
កាលពីថ្ងៃទី 23 ខែ តុលា ឆ្នាំ 2025 មុននេះ ក្រុមហ៊ុន Cambodia International Models ដែលមានលោក ម៉ែន និមលរតន៍ ជានាយកគ្រប់គ្រងបានប្រារព្ធធ្វើកម្មវិធីប្រកាសតែងតាំងម្ចាស់តំណែងធំៗចំនួន៤ កម្មវិធីផ្សេងៗគ្នា ដែលត្រៀមនឹងតំណាងឱ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ នាពេលឆាប់ខាងមុខនេះ ក្រោមការរៀបចំ ជ្រោមជ្រែងពេញទំហឹងពីសំណាក់លោកឧកញ៉ា ចិន សំណាង CEO of CSNJ។
នៅក្នុងកម្មវិធីនៃការចាត់តាំង និង បំពាក់មកុដពេជ្រជូនបវរកញ្ញា ៣រូប និង បុរសឯកចំនួន៣រូបផងឱ្យក្លាយជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិក្នុងនោះគេឃើញបវរកញ្ញា ខន សូរិយា ទទួលបានតំណែងជា Miss World Cambodia2026,
បវរកញ្ញា សូរពេជ្រវលក្ខណ៍ តំណែងជា Miss International Cambodia 2025,
បវរកញ្ញា ហ៊ែល សារភាលី ទទួលតំណែងជា Miss CosmoWorldCambodia 2025
និង បុរសឯក ១រូប គឺ លោក ជា រ៉ាយម៉ុន ទទួលបានតំណែងជា Mr World Cambodia 2025ដោយអ្នកទាំង៤ កំពុងតែមានកាតព្វកិច្ចនាំយកទង់ជាតិព្រះរាជាណាចក្រកម្ពុជាទៅប្រកួតកម្មវិធីអន្តរក្នុងពេលដ៏ខ្លីខាងមុខ។

ថ្នាក់ដឹកនាំនៃកម្មវិធីលោក ម៉ែន និមលរតន៍ បានមានប្រសាន៍នៅក្នុងថ្ងៃសន្និសីទសារព័ត៌មានថា ថ្វីបើបវរកញ្ញា និង បុរសឯកទាំង៤រូបខាងលើក្រុមហ៊ុនពុំមានរៀបចំការប្រកួតថ្នាក់ជាតិក៏ពិតមែន ប៉ុន្តែការជ្រើសរើសតែងតាំងម្ចាស់តំណែងធំៗទាំង ៤រូបដើម្បីតំណាងជាតិ ខាងលើនេះ មិនមែនជារឿងចៃដន្យឡើយ។ CIM បានគិតពិចារណាយ៉ាងល្អិតល្អន់ពីរូបសម្បត្តិ អត្តចរិក ការតាំងចិត្ត ភាពអត់ធ្មត់ និងថាមពលរស់រវើករបស់បវរកញ្ញា និង បុរសឯក រួមទាំងការលះបង់សម្រាប់សង្គមជាតិផងដែរ។

លោកក៏បានមើលឃើញអំពីមតិផ្សេងៗជាច្រើននៅលើបណ្តាញសង្គម ទាំងមតិវិជ្ជមាន និង អវិជ្ជមាន។ ប៉ុន្តែ អ្វីដលលោកចង់បញ្ជាក់ឱ្យដឹងនោះ គឺការសម្រេចជ្រើសរើសតែងតាំងបវរកញ្ញា ឬ បុរសឯកណាម្នាក់ឱ្យតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ មិនមែនជារឿងងាយស្រួលទេ គឺត្រូវមើលថា បុគ្គលម្នាក់នោះមានលក្ខណៈសម្បិត្តគ្រប់គ្រាន់ត្រូវនឹងអ្វីដែលកម្មវិធីអន្តរជាតិត្រូវការឬអត់? គាត់ជាមនុស្សមានឆន្ទៈចង់ឈ្នះដើម្បីកម្ពុជាឬអត់? មានឆន្ទៈមុតមាំ ជាមនុស្សអត់ធ្មត់ និងមានទំនោរលើការសង្គមឬអត់? ព្រោះពាក្យថា បវរកញ្ញា និងបុរសឯក មិនមែនមានត្រឹមតែសម្រស់មួយមុខ តែត្រូវមានធាតុផ្សំជាច្រើនទៀត។

តាំងនាមឱ្យក្រុមហ៊ុន CIM លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឧកញ៉ា ចិន សំណាង CEO of CSNJ ដែលជាបុគ្គលដ៏សំខាន់ម្នាក់ តែងតែយកចិត្តទុកដាក់ក្នុងការជួយជ្រោមជ្រែងវិស័យបវរកញ្ញាឱ្យមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ និង បានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងដល់ក្រុមហ៊ុន CIM ឱ្យបន្តបង្កើតសកម្មភាពជំរុញវិស័យបវរកញ្ញាឱ្យរីកធំធាត់ ស្របតាមចក្ខុវិស័យរបស់យើងដែលចង់ឱ្យវិស័យបវរកញ្ញារីកចម្រើនលូតលាស់ប្រកបដោយគុណតម្លៃ និងភាពថ្លៃថ្នូរក្នុងនាមជនគំរូក្នុងសង្គមជាតិ៕




















