ជួប ចក្រាវុឌ្ឍ ក្លាយជា Mister Grand Cambodia 2025

0

នៅទីបំផុត កម្ពុជាបានរកឃើញម្ចាស់តំណែង Mister Grand Cambodia 2025 ជាផ្លូវការហើយ កាលពីយន់ថ្ងៃទី១ តុលា ឆ្នាំ២០២៥។

ជ័យលាភីដែលទើបនឹងរកឃើញនេះ គឺបន្ទាប់ពីខាងកម្មវិធីបានសម្រាំងយកបេក្ខជន៣រូប អោយមកធ្វើការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយបេក្ខជន ជួប ចក្រាវុឌ្ឍ ទទួលបានពិន្ទុច្រើនជាង និង បានបង្ហាញអោយឃើញពីសមត្ថភាពលេចធ្លោរជាងគេ ក្រៅពីរូបសម្រស់ស្រស់សង្ហា។

លោកនឹងតំណាងអោយប្រទេសកម្ពុជា ចេញទៅប្រកួត Mister Grand International 2025 នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃ៥ ធ្នូ ឆ្នាំ២០២៥ ដែលមានបណ្ដាប្រទេសជាច្រើនចូលរួម។ លោក ជួប ចក្រាវុឌ្ឍ មិនមែនជាបេក្ខភាពដែលចូលប្រឡូកក្នុងវិស័យបុរសឯកជាលើកដំបូងនោះទេ នាពេលកន្លងមក លោកក៏ធ្លាប់ចូលប្រឡូកក្នុងវិស័យនេះ និងធ្លាប់ត្រូវបានស្ថាប័នមួយជ្រើសតាំងអោយតំណាងកម្ពុជាទៅប្រកួតនៅឆាកអន្តរជាតិផងដែរ។

លោក ជួប ចក្រាវុឌ្ឍ បានប្រកាសថានឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពដើម្បីនាំយកកិត្តិយសជូនកម្ពុជាក្នុងពេលលោកចេញទៅប្រកួតជាមួយបុរសឯកនានា។

លោក ស៊ុន ប៊ុនរិទ្ធិ ND Mister Grand Cambodia 2025 បានអះអាងថា ដោយសារតែក្នុងឆ្នាំនេះស្ថានភាពប្រទេសនៅបន្តមានរឿងចម្រូងចម្រាសជាមួយប្រទេសថៃ ដែលមិនអំណោយផលសម្រាប់អោយលោករៀបចំការប្រកួតជាទ្រង់ទ្រាយធំ ទើបខាងស្ថាប័ន សម្រេចប្រកួតប្រជែងតាមរយៈការដាក់ពាក្យ ហើយជម្រើសយកតែបេក្ខភាពខ្លាំងៗ៣រូបក្នុងចំណោមអ្នកដាក់ពាក្យទាំងអស់ អោយមកប្រកួតប្រជែងគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រ។នៅក្នុងកាលៈទេសៈនេះ លោកថា មិនសាកសមសម្រាប់អោយកម្មវិធីរៀបចំការប្រកួតដែលមានលក្ខណៈបែបអឹកអធឹក និង ប្រើពេលយូរនៅឡើយ ហើយក៏មិនគួរជ្រើសតាំងដោយគ្មានវេទិកាបង្ហាញពីសមត្ថភាពកើតដែរ ទើបលោកសម្រេចជ្រើសរកតែបេក្ខជនឆ្នើមៗតែ៣រូបពីការដាក់ពាក្យ អោយមកប្រកួតគ្នារក Winner។

លោកសម្ដែងការអបអរចំពោះបេក្ខជន ជួប ចក្រាវុឌ្ឍ ដែលបានយកឈ្នះបេក្ខភាព២រូបទៀត ហើយបានតំណាងជា Mister Grand Cambodia តំណាងអោយកម្ពុជាចេញទៅប្រកួតនៅចុងឆ្នាំនេះ និង សម្ដែងនូវការសោកស្ដាយចំពោះបេក្ខភាព២រូប ដែលសុទ្ធតែមានសមត្ថភាព និង មានរូបសម្បត្តិ មិនចាញ់អ្មកឈ្នះ។

យ៉ាងណាមិញលោកថា បេក្ខភាព២រូបទៀត គឺលោក ជីមមី ដែលបានតំណែង 1st Runner Up និង បេក្ខភាព ចន ពេជ្ររក្សា 2nd Runner Up ក៏នឹងអាចទទួលឱកាសចេញទៅប្រកួតតំណាងកម្ពុជា ក្នុងកម្មវិធីណាមួយបានផងដែរ ប្រសិនបើខាងស្ថាប័ន អាចទិញសិទ្ធិកម្មវិធីណាមួយ ដែលអាចទៅរួច។ នៅក្នុងការប្រកួតនេះ លោកក៏ថ្លែងអំណរគុណចំពោះបណ្ដាសិល្បករ និង ភ្ញៀវទាំងអស់ ដែលបានចូលរួមផងដែរ។