មកទល់ពេលនេះរឿងរ៉ាវរវាង លោកស្រី មករា មុំ ម្ចាស់ប្រេនសាប៊ូដុសខ្លួន MKM និង ថ្នាំដុសធ្មេញខ្មែរតែមួយ និង បវរកញ្ញា កុយ អេនណា កាន់តែក្ដៅគគុក បន្ទាប់ពីជនទី៣ ដែលប្រើអាក់ខោនឈ្មោះ Riko Riko គឺជាអ្នកបង្កឡើង។ យ៉ាងណាមិញនៅមុននេះបន្តិច លោក Riko Riko បានបង្ហោះវីដេអូទទួលស្គាល់ហើយថា លោកគឺជាអ្នកស៊ីលុយដែលលោកស្រី មករា មុំ បានបង់ថ្លៃផលិតវីដេអូអោយ កុយ អេនណា នោះ ដោយមិនបានប្រគល់អោយ កុយ អេនណា តាមការអះអាងនោះទេ ទើបធ្វើអោយបញ្ហាយល់ច្រលំរវាង លោកស្រី មករា មុំ និង កុយ អេនណា ត្រូវបានកើតឡើង។
យោងតាមការបង្ហោះរបស់ Riko Riko បានលើកឡើង លោកស្រីពិតជាបានប្រគល់ប្រាក់កក់៥០ភាគរយ ជូនកញ្ញា កុយ អេនណា ជាថ្នូនឹងការថតប្រម៉ូតផលិតផលសាប៊ូដុសខ្លួន MKM និង ថ្នាំដុសធ្មេញខ្មែរតែមួយ របស់ផលិតផលមករាមុំពិតមែន តែដោយសារតែលោកបានយកប្រាក់នោះទៅប្រើក្នុងការងារផ្សេង ហើយមិនទាន់បានប្រគល់ជូន កុយ អេនណា ទើបធ្វើអោយ កុយ អេនណា បានត្រឹមតែលោកទាក់ទងចោល ហើយនាំអោយកើតរឿងរវាងអ្នកទាំងពីរឡើង។
លោកថា ខ្លួនពិតជាខុស ហើយបើលោកមិនកុហកម្ចាស់ប្រេន មករា មុំ ថា កុយ អេនណា បានទទួលលុយកក់ហើយ និង មិនបានកុហកថា កុយ អេនណា បានព្រមព្រៀងក្រោយកក់លុយអស់ហើយ ក៏ប្រហែលជា លោកស្រី មករា មុំ មិនបង្ហោះសួរនាំ កុយ អេនណា នៅពេលឃើញ កុយ អេនណា ទៅបង្ហោះផ្សព្វផ្សាយពីសារប៊ូ និង ថ្នាំដុសធ្មេញម៉ាកផ្សេង ដែលធ្វើកើតជារឿងនោះដែរ។ ស្របពេលដែលលោកក៏បានបិតអាក់ខោន មិនអាចអោយលោកស្រី មករា មុំ ឆាតសួរនាំបានផង ទើបធ្វើអោយលោកស្រី មករា មុំ ស្មានថា កុយ អេនណា ទទួលលុយកក់ហើយ បែរជាទៅថតប្រូម៉ូតអោយផលិតផលជាន់គ្នា ដែលនាំអោយលោកស្រីផុស Tage ឈ្មោះសួរនាំ។
ក្រោយការសារភាពនេះ គេអាចកាត់ស្មានបានថា កំហុសគ្រប់យ៉ាងគឺកើតពីបុគ្គល Riko Riko ស៊ីលុយក្នុងនាមជាឈ្មួញកណ្ដាល ហើយកុហកឆបោកម្ចាស់ផលិតផល និង បានទទួលលុយកក់រួចរាល់អស់ហើយ តែមិនប្រគល់អោយ កុយ អេនណា តាមការអះអាង ទើបធ្វើអោយម្ខាស់ប្រេនឆេះដុំ ហើយឈានដល់ការបង្ហោះប៉ះពាល់ កុយ អេនណា នៅពេលទាក់ទងសួរនាំព័ត៌មានពី Riko Riko មិនបាន។ ម្នាក់ៗលើកឡើងថា ចំពោះករណីនេះ បុគ្គល Riko Riko ត្រូវតែខុសត្រូវបើមានករណី កុយ អេនណា ប្ដឹងម្ចាស់ប្រេន មករា មុំ ព្រោះទោះជាម្ចាស់ថវិកាជាមនុស្សស្ងប់ស្ងាត់បែបណា ក៏ត្រូវតែប្រតិកម្មដែរ ដែលខំប្រគល់លុយអោយតារារួចហើយ ស្រាប់តែឃើញតារានោះ ទៅផ្សាយផលិតផលជាន់គ្នា ស្របពេលដែល បុគ្គលទទួលលុយនោះ ក៏ទាក់ទងមិនបានព្រោះបានបិទអាក់ខោន។
យ៉ាងណាមិញគេកំពុងចាំមើលថា តើរឿងរ៉ាវនេះនឹងវិវត្តន៍ដល់ណា បន្ទាប់ពី Riko Riko ដែលជាឈ្មួញកណ្ដាលក៏ជាអ្នកបញ្ចេញបញ្ចូលជំនួសតែម្នាក់ឯង ធ្វើអោយម្ចាស់ប្រេនយល់ថា កុយ អេនណា ពិតជាបានទទួលលុយកក់នោះ។