ខុសពីអ្នកសិល្បៈភាគច្រើន អ៊ឹម ជីវ៉ា កម្របាត់មុខក្នុងពិធីបុណ្យសព

0

ខុសពីតារាសិល្បៈភាគច្រើនដែលមានទំនោរប្រកាន់មិនចូលរួមពិធីបុណ្យសព គេកត់សម្គាល់ថាតារាសម្ដែងលោក អ៊ឹម ជីវ៉ា បែរជាមានវត្តមានមុនគេស្ទើរតែគ្រប់ពិធីបុណ្យសព ជាពិសេសពិធីបុណ្យសពតារាសិល្បៈ ដោយលោកបានទាំងចាត់ទុកថាការបង្ហាញវត្តមានចូលរួមបុណ្យសពមិនមែនជារឿងឡាក់ឆុង ឬនាំស៊យនោះទេ ផ្ទុយទៅវិញគឺជារឿងបានបុណ្យដែលលោកប្រកាសថាត្រូវតែទៅអោយបានឆាប់បំផុត ដើម្បីលើកទឹកចិត្តដល់គ្រួសារសព។

ជាក់ស្ដែងគ្រាន់តែមានការប្រកាសថាអ្នកគ្រូ អ្នកគ្រូ គង់ ណារី ទទួលមរណភាពមិនបានប៉ុន្មានម៉ោងផង គេឃើញតារារូបនេះផុសរូបទៅដល់កន្លែងតម្កល់សពបាត់ទៅហើយ ទើបធ្វើអោយម្នាក់ៗកត់សម្គាល់ថាលោកជាតារាដែលផ្ដល់ការឈឺឆ្អាលមួយយ៉ាងកម្រ សម្រាប់ពិធីបុណ្យសពមិនថាម្ចាស់សពកាលនៅរស់ធ្លាប់មានទំនាក់ទំនងជាមួយលោក ឬមិនមាន។

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលសពអ្នកគ្រូគង់ ណារី ត្រូវបានដឹកយកទៅតម្កល់នៅវត្តកោះកាលពីរសៀលថ្ងៃទី២០ មករា ប៉ុណ្ណោះ គេឃើញតារាសម្ដែងលោក អ៊ឹម ជីវ៉ា ដឹកនាំគ្នីគ្នាទៅថតបង្ហោះបង្ហាញពីវត្តមានរបស់ខ្លួននៅទីតម្កល់សពនោះភ្លាម។ លោកមិនមែនជាតារាតែម្នាក់ ដែលបានទៅដល់កន្លែងតម្កល់សពអ្នកគ្រូគង់ ណារី នៅក្នុងរសៀលថ្ងៃនោះទេដ្បិតមានតារាជាច្រើននាក់ផ្សេងទៀត ក៏បានទៅដល់ដូចគ្នា ដោយគ្រាន់តែវត្តមានរបស់លោក អ៊ឹម ជីវ៉ា ក្នុងពិធីបុណ្យសពពិធីអ្នកគ្រូគង់ ណារី បានធ្វើអោយលោកជាប់ឈ្មោះជាតារាដែលមិនសូវបាត់មុខក្នុងពិធីបុណ្យសពក្នុងចំណោមពិធីបុណ្យសពរបស់តារាសិល្បៈកន្លងមកតាមការកត់សម្គាល់។

មនុស្សជាច្រើនបានកែទស្សនៈថាលោកជាតារាយកមុខយកមាត់ ក្នុងពេលលោកចេញមុខរិះគន់តារាមិនសូវចូលរួមបុណ្យសព ទៅជាសរសើរចំពោះជំហររបស់លោកទៅវិញ បន្ទាប់ពីឃើញវត្តមានរបស់លោកបង្ហាញមុខគ្រប់ពិធីបុណ្យសពក្នុងសន្ទស្សន៍មួយច្រើនជាងគេ បើធៀបនឹងតារាសិល្បៈផ្សេងទៀត។
លោកត្រូវគេចាប់អារម្មណ៍ថា មានសកម្មភាពជិតស្និទ្ធិនឹងពិធីបុណ្យសពខុសពីតារាសិល្បៈដែលបាបបង្ហាញខ្លួនក្នុងពិធីបុណ្យសពរបស់តារាសិល្បៈទាំងឡាយដែលបានចំណាយពេលចូលរួមទាំងឡាយនោះផង ទើបវត្តមានរបស់លោកក្នុងពិធីទុក្ខសោកបែបនេះ ទទួលបានការសរសើរ។ មិនមែនតែនៅភ្នំពេញនោះទេ សូម្បីតែបុណ្យសពរបស់សាច់ញាតិតារាសិល្បៈនៅតាមខេត្ត ដូចជាករណីសពភរិយាលោករិន សាវ៉េត ជាដើម ក៏លោកបង្ហាញខ្លួនចូលរួមមិនគិតថាជិត ឬឆ្ងាយនោះដែរ លើកលែងតែសពនោះទទួលមរណភាពចំពេលលោកឆ្លៀតមិនបាន។

លោក អ៊ឹម ជីវ៉ា បានអះអាងថា លោកក៏មានទំនោរចូលចិត្តពិធីសប្បាយៗមិនខុសពីតារាសិល្បៈភាគច្រើននោះដែរ ប៉ុន្តែបណ្ដាលមកពីលោកធ្លាប់បានបួសរៀនហើយបានដឹងថាអ្នកចូលរួមពិធីបុណ្យសពគឺបានបុណ្យច្រើន និងជាការលើកទឹកចិត្តមួយដ៏ធំដល់គ្រួសារម្ចាស់សពក្នុងពេលមានទុក្ខ ទើបលោករមែងប្រកាន់ជំហរមិនចោលបុណ្យសព ពោលគឺទោះជាគ្មានការអញ្ជើញក៏លោកចូលរួម អោយតែនោះជាសពរបស់តារាសិល្បៈ។ លោកថាខ្លួនមិនជឿរឿងឆុង ឬធ្លាក់យីអ៊ុនព្រោះតែចូលរួមបុណ្យសពនោះទេ ដោយលោកយល់ការប្រកាន់នូវទស្សនៈបែបនោះ ទើបធ្វើអោយពិធីបុណ្យអ្នកខ្លះខ្សត់អ្នកចូលរួម ព្រោះតែរឿងម្នាក់ៗយល់ថាចាំដល់បុណ្យ៧ថ្ងៃទើបទៅកើននោះផង។

គួរបញ្ជាក់ថាអ្នកគ្រូគង់ ណារី បានទទួលមរណភាពកាលពីរសៀលថ្ងៃទី២០ មករា ដោយសពរបស់អ្នកគ្រូកំពុងតម្កល់ធ្វើបុណ្យនៅក្នុងបរិវេណវត្តស្រះចក ហើយប្រកាសបូជានៅយប់ថ្ងៃពុធ ទី២៣ មករានេះ វេលាម៉ោង​​៩៕