ផលិតករភាពយន្ត « ផ្លូវងងឹត » ខកចិត្តក្រោយសម្ភោធរឿងចំថ្ងៃ ថៃវាយប្រហារកម្ពុជា

0

កាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៥ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស និង ជាផលិតករភាពយន្តរឿង ផ្លូវងងឹត បានបង្ហាញពីការខកចិត្ត ដែលភាពយន្តរបស់ខ្លួន ត្រូវបានដាក់សម្ពោធចំថ្ងៃដែលកងទ័ពថៃ បើកការវាយប្រហារមកលើកម្ពុជានៅតាមតំបន់ព្រំដែនសារជាថ្មី ។

លោកបានហៅស្ថានភាពនេះថាជារឿងដ៏អាក្រក់ ហើយក៏ធ្វើអោយប៉ះពាល់ដល់ដំណើរការក្នុងការដាក់បញ្ចាំងភាពយន្តរបស់លោកផងដែរ ស្របពេលដែលភាពយន្តរឿង ផ្លូវងងឹត គឺជាស្នាដៃដែលលោកបានបោះទុនច្រើន និង ជាភាពយន្តដែលលោកបានចាត់ទុកថាគឺជាភាពយន្តដែលអាចឆក់យកបេះដូងអ្នកគាំទ្របានកម្រិតខ្ពស់ តែបែរជាប៉ះជាមួយនឹងបរិយាកាសដែលប្រទេសទាំងមូលត្រូវបានបរទេសធ្វើការឈ្លានពាន ដែលធ្វើឱ្យលោកពិបាកនឹងទទួលយក ថែមទាំងមានអារម្មណ៍មិនស្ងប់ខ្លោចចិត្តចំពោះការពលីរបស់ទាហ៊ានខ្មែរជួរមុខ និង សុខទុក្ខប្រជាពលរដ្ឋដែលកំពុងភៀសសឹកជាថ្មីម្ដងទៀតផងដែរ។

លោកថាបើអាចពន្យារពេលដាក់បញ្ចាំងបានគឺពិតជាសម្រេចលើកពេលប៉ុន្តែមកពីនេះគឺជាគោលការណ៍ដែលបានសម្រេចជាមួយរោងកុនរួចហើយ ហើយម្យ៉ាងបើលោកសម្រេចចិត្តលើកពេលគឺនឹងខាតបង់លើការត្រៀមទុកផ្សេងៗច្រើន ក៏ដូចជាពិបាកនឹងរកថ្ងៃដាក់ក្នុងរោងជាថ្មី ទើបលោកបង្ខំចិត្តដាក់បញ្ចាំងក្នុងភាពប្រថុយប្រថាន។ លោក អ៊ិន សុភិន និយាយថា ទម្រាំតែបានថ្ងៃបញ្ចាំងគ្រប់រោង ភាពយន្តនីមួយៗត្រូវការឆ្លងជាមួយបណ្ដាញរោងកុនយូរណាស់ ហើយមកពីខាងរោងកុនក៏សុទ្ធតែជាប់កុងត្រាជាមួយភាពយន្តផ្សេងៗ ដែលពិបាកអោយយើងកំណត់ថ្ងៃដាក់រោងបានជាថ្មី ទើបលោកមិនអាចលើកថ្ងៃបាន។

ជាថ្មីម្ដងទៀត លោកក៏ចូលរួមរំលែកទុក្ខដល់គ្រួសាររបស់យុទ្ធជនពលី ដែលបានការពារទឹកដី និង សោកស្ដាយចំពោះការបាត់បង់ជីវិតដ៏មានតម្លៃរបស់បងប្អូនប្រជាជាតិខ្មែរដែលទទួលរងផលប៉ះពាល់ពីសំណាក់សង្គ្រាមឈ្លានពានរបស់ជនជាតិសៀម។ យ៉ាងណាមិញលោកថាខ្លួននឹងទទួលយកលទ្ធផល ដោយយ៉ាងហោចណាស់ ក៏អាចបញ្ចេញភាពយន្តដែលកប់ទុកយូរនេះ អោយមានវត្តមាននៅលើទីផ្សារផងដែរ។ មួយរឿងនេះលោកថាខ្លួនបោះទុនខ្ពស់ ព្រោះតួក៏ច្រើន ហើយសុទ្ធតួល្បីៗស៊ីថ្លៃខ្ពស់ ហើយស្តង់ដារផលិតក៏ខុសពីរឿងមុនៗ ដែលអាចនិយាយបានថា មានកម្រិតមិនចាញ់ការផលិតរបស់បរទេស។

នេះជារឿងបែបភ័យរន្ធត់ និង បង្ហាញពីការច្រណែនឈ្នានីសអំពើអំព័ន្ធ ដែលសូម្បីតែលោកខ្លួនឯងក៏មានមោទនភាព នៅពេលអ្នកបានទស្សនាក្នុងថ្ងៃសម្ពោធសរសើរថាមួយរឿងនេះល្អមើល។ ថ្វីត្បិតតែក្នុងថ្ងៃសម្ពោធមានវត្តមានភ្ញៀវកិត្តិយស និង តារាសិល្បករកុះករ ប៉ុន្តែលោកថាតួសម្ដែងដែលបានចូលរួមមានចំនួនតិចនាក់ប៉ុណ្ណោះ។ ក្រោយការបើកសម្ពោធលោកថា ការលក់សំបុត្រផ្លូវការនឹងចាប់ពីថ្ងៃទី១១ ខែធ្នូ តទៅ ដោយអ្នកនិយមភាពយន្តរន្ធត់ៗ និង បែបកំប្លែង អាចទៅទស្សនាគ្រប់រោង ទាំងខេត្ត និង នៅរាជធានីភ្នំពេញបាន។