DJ Nana និង លោក Sai ប្រកាសជំហរគាំទ្រពេញទំហឹងជាមួយយុទ្ធនាការ « រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក » របស់មន្ទីរពេទ្យកុមារអង្គរ ក្នុងឆ្នាំ 2025

0


កាលពីថ្ងៃទី 06 ខែ តុលា ឆ្នាំ 2025 មុននេះ មន្ទីរពេទ្យកុមារអង្គរ បានធ្វើពិធីសម្ភោធប្រកាសជាផ្លូវការនូវយុទ្ធនាការ « រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក » ដោយមានការគាំទ្រពីសំណាក់ក្រុមហ៊ុន ប៉េង ហួត គ្រុប។

ឆ្លៀតក្នុងឱកាសនេះផងដែរមន្ទីរពេទ្យកុមារអង្គរក៏បាន បង្ហាញមុខទូតសុឆ្ឆន្ទៈកិត្តិយស2រូបរួមមាន DJ Nana និង លោក Sia ដែលជាអ្នកផលិតមាតិការនៅលើបណ្ដាញសង្គមដ៏ល្បី និង មានឥទ្ធិពលដើម្បីចូលរួម និង ជាកម្លាំងរុញច្រានឱ្យយុទ្ធនាការមួយនេះកាន់តែមានភាពទូលំទូលាយទូទាំងប្រទេសដើម្បីជួយដល់ជីវិតក្មេងៗដែលកំពុងជួបប្រទះនូវជម្ងឺរមហារីក។

យុទ្ធនាកានេះផងដែរបង្កើតឡើងនៅក្នុងគោលបំណងដើម្បីរៃអង្គាសថវិការពីសប្បុរសជនទាំងអស់ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះដល់ក្មេងៗដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ កុមារអង្គរ ខណៈយោងតាមទិន្នន័យ ជារៀងរាល់ ៤០នាទី មានមនុស្សម្នាក់ស្លាប់ដោយជំងឺមហារីកនៅកម្ពុជា សម្រាប់កុមារនៅប្រទេសកម្ពុជា អត្រារស់រានមានជីវិតមានតែ ២០% ប៉ុណ្ណោះ ដែលជាទិន្នន័យមួយមិនគួរឱ្យនឹកស្មាន។

ហើយនៅរយៈពេល៤សប្តាហ៍ ក្នុងខែ តុលា ឆ្នាំ ២០២៥ មន្ទីរពេទ្យកុមារអង្គរនឹងផ្សព្វផ្សាយយុទ្ធនាការរៃអង្គាសថវិកា « យុទ្ធនាការរួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក » ដើម្បីផ្សព្វផ្សាយអំពីសេវាពិនិត្យ ព្យាបាលជំងឺមហារីកកុមារប្រមាណ ៣០ប្រភេទខុសៗគ្នា។

គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យកុមារអង្គរ បានបើកដំណើរការព្យាបាល និង ប្រឹក្សាផ្នែកជំងឺមហារីក តាំងពីឆ្នាំ២០១២ និង នៅពេលបច្ចុប្បន្ននេះ មន្ទីរពេទ្យកំពុងបន្តផ្ដល់ការពិនិត្យ ប្រឹក្សា និងព្យាបាលដល់កុមារដែលមានជំងឺមហារីក ប្រមាណ៧០០ករណីរួចមកហើយ។

តាមរយៈការគាំទ្រ និង ចូលរួមពី Dj Nana និង លោក Sai អ្នកទាំងពីររូបសង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការរៃអង្គាសមួយនេះ ជឿជាក់ថាពុកម៉ែបងប្អូននៅកម្ពុជាទាំងអស់គ្នានឹងចូលរួមជាមួយពួកយើង មិនថាតិចក្ដីច្រើនក្ដីតាមលទ្ធភាពរបស់បងប្អូន ដើម្បីជួយដល់កុមារដែលកំពុងមានជំងឺមហារីកគ្រប់រូបអាចទទួលបានឱកាសព្យាបាលដែលល្អបំផុត។

រួមគ្នាជាមួយ Dj Nana និង លោក Sai ដើម្បីផ្សព្វផ្សាយ ចែករំលែកចំណេះដឹង និងធានាថាកុមារគ្រប់រូបអាចទទួលការព្យាបាលជំងឺមហារីកដែលមានគុណភាពមួយ។

មន្ទីរពេទ្យកុមារអង្គររ ផ្ដល់ឲ្យកុមារគ្រប់រូបទទួលបានឱកាសព្យាបាល និង ប្រយុទ្ធជំងឺក៏កាចសាហាវនេះគ្រប់ៗគ្នា។ ហើយមិនតែប៉ុណ្នោះក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺមហារីកតែងតែផ្តល់ផ្ដល់ការព្យាបាលដោយថ្នាំគីមី អាហារូបត្ថម្ភ និង ការគាំទ្រផ្លូវចិត្ត ដោយឥតគិតថ្លៃ សម្រាប់កុមារ និង គ្រួសាររបស់ប្រជាជនគ្រប់ៗរូប។

សូមជួយមន្ទីរពេទ្យកុមារអង្គរ ដើម្បីឱ្យយើងអាចបន្តផ្តល់ការថែទាំសុខភាពដល់កុមារតាមរយៈការបរិច្ចាគ៖ ស្កេន QR ដែលមានបង្ហោះនៅលើផេកផ្លូវការរបស់មន្ទីរពេទ្យទំនាក់ទំនង៖ 016 725 735 រួមគ្នាដើម្បីសង្គ្រោះជីវិតកុមារមានជម្ងឺរមហារីក។