សាកលវិទ្យាល័យ CUS ប្រារព្ធសង្រ្កាន្តឆ្នាំថ្មីអមដោយបាឋកថា និង វេទិកាពិភាក្សា

0

កាលពីថ្ងៃទី៣ ទី៤ និង ទី៥ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យ CUS បានប្រារព្ធសង្រ្កាន្តឆ្នាំថ្មីយ៉ាងអធឹកអធម អមដោយបាឋកថា និងវេទិកាពិភាក្សាអំពី “សមត្ថភាពយុវជនក្នុងសង្គមសេដ្ឋកិច្ចឌីជីថលស្របតាមគន្លងព្រះពុទ្ធសាសនា”
សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS បានប្រារព្ធពិធីចម្រើនព្រះបរិត្តឡើងអគារថ្មីស្ថិតនៅជិតផ្សារទំនើបអ៊ីអន២។

ពិធីនោះក៏មានការនិមន្តនិងចូលរួមជាអធិបតីប្រោះព្រំសិរីសួស្តីដោយ សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន សម្តេចព្រះសង្ឈនាយករងទី៣ និងសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រមទាំងស្ថាបនិក គណៈគ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងភ្ញៀវកិត្តិយសជាច្រើនទៀត។ អគារថ្មីនេះមានផ្ទៃក្រឡាសំណង់សរុបជាង៣ម៉ឺនម៉ែត្រការ៉េ ដែលបានបំពាក់ដោយសម្ភារ បរិក្ខា បច្ចេកវិទ្យាទំនើបនិងមានសមត្ថភាពបណ្តុះបណ្តាលស្រាវជ្រាវ កសាងមូលធនមនុស្សបានកាន់តែច្រើនសម្បូរបែបប្រកបដោយគុណភាព សមត្ថភាពជំនាញ និងគុណតម្លៃឆ្នើមសំដៅឆ្ពោះទៅកាន់សង្គមសេដ្ឋកិច្ចឌីជីថលប្រកបដោយវឌ្ឍនភាព វិបុលភាព និងភាពសុខដុមរមនា។

សម្រាប់មូលបទ “ការកសាងមូលធនមនុស្សតាមគន្លងព្រះពុទ្ធសាសនា” ដែលមានការនិមន្តជាព្រះវាគ្មិនកិត្តិយសដោយ សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ព្រះអគ្គលេខាធិការរងថេរសភានៃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្យកម្ពុជា និងវាគ្មិនកិត្តិយស ឯកឧត្តមសាស្រ្តាចារ្យ ហោ ប៊ុនឡេង ដោយមានការសម្របសម្រួលកម្មវិធីដោយ ឯកឧត្តម អ៊ឹម វុត្ថា។ អង្គពិធីទាំងមូលទទួលបានចំណេះដឹងយ៉ាងជ្រាលជ្រៅពាក់ព័ន្ធនឹង “ការកសាងអភិវឌ្ឍខ្លួន តាមគន្លងព្រះពុទ្ធសាសនា” និង“វិទ្យាសាស្រ្តកសាងមូលធនមនុស្ស” ហើយអត្ថន័យទាំងពីរបានតភ្ជាប់គ្នាទៅជាមូលបទមួយដ៏មានសារសំខាន់សម្រាប់យុវជនកសាងអភិវឌ្ឍខ្លួនឱ្យក្លាយជាមូលធនមនុស្សដ៏ល្អសម្រាប់ជាតិមាតុភូមិនា ពេលអនាគត។

សម្រាប់មូលបទ “សមត្ថភាពយុវជនក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល” ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានសម្របសម្រួលដឹកនាំវេទិកា ដោយមានការចូលរួមជាវាគ្មិនកិត្តិយសពី ឯកឧត្តមបណ្ឌិត តាំង ហុងលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម អ៊ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងកញ្ញា ថូ ម៉ូរីហ្សា បុគ្គលិកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលកម្ពុជា៤.០។ អង្គវេទិកាក៏បានទទួលនូវសំណួរនិងធាតុចូលល្អៗជាច្រើនដែលមានគុណប្រយោជន៍ដល់ការកសាងសមត្ថភាពយុវជន ឆ្ពោះទៅកាន់យុគសម័យបច្ចេកវិទ្យាឌីជីថល។

ជារួមវេទិកាពិភាក្សារកបានរបកគំហើញជាអាទិ៍ អ្វីទៅជាយុគសម័យបច្ចេកវិទ្យាឌីជីថល? អ្វីទៅសមត្ថភាពរបស់យុវជនក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល បញ្ហាប្រឈម ដំណោះស្រាយគន្លឹះ ប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាដល់យុវជនក្នុងការសិក្សា បង្កើតការងារ ផ្សារភ្ជាប់ទំនាក់ទំនង អភិវឌ្ឍន៍ជំនាញផ្ទាល់ខ្លួន ជួយក្នុងជីវិតប្រចាំថ្ងៃ និងក្រមសីលធម៌ក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រយោជន៍  និងបានលើកជាអនុសាសន៍សំខាន់ៗដល់យុវជនចំនួន៨ចំណុចដូចជារៀនជំនាញឌីជិថលជាប្រចាំ គិត វិភាគមិនមែនត្រឹមតែប្រើ គ្រប់គ្រងពេលវេលាក្នុងការប្រើ បង្កើតមិនមែនត្រឹមតែប្រើ បង្កើតកិច្ចបណ្តាញទំនាក់ទំនង រក្សាសុវត្ថិភាពឌីជីថល មានចក្ខុវិស័យអន្តរជាតិ និងប្រើប្រាស់បច្ចេកវិទ្យាដោយមានសីលធម៌ ដើម្បីជាមូលដ្ឋាននិងត្រីវិស័យឆ្ពោះទៅរកការពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការសម្របខ្លួនទៅនឹងយុគសម័យ ដ៏ទំនើបនេះ។

គួរបញ្ជាក់ថារយៈពេលជាង២៤ឆ្នាំមកនេះ មាននិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា,CUS ចំនួនជាងប្រាំម៉ឺននាក់រួចហើយដែលកំពុងបំពេញការងារនិងមុខរបរបានល្អប្រសើរនៅទូទាំង ប្រទេសទាំងក្នុងជួររាជការ និងផ្នែកឯកជន បច្ចុប្បន្នមាននិស្សិតជិត២ម៉ឺនទៀតបាននិងកំពុងសិក្សាជំនាញសំខាន់ៗ សម្បូរការងារធ្វើនៅតាមមហាវិទ្យាល័យចំនួន៦គឺ៖ មហាវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច មហាវិទ្យាល័យនីតិសាស្រ្ត មហាវិទ្យាល័យវិទ្យាសាស្រ្តនិងព័ត៌មានវិទ្យា មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងភាសាបរទេស មហាវិទ្យាល័យវិទ្យា សាស្រ្តកសិកម្មនិងឧស្សាហកម្មចំណីអាហារ និងមហាវិទ្យាល័យវិស្វកម្ម នៅទីតាំងគោលរាជធានីភ្នំពេញ និងសាខាទាំង៦នៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។

តាមរយៈទិសដៅយុទ្ធសាស្ត្រ និងការអភិវឌ្ឍថ្មីគ្រប់សមាសធាតុនៃប្រព័ន្ធតួអង្គរបស់ខ្លួន សាកលវិទ្យាល័យសន្យានិងប្តេជ្ញាចិត្តថា នឹងផ្តល់នូវការបណ្តុះបណ្តាល ស្រាវជ្រាវដល់និស្សិតរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ មានសមត្ថភាពជំនាញឆ្នើមនិងគុណតម្លៃល្អប្រពៃដើម្បីក្លាយជាមូលធនមនុស្សខ្លាំងពូកែ និងជោគជ័យសម្រាប់សង្គមសេដ្ឋកិច្ចឌីជីថលកម្ពុជានាពេលអនាគត.!។