
ក្រោយពីចាកឆ្ងាយស្រុកអស់ច្រើនឆ្នាំ កាលពីថ្ងៃទី១ មករា ឆ្នាំ២០២៦ តារាសម្ដែងជើងចាស់ អ្នកនាង ដួង តារារាសី បានមកដល់ប្រទេសកម្ពុជាហើយ ដោយអ្នកនាង គម្រោងនឹងចុះមកដើម្បីនាំយកស្បៀង និង ជំនួយមួយចំនួនទៅជួយដល់ជនភៀសសឹក និង កងទ័ពជួរមុខក្នុងនាមជាខ្មែរដែលជួយឈឺឆ្អាលដល់ខ្មែរដូចគ្នា។ អ្នកនាងក៏នឹងមានគម្រោងជួបជុំមិត្តចាស់ៗ ដូចជា អ្នកនាង ចាន់ តារាទី.អ្នកនាង ហ៊ឹម ស៊ីវន. អ្នកនាង កែវ កល្យាណ .លោក ទេព រិន្ទដារ៉ូ .នាយក្រឹម អ្នកនាង ឯក អមរា. និង អតីតតារារួមជំនាន់ដែលនៅស្រុកខ្មែរផ្សេងទៀតផងដែរ បហរសិនបើអាចមានពេល។
អ្នកនាងគឺជាអតីតតួឯកស្រី ដែលមានស្នាដៃរាប់មិនអស់ក្នុងបទចម្រៀងខារ៉ាអូខេ និង ភាពយន្តខ្មែរប្រមាណ២០រឿង មុនពេលបាត់មុខ។ អ្នកនាង គឺជាដៃគូសម្ដែង ជាមួយអ្នកនាង អម្ពរ ទេវី អ្នកនាង សុខ ស្រីមុំ និង អ្នកនាង ពិសិដ្ឋ ពិលិកា ក្នុងពេលឡើងកូដផងដែរ ដូច្នេះហើយទើបវត្តមានមកលេងស្រុករបស់អ្នកនាង ត្រូវបានអ្នកសិល្បៈ និង ហ្វេនៗចាប់អារម្មណ៏ភាគច្រើន ស្របពេលដែលអ្នកនាង ក៏ប្រកាសទទួលសម្ដែងបើមានពេល និង ហ៊ានចុះមកលេងស្រុកក្នុងពេលថៃឈ្លានពានកម្ពុជាដោយប្រដាប់អាវុធបែបនេះ។
អ្នកនាងថា គ្មានអារម្មណ៍ភិតភ័យពេលឮថាកម្ពុជាមានការឈ្លានពាននោះទេ ផ្ទុយទៅវិញអ្នកនាងមានតែសប្បាយ និង រំភើបចិត្តពេលបានមកដល់ទឹកដីកំណើត ហើយអ្នកនាងក៏ត្រៀមខ្លួនទៅជួបបងប្អូនកងទ័ព និង បងប្អូនជនភៀសសឹកនៅតាមតំបន់ព្រំដែនដោយមិនញញើតផងដែរ ដើម្បីបានឃើញដោយផ្ទាល់ពីសុខទុក្ខរបស់បងប្អូនខ្មែរ ដែលកំពុងទទួលរងការឈ្លានពានពីប្រទេសសៀមនៅក្នុងពេលនេះ។


















