ក្រោយផ្ទុះរឿងលើករណីបវរកញ្ញា កុយ អេនណា និង លោកស្រី មករា មុំ នៅថ្ងៃទី២១ តុលា ឆ្នាំ២០២៥នេះ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលធ្វើកិច្ចការច្រើន លើការងារលើកស្ទួយតម្លៃស្ត្រីខ្មែរ បានសរសេរនៅលើបណ្ដាញសង្គមថា “២ថ្ងៃនេះហ្វេសប៊ុកឈ្មោះ Makara Moum បានសរសេរញ៉ុះញ៉ង់ប្រកូកប្រកាសចោទប្រកាន់ទៅលើកញ្ញា កុយ អេនណា ដែលជាទូតសុឆន្ទៈសប្បុរសធ៍មរបស់ជនពិការ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ ប៉ះអារម្មណ៍ដល់អេនណា ជនពិការ និង អ្នកដែលស្រឡាញ់គាំទ្រអេនណាយ៉ាងខ្លាំង។
ករណីនេះ ខ្ញុំ និងមេធាវី២រូប បានសិក្សាប្រភពរឿង និងឈានទៅចេញសេចក្តីជូនដំណឹងដល់សាធារណៈជន ចៀសវាងធ្វើឲ្យមានការយល់ច្រឡំមកលើអេនណា។ ក្រោយពិនិត្យគឺ អេនណា អត់ស្គាល់ស្ត្រីរូបនោះ និងគ្មានកិច្ចសន្យាការងារ ឬបានទទួលប្រាក់កក់អ្វីទាំងអស់។
ទី២ ដោយឃើញស្ត្រីឈ្មោះមករាវាយប្រហារមកលើអេនណាមិនដកដៃ បុរសឈ្មោះ Riko Riko បានឆាតមកអេនណា ប្រាប់ថា គាត់បានយកលុយកក់របស់ស្ត្រីនោះទៅចាយ និងទិញឥវ៉ាន់អស់ហើយដោយក្រុមការងារអេនណាអត់ទទួល រួមជាមួយការបង្ហោះសារថា អេនណាអត់មានកំហុស។
ទី៣ ស្រ្តីដែលជាម្ចាស់ផលិតផលមិនដឹងកំហុស បែជាបង្ហោះឲ្យអេនណាសហកាជាមួយគាត់ ចាប់អាមនុស្សដែលយកលុយគាត់ចាយទៅវិញ។ ចំណុចនេះគួរធ្វើយូរហើយជាមួយគ្នាឯង មិនមែនយកមកជះលើអេនណា និងក្រុមការងារគេទេ។
ទី៤ ស្ត្រីនេះមិនបានគិតពីកិត្តិយសរបស់អេនណាដែលជាស្រី្តដូចខ្លួនទេ បែជាបានបង្ហោះមួលបង្កាច់ដោយបន្តឡាយ សម្ភាសន៍តែពីរឿងខូចខាតទឹកប្រាក់របស់ខ្លួនដែលមិនពាក់ព័ន្ធជាមួយ អេនណា ឡើយ។
ខ្ញុំក្នុងនាមជាអាណាព្យាបាលរបស់ កុយ អេនណា ជាចាស់ទុំ នឹងមិនអនុញ្ញាតិឲ្យបុគ្គលណាមកបំផ្លាញការខិតខំប្រឹងប្រែងកសាងកិត្តិយស ស្នាដៃដែលអេនណាបានចូលរួមចំណែកជួយសង្គម និងប្រទេសជាតិឡើយ មេធាវីយើងនឹងបន្តកិច្ចការនេះតាមនិតិវិធីច្បាប់”។ សំណេរដ៏វែងអន្លាយនេះ កាន់តែធ្វើអោយមានការចាប់អារម្មណ៍ទ្វេដង ពិសេសអ្នកតាមដានរឿងរ៉ាវ ដែលបានកើតឡើងចំពោះ កញ្ញា កុយ អេនណា និង លោកស្រី មករា មុំ ម្ចាស់ប្រេនគ្រឿងសម្អាងធំមួយមុននេះ។