ខ្លាចបះសក់រឿង«អន្ទងវិញ្ញាណ»! កន្ទ្រាក់ខ្លាំងថ្ងៃបើកសម្ពោធ

0

ពិតជាមិនសរសើរមិនបានសម្រាប់សាច់រឿង«អន្ទងវិញ្ញាណ» របស់ផលិតកម្ម Wonderfilm Cambodia ដែលបានបើកសម្ពោធកាលពីល្ងាចថ្ងៃទី២២ មករា នៅផ្សារទំនើបអ៊ីអន២ ខណៈដែលភាពយន្តមួយនេះ ក្រៅពីត្រូវបានគេសរសើរថាមានសាច់រឿងប្លែកប្រទាក់ក្រឡា និងមានប្លង់ល្អ មិនចាញ់ស្នាដៃភាពយន្តបរទេសមួយចំនួន ក៏មានឈុតឆាកភ័យរន្ធត់តាំងពីដើមដល់ចុងបញ្ចប់រឿង។

អ្នកទស្សនាភាគច្រើនសុទ្ធតែលាន់មាត់ថាភាពយន្តនេះនឹងមិនពិបាកស៊ីលុយ បើទោះជាតួឯកស្រី និងផលិតករ ប្រាប់ថាមិនទាន់ហ៊ានសង្ឃឹមច្រើន។

លោក សែម វិសាល ម្ចាស់ផលិតកម្ម Wonderfilm Cambodia បានថ្លែងបញ្ជាក់ថា ការផលិតភាពយន្តរឿង«អន្ទងវិញ្ញាណ»នេះ លោកបានចំណាយអស់ច្រើនជាងរឿងជោគជ័យកន្លងមក ដោយភាពយន្តនេះ ក្រៅពីទៅថតដល់តំបន់សំខាន់ៗឆ្ងាយៗនៅកម្ពុជា ក៏ទៅថតដល់ប្រទេសថៃ ដើម្បីផ្ដិតយកប្លង់ខ្លះយកមកបង្អួតភ្នែកមហាជនផងដែរ។ លោកថាភាពយន្តមួយរឿងនេះ លោកធ្វើក្រាហ្វិកដើម្បីប្រកួតប្រជែងជាមួយភាពយន្តល្អៗក្នុងស្រុក ដោយមានគោលបំណងធំបំផុត គឺចង់នាំចេញក្រៅប្រទេស ជាពិសេសគឺប្រទេសជិតខាង។ លោកកាន់តែសប្បាយចិត្តដែលភាពយន្តមួយនេះ ទទួលបានការសរសើរមិនដាច់ពីមាត់ពីមន្ត្រីជាន់ខ្ពស់របស់នាយកដ្ឋានភាពយន្ត ហើយថែមទាំងត្រូវបណ្ដាអ្នកទស្សនាភាគច្រើននៅថ្ងៃសម្ពោធរឿងសរសើរថាល្អមើលដូចគ្នា ប៉ុន្តែលោកនៅតែមិនទាន់ហ៊ានសង្ឃឹមច្រើន។

លោកថាជោគជ័យក្នុងកម្រិតមួយខ្ពស់ ឬមិនខ្ពស់ គឺលុះត្រាមើលឃើញសន្ទស្សអ្នកទស្សនាចាប់ពីថ្ងៃដាក់បញ្ចាំងលក់សំបុត្រនៅថ្ងៃទី២៤ មករា តទៅថាមានកម្រិតណាសិន ទើបលោកអាចប្រកាសថាជោគជ័យសម្រាប់ស្នាដៃទាំងមូល។ យ៉ាងណាមិញលោកថាភាពយន្តរបស់ខ្លួន គឺរឿង«ស្នូរជើងអ្នកណា» ដែលមានជារឿងឈុតទី១ជាមួយរឿង«អន្ទងវិញ្ញាណ»នេះ បានក្លាយជារឿងដែលកើបចំណូលបានខ្ពស់យ៉ាងខ្លាំង ក្នុងពេលដាក់បញ្ចាំងនៅក្នុងពេលនោះ។

អ្នកនាង លីងលីង តួឯកស្រីក្នុងរឿង«អន្ទងវិញ្ញាណ»បានអះអាងថា អ្នកនាងមិនហ៊ានប្រកាសថាភាពយន្តនេះនឹងជោគជ័យខ្លាំងនោះទេ ប៉ុន្តែអ្នកនាងជឿថាស្នាដៃដែលខ្លួនប្រឹងសម្ដែងនឹងអាចអន្ទងអារម្មណ៍អ្នកទស្សនា អោយចង់ទស្សនាភាពយន្តនេះម្ដងហើយម្ដងទៀតបាន។

អ្នកនាងថានេះជាភាពយន្តដែលអ្នកនាងខំសម្ដែងអស់ពីសមត្ថភាព ខណៈដែលសាច់រឿងដែលស្ដែងពីពីជំនឿ លើវិញ្ញាណ និងលើអភិនិហាផ្សេងៗ ត្រូវបានអ្នកនាងថាពិតជាទាក់ចិត្តអ្នកទស្សនាសម្រាប់ភាពយន្តនេះ។ អ្នកនាងថាអ្នកទស្សនាភាពយន្តខ្មែរហើយថាមើលមិនកើត សូមសាកល្បងទស្សនាភាពយន្តរឿង«អន្ទងវិញ្ញាណ»ម្ដងសិន ដើម្បីអោយបានដឹងថាភាពយន្តខ្មែរ ឈានដល់កម្រិតណា។

នៅក្នុងពិធីសម្ពោធនោះ គេឃើញផលិតករ និងតារាសម្ដែងចូលរួមសម្ពោធយ៉ាងច្រើនកុះករ ខណៈដែលអ្នកចូលរួមភាគច្រើនសុទ្ធតែចូលទស្សនាឡើងណែនពេញរោងដែលបើកទទួលទាំង២ ហើយនៅទស្សនាដល់ចប់ ព្រោះតែសាច់រឿងធ្វើអោយអ្នកទស្សនាដើរចេញមិនរួច ពិសេសគឺឈុតឆាកភ័យរន្ធត់ តាំងពីដើមដល់ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here