ចាត់ទុកថាជាមោទនភាពធំមួយ ដែលក្រុមតន្ត្រីរបស់លោកសូ ស្រណោះ ទទួលបានចំណាត់ថ្នាក់មិនគួរអោយជឿលើឆាកអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកព្យាណូ និងចម្រៀងនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃទី១៩ និង២០ មករាមុននេះ។
ថ្វីដ្បិតតែមិនបានទទួលពានជើងឯកនាំមុនគេសម្រាប់មេដាយមាស ប៉ុន្តែក៏ចាត់ទុកថាជាមោទនភាពដ៍កម្រផងដែរ។
លោក សូ ស្រណោះ បានថ្លែងពីប្រទេសវៀតណាមមកថា ក្រោយបញ្ចប់ការប្រកួតតន្ត្រី និងចម្រៀង Asian Pacific ក្រុមរបស់កម្ពុជា ដែលដឹកនាំដោយសាលាស្រណោះតន្ត្រីរបស់លោក ទទួលបានចំណាត់ថ្នាក់យ៉ាងត្រចះត្រចង់ ដោយទទួលបានមេដាយមាសចំនួន១១ មេដាយប្រាក់២៨ និងមេដាយសំរិទ្ធិ២ ក្នុងចំណោមវិញ្ញាសារដែលកម្ពុជាចូលរួមប្រកួត។
លោកថាក្នុងចំណោម១២ប្រទេសដែលបានចូលរួមប្រកួតប្រជែងកម្ពុជាទទួលបានចំណាត់ថ្នាក់ជើងឯក ឬ Champion លេខ២ បន្ទាប់ពីម្ចាស់ផ្ទះវៀតណាម ដោយសារតែវៀតណាមគេមានមេដាយមាសនាំមុខកម្ពុជា។ យ៉ាងណាមិញ លោកថាបើធៀបនឹងវិញ្ញាសារផ្នែកព្យាណូ គឺក្រុមកម្ពុជាទទួលបានមេដាយមាសច្រើនជាង ទើបលោកបានចាត់ទុកថាកម្ពុជាទទួលបានលទ្ធផលល្អជាង ដោយសារតែវៀតណាមជាម្ចាស់ផ្ទះ គេមានអទិភាព ហើយគេនាំមុខមេដាយមាសលើកក្រុមកម្ពុជាតែលើវិញ្ញាសារជាក្រុម ឬ Band ប៉ុណ្ណោះ។ លោកនិយាយថា «ការប្រកួតនឹងក្រៅពីមេដាយ គេអោយពានជើងឯកលេខ១ និងលេខ២ មួយទៀត សម្រាប់ប្រទេសដែលមានមេដាយមាសសរុបបានច្រើនជាងគេ ហើយក្រុមកម្ពុជាបានចំណាត់ថ្នាក់លេខ២បន្ទាប់ពីម្ចាស់ផ្ទះ ប៉ុន្តែបើគិតលើវិញ្ញសាសព្យាណូដែលខ្ញុំធ្លាប់រំពឹងថានឹងយកពានជើងឯកបាន គឺដូចតែលេខ១ចឹង ព្រោះក្នុងកម្មវិធីនឹងយើងដណ្ដើមបានមេដាយមាសច្រើនជាងគេលើវិញ្ញសារនឹង ហើយប្រទេសទាំំង១២ សូម្បីតែវៀតណាមក៏ភ្ញាក់ផ្អើលចំពោះសមត្ថភាពក្រុមយើង!»។
លោក សូ ស្រណោះ បន្តថា កូនសិស្សពីកម្ពុជាដែលលោកបញ្ជូនទៅមានចំនួន៤០រូប ហើយលោកក៏មិននឹកស្មានថាក្រុមរបស់កម្ពុជាទទួលបានចំណាត់ថ្នាក់ដ៏ល្អបែបហ្នឹងនោះដែរ ជាពិសេសសម្រាប់វិញ្ញាសារព្យាណូ ដែលនៅប្រទេសកម្ពុជាទើបតែមានការកកើតនោះ។ លោកគម្រោងរៀបចំពិធីជប់លៀងធំមួយ ដើម្បីអបអរចំពោះជ័យជម្នះនេះ ដើម្បីបង្ហាញសាធារណមតិអោយបានដឹងថាក្មេងៗរបស់កម្ពុជាដ្បិតតែមានចំណេះដឹងក្មេងខ្ចីធៀបនឹងបរទេស ប៉ុន្តែអាចដណ្ដើមបានចំណាត់ថ្នាក់លេខ២លើឆាកអន្តរជាតិដ៏ធំមួយបាន៕