ម៉ារ៉ា ប៊ុណ្ណា បង្ហាញមុខភរិយា ក្រោយសែនព្រែនក្ដៅៗ

0

ពិតជាមានការភ្ញាក់ផ្អើលមិនតិចទេ ក្នុងពេលដែលតារាចម្រៀងម្ចាស់បទ«ដីថ្លៃអាល័យស្នេហ៍»ស្រាប់តែធ្វើពិធីបង្ហាញមុខភរិយាយ៉ាងក្រឡឺម កាលយប់ពីថ្ងៃទី១៦ មករា នៅលើស្កាយបាម្ដុំពេទ្យចិន ដោយលោកបានប្រកាសថានោះជាពិធីកាត់ចំណងដៃ បើទោះជាលោកមិនធ្លាប់បានទម្លាយអោយដឹងពីដំណឹងរៀបការ។

លោកថាខ្លួន និងភរិយា ដ្បិតតែមិនបានរៀបការ ប៉ុន្តែកាលពីប៉ុន្មានសប្ដាហ៍មុនលោកនិងភរិយា បានសែនព្រែនចងដៃទទួលស្គាល់គ្នាជាប្ដីប្រពន្ធក្រោមការចាត់ចែងរបស់ឪពុកម្ដាយទាំំងសងខាងរួចហើយ។

លោក ម៉ារ៉ា ប៊ុណ្ណា និយាយថា ទំនាក់ទំនងរវាងលោក និង អ្នកនាង ផុន ដារ៉ានី មិនមែនមួយឆ្នាំ ឬ២ឆ្នាំនោះទេ គឺស្គាល់គ្នាច្រើនឆ្នាំមកហើយ គឺតាំងពីអ្នកនាងនៅធ្វើជាពិធីការិនីនៅប៉ុស្ដិ៍លេខ៥ប្រមាណជា១០ឆ្នាំមុនម្ល៉េះ ដោយគ្រាន់តែទំនាក់ទំនងនាពេលនោះ ស្ថិតក្នុងការរាប់អាននៅឡើយ។

លោកថាទំនាក់ទំនងស្នេហាទើបតែកើតមានឡើង ក្នុងរង្វង់ជាងមួយឆ្នាំចុងក្រោយ ក្រោយពីអ្នកនាង ផុន ដារ៉ានី ក្លាយជាស្រ្តីម៉េម៉ាយស្វាមីទទួលមរណភាព។

លោកថារវាងខ្លួន និងអ្នកនាង អត់បានរៀបការធំដុំនោះទេគឺបានតែសែន ហើយក៏កំណត់យកថ្ងៃ១៦ មករា ជាពិធីកាត់ចំណងដៃ ដោយធ្វើពិធីជប់លៀងទទួលភ្ញៀវតាមបែបអឺរ៉ុបនៅក្នុងហាងផឹកស៊ីស្កាយបា។ លោកថាភរិយារបស់ខ្លួនមានកូនស្រី២នាក់ វ័យ៥ និង៦ឆ្នាំ ហើយអ្នកនាងគឺជាអ្នកលក់ផលិតផលអនឡន និងលក់សាឡន អ៊ីចឹងហើយទើបលោកនឹងត្រូវងាកមកបើកជំនួញរកស៊ីជាមួយភរិយាច្រើនជាងសិល្បៈ ក្នុងពេលខាងមុខ ដើម្បីកសាងជីវភាពគ្រួសារអោយកាន់តែល្អប្រសើរ។ លោកថាអ្នកនាង ផុន ដារ៉ានី មិនហាមប្រាមលោករឿងបន្តអាជីពចម្រៀង និងសម្ដែងនោះទេ ប៉ុន្តែលោកនឹងដាក់សម្ពាធរយាលខ្លួនឯង ដោយទទួលថត និងច្រៀងតែក្នុងកាលៈទេសៈដែលការងារត្រូវជួយភរិយាអាចដកឃ្លាបានប៉ុណ្ណោះ។

តារាសិល្បៈដែលបានចូលរួមអបអរដល់ចំណងស្នេហ៍របស់លោក ម៉ារ៉ា ប៊ុណ្ណា សុទ្ធតែបានសរសើរថាលោកសំណាងដែលរកបាននារីស្រស់ស្អាត និងឆ្លាតក្នុងមុខជំនួញធ្វើជាភរិយា បើទោះជាអ្នកនាងមានវ័យច្រើនបន្តិច។ លោក ម៉ានុត អតីតអ្នកដឹកនាំតួប្រចាំផលិតកម្មរ៉េតភិជឆ័រ បានអះអាងថា លោក ម៉ារ៉ា ប៊ុណ្ណា ស្រឡាញ់ភរិយាដែលទើបសែនព្រែនឆ្ងាយណាស់ ដោយលោកបានទាំំងសម្គាល់ថាតាំងពីស្គាល់អ្នកនាងមក គឺលោកកាត់ចោលភាពខូចខិលដែលធ្លាប់តែមាននោះផង។ នៅក្នុងពិធីនោះ លោកថាបានអញ្ជើញភ្ញៀវជាង១០០នាក់ ដោយតារាសិល្បៈដែលបានបង្ហាញខ្លួនក៏មានចំនួនច្រើនដែរ ដូចជាលោកសាវិន ហ្វីលីព លោកម៉ានុត រាជ លោកស៊ុម ស៊ីថា និង ឌីជេកណ្ដុរជាដើម។