើអោយផ្ទុះដំណឹងជាហូរហែរថាតារាចម្រៀង​មួយចំនួន ​​ចង់​​ដើរចេញ​ពីសាន់ដេចូលផលិតកម្មផ្សេង និងខ្លះថាត្រៀមផលិតបទចម្រៀងផ្ទាល់ខ្លួនជាដើម។ ដូច្នេះហើយទើបមានការលើកឡើងថាតារាចម្រៀងកំពុងឡើងកូដនៅក្នុងពិភពចម្រៀង គឺ នាយចឺម ក៏មានគម្រោងដើរចេញដូចគ្នាផងដែរ ស្របពេលដែលលោកកាន់តែមានសន្ទុះខ្លាំង ​ហើយ​​បទចម្រៀងថ្មី​ៗ​​ក៏រយាលចេញលក់។

តារាចម្រៀងលោក សុខ មេសា ហៅនាយចឺម បានថ្លែងបញ្ជាក់នៅក្នុងឱកាសឡើងឆាក«Carabao TV5 Spark Concert» កាលពីថ្ងៃអាទិត្យទី២៧ ឧសភា ថា លោកមិនមានគម្រោងដើរចេញពីផលិតកម្មសាន់ដេនោះទេ បើទោះជាផលិតកម្មមួយនេះ មានមនុស្សកាន់តែច្រើនបានលើកឡើងថាមិនសូវមានសកម្មភាព​​​​​ធៀប​នឹង​រយៈពេលមុន។ លោកថាតារាណាម្នាក់អន់ចិត្ត​​​​​ចំពោះ​ផលិតកម្មគឺលោកមិនដឹងនោះទេ ​​ ប៉ុន្តែសម្រាប់រូបលោកគឺនៅតែមាន ដោយក្រោយឱកាសបុណ្យចូលឆ្នាំខ្មែរផលិតកម្មមានគម្រោងចេញបទអោយលោកចំនួន៦ទៅ៧បទ នៅមុនដំណាច់ឆ្នាំ២០១៨នេះផង។

ជាក់ស្ដែងផលិតកម្មសាន់ដេ បានបញ្ចេញមួយបទក្រោមចំណងជើងថា«ចង់ក្លាយជាអ្នកចម្រៀង»ដែលបទចម្រៀងនេះ គឺជាការបើកឆាក បន្ទាប់ពីលោកចេញបទ«ហាមលេងជេរម៉ែ»ហើយមានការគាំទ្រខ្លាំង។ នាយចឺម បន្តថា លោកនៅជាប់កុងត្រាជាមួយសាន់ដេចមនួន៣ឆ្នាំមកទល់នឹងក្លាយជាតារាចម្រៀងពេញសិទ្ធិ ប៉ុន្តែបើទោះជាគ្មានកុងត្រាក៏លោកមិនចោលសាន់ដេនោះដែរ គឺមិនខ្វល់ពីការឆ្លេរឆ្លារហក់ចូលផលិតកម្មណាមួយជាដាច់ខាត។

លោកនិយាយថា«សម្រាប់អ្នកណាយល់យ៉ាងមិច ខ្ញុំអត់ខ្វល់ តែសម្រាប់ខ្ញុំនៅសាន់ដេគឺគ្រប់គ្រាន់ ដោយសារសាន់ដេគាត់ផ្ដល់ភាពកក់ក្ដៅអោយរហូត!»។

មកទល់ពេលនេះនាយចឺម នៅតែមិនមានអ្នកនិពន្ធប្រចាំខ្លួនឡើយ ដោយរង់ចាំតែច្រៀងតាមការទម្លាក់របស់ផលិតកម្មតែប៉ុណ្ណោះ ប៉ុន្តែលោកថាផលិតកម្មទាំងមូលនៅតែទម្លាក់បទចម្រៀងអោយលោកបានច្រើន ទើបលោកកក់ក្ដៅ ហើយប្រកាសជំហរនៅប៉ុស្ដិ៍លេខ៥នាថ្ងៃនោះថា ទោះមិនជាប់កុងត្រាក៏មិនរត់ទៅណា។ នាយចឺមត្រូវគេកត់សម្គាល់ថានៅតែឡើងកូដខ្លាំងជាមួយនឹងបទចម្រៀងចាស់ថ្មី ដោយសារតែមានអ្នកគាំទ្រច្រើនមកស្វាគមន៍ដល់ឆាក។ ក្រៅពីច្រៀងបទញាក់ ហើយរាំបានរស់រវើក លោកក៏ច្រៀងបទមនោសញ្ចេតនាបានពីរោះផងដែរ។ នេះជាវត្តមានរបស់លោកជាលើកទី២នៅក្នុងកម្មវិធី«Carabao TV5 Spark Concert»៕