មើលហើយមានក្ដីសុខជំនួស គ្រួសារម្ចាស់ប្រេន HK7 អ្នកស្រី អ៉ឹម សុគន្ធា សម្រេចបំណងយកកូនប្រុសពៅ បានជោគជ័យ

0

បន្ទាប់ពីបរាជ័យក្នុងការពពោះកាលពីកំឡុងចុងឆ្នាំ 2024 ដោយសារបញ្ហាសុខភាពម្ដងរួចមកហើយ តែដំណឹងល្អក៏បានលេចរូបរាងជាថ្មីម្ដងទៀតដោយអ្នកស្រី អ៉ឹម សុគន្ធា អគ្គនាយិការក្រុមហ៊ុនគ្រឿងសម្អាងម៉ាកល្បី HK7 បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និង ចូលរួមអបអរសាទរយ៉ាងច្រើនចំពោះសមាជិកថ្មីកូនប្រុសដែលទើបតែសម្រាល កាលពីព្រឹកថ្ងៃទី 12 ខែ កុម្ភៈ ឆ្នាំ 2026 នេះ។

កូនប្រុសឈ្មោះ យុទ្ធិ វង្សវីនស៊ុន ដែលទើបតែសម្រាលត្រូវបានប្ដីប្រពន្ធអ្នកទាំងពីរហៅថាជាកូនប្រុសពៅ ដែលនេះជាសញ្ញាបញ្ជាក់ថាអ្នកស្រី អ៉ឹម សុគន្ធា លែងពពោះជាថ្មីម្ដងទៀតហើយខណៈបច្ចុប្បន្នអ្នកស្រីទទួលបានបុត្រធីតាចំនួន3នាក់តាមគោលបំណង ដែលអ្នកស្រី និង ស្វាមីធ្លាប់បានបង្ហើបប្រាប់ ដោយសារតែអ្នកស្រីក៏មានវ័យច្រើនណាស់ទៅហើយដែរ។

ក្រឡេកមកមើលស្វាមីលោក រ៉ាយុទ្ធ ហាក់បង្ហាញក្ដីរីករាយ និង សាទរយ៉ាងកក់ក្ដៅចំពោះវត្តមានកូនប្រុសពៅ ដូចទៅនឹងសម្ដីរបស់ភរិយាធ្លាប់ប្រាប់ថាស្វាមីរបស់អ្នកស្រីពិតជាស្រឡាញ់កូនណាស់ដោយសព្វថ្ងៃកូនៗទាំងប្រុសទាំងស្រីគឺទទួលបានការមើលថែរ ស្និទស្នាល យកចិត្តទុកដាក់ពីសំណាក់ស្វាមីច្រើនជាងខ្លួនដែលជាម្ដាយទៅទៀត ដោយសារខ្លួនមានការរវល់ ហេតុដូចនេះហើយទើបអ្នកស្រីមិនហត់នឿយក្នុងការពពោះដើម្បីសម្រេចបំណងស្វាមីយកកូនពៅម្នាក់បន្ថែមទៀតសមតាមការចង់បាន។

អ្វីដែលមហាជនមើលឃើញខណៈក្នុងកំឡូងពេលពពោះអ្នកស្រីក៏ទទួលបានការមើលថែរ ថ្នាក់ថ្នមយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោក គង់ សុខហេង ហៅ រ៉ាយុទ្ធ ដែលជាឧត្តមស្វាមីថែមទៀតផង។ មិនតែប៉ុណ្នោះបើនិយាយពីសម្រស់អ្នកម្ដាយសម័យថ្មីរូបនេះនៅតែឆ្វាចមិនចាញ់ក្រមុំៗទោះស្ថិតក្នុងកាលៈទេសៈពពោះក៏ដោយ។

ថ្វីបើមុនពេលអ្នកស្រីសម្រេចប្រកាសថាខ្លួនជោគជ័យក្នុងការពពោះជាថ្មីម្ដងទៀត រហូតដល់កៀកនឹងសម្រាលកូនក្ដី គេឃើញអ្នកស្រីហាក់មមាញឹកទាំងក្នុងការផ្លាស់ប្ដូររោងចក្រផលិតគ្រឿងសម្អាងដែលជាបហរេនផ្ទាល់ខ្លួនដែលធ្លាប់ផលិតនៅក្នុងប្រទេសសៀម និង ការចុះជួយសង្គមក្នុងកំឡុងពេលប្រទេសជាតិកំពុងមានបញ្ហា មិនថាមូលនិធិផ្ទាល់ខ្លួន ឬ តាមរយៈសប្បុរសជនណាឡើយគេរមែងឃើញមានវត្តមានអ្នកស្រីជាមួយនឹងកូនក្នុងផ្ទៃសស្រាក់សស្រាំមិនបាត់មុខ ដែលជាផលបុណ្យជម្រុញឱ្យសុខភាពទាំងម្ដាយទាំងកូនមានភាពរឹងមាំ និង ឈានដល់ការសម្រាលដោយរលូនគួរឱ្យសារទរ។