នៅលើហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃ រូបភាពសម័យកាលមួយរបស់ អ្នកឯកទេសផាត់មុខកូនក្រមុំ នៅខេត្តសៀមរាប ដែលត្រូវគេស្គាល់ថាតារាថតម៉ូដម្នាក់ផង លោក សំ សុគន្ធារ៉ា ហៅ ភារ៉ាវ៉ាត់ តាវ៉ាន់ ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោកបាននាំអារម្មណ៍មហាជនអោយងាកទៅកាន់អតីតកាលគឺ សម័យកាលហ្លួងព្រះស៊ីសុវត្ថិ នៅក្នុងសម័យបារាំង។
លោកមិនត្រឹមតែបង្អួតសម្រស់តែម្នាក់ឯងដើម្បីបង្ហាញពីទិដ្ឋភាពក្នុងសម័យកាលនោះពីខ្លួនឯងប៉ុណ្ណោះទេ ពោលគឺនាំក្រុមការងារជាច្រើននាក់ អោយឆ្លុះបញ្ចាំងពីសម័យមួយ ហើយបង្ហោះនៅលើប្រព័ន្ធហ្វេសប៊ុក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញ លោកមិនមែនជាតារាទី១ដែលបានរំលេចសម័យកាលទាំង២នោះទេ ដោយគ្រាន់តែការរំលេចរបស់លោកមានលក្ខណៈជាក្រុម ហើយសំលៀកបំពាក់ដែលក្រុមលោករំលេចក៏មានរចនាបទត្រូវនឹងសម័យកាលនោះ។
អ្នកលេងសង្គមហ្វេសប៊ុក កំពុងមានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះសកម្មភាពរបស់ លោក ភារ៉ាវ៉ាត់ តាវ៉ាន់ បន្ទាប់ពីលោកបង្ហោះទិដ្ឋភាពក្នុងសម័យហ្លួងព្រះស៊ីសុវត្ថិ ក្នុងសម័យបារាំងស៊ុហ្វ ហើយធ្វើអោយម្នាក់ៗកោតសរសើរមិនដាច់ពីមាត់។
រូបថតជាច្រើនសន្លឹករបស់លោក មិនត្រឹមតែធ្វើអោយអ្នកលេងហ្វេសប៊ុកសាមញ្ញៗផ្ដោតការចាប់អារម្មណ៍ប៉ុណ្ណោះទេ សូម្បីតែផលិតករជាច្រើនរូបក៏ចោទសួរថាលោកគឺជាតារាមកពីណា និងចង់ទំនាក់ទំនងអោយបានថតភាពយន្តផងដែរ។ លោក កែវ រតនា ផលិតករភាពយន្តរឿង«រនាថឯក»បានហៅសកម្មភាពរបស់លោកថាជាទម្រង់សិល្បៈគួរអោយសរសើរ និងថាចង់អោយលោកមកថតរឿងអោយ។
មិនតែប៉ុណ្ណោះ អ្នកលេងហ្វេសប៊ុកភាគច្រើន ក៏បានចែកចាយរូបភាពរបស់លោក អមដោយការសរសើរទឹកចិត្ត ដែលលោកបានរួមចំណែកធ្វើអោយសំលៀកបំពាក់សម័យបុរាណក្នុងដំណាក់កាលនោះ មានការទាក់ភ្នែកជាថ្មី ដែលធ្វើអោយម្នាក់ៗនឹកដល់សម័យហ្លួងព្រះស៊ីសុវត្ថិ និងឈុតចម្លងតាមវប្បធម៌បារាំង ដែលមនុស្សសម័យបច្ចុប្បន្នកម្រឃើញ។
លោក ភារ៉ាវ៉ាត់ តាវ៉ាន់ និយាយថាលោកគឺជាបុគ្គលដែលស្រឡាញ់ឈុតក្នុងសម័យកាលនោះណាស់ ទើបលោកចំណាយទាំងពេលវេលា និងថវិកាផ្ទាល់ខ្លួន ហើយបបួលមិត្តភក្តិ និងតារាសិល្បៈជាច្រើននាក់អោយរួមគ្នាថតបែបនោះ។ ជាក់ស្ដែងសូម្បីតែក្នុងពិធីខួបកំណើតរបស់លោក នៅថ្ងៃទី៤ ខែ៦ នៅខេត្តសៀមរាបខាងមុខ ក៏លោកនឹងរំលេចឈុតប្រភេទនេះដែរ ដើម្បីជាការលើកស្ទួយនៅសំលៀកបំពាក់ខ្មែរក្នុងសម័យអតីតកាល អោយភ្ញៀវកិត្តិយសបានឃើញជាថ្មី៕