មង្គលការប្អូនស្រី ហ៊ុន សត្យា ដែលជាគ្រូបង្វឹកដ៏ឆ្នើម ផ្នែកតេក្វាន់ដូ WT អធឹកអធម

0


កាលពីថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៥ កីឡាការិនី និង ជាគ្រូបង្ចឹកតេក្វាន់ដូ WT អ្នកនាង ហ៊ុន ច័ន្ទយុវនាថ ដែលគេស្គាល់ថាគឺជាប្អូនស្រីបង្កើតរបស់ លោក ហ៊ុន សត្យា ប្រធានក្លិបតេក្វាន់ដូ ដូនពេញ បានរៀបការយ៉ាងអធឹកអធម ជាមួយកូនកំលោះឈ្មោះ វ៉ាន់ សម្បត្តិ ដែលជាបុគ្គលិកប្រចាំក្រុមហ៊ុនមួយ។

មង្គលការរបស់គ្រូបង្វឹកតេក្វាន់ដូ WT រូបនេះ ត្រូវគេឃើញមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្តិយស ដែលក្នុងនោះក៏ឃើញមានវត្តមានតារាល្បីៗ ដូចជាលោក អ៊េនប៊ី និង អ្នកមុខអ្នកការរាប់មិនអស់។

លោក ហ៊ុន សត្យា ដែលជាបងប្រុសបង្កើត បានបង្ហាញនូវការអបអរសាទរយ៉ាងខ្លាំងចំពោះប្អូនស្រី ដែលអាចរកឃើញគូជីវិត ហើយបានរៀបការយ៉ាងមានកិត្តិយសបំពេញមុខគ្រួសារ ដែលសូម្បីតែលោកដែលជាបងប្រុសក៏រំភើបចិត្តជំនួស។

លោក ហ៊ុន សត្យា បានបញ្ជាក់ពីដំណឹងដ៏ល្អរបស់ប្អូនស្រីថា ក្រោយរៀបមង្គលការ ប្អូនស្រីរបស់លោក គឺអ្នកនាង ហ៊ុន ច័ន្ទយុវនាថ នៅតែបន្តការងារជាគ្រូបង្វឹកតេក្វាន់ដូ WT ប្រចាំនៅក្នុងក្លិប និង នៅតាមសាលាឯកជនជាធម្មតាដដែលនោះទេ ដោយស្វាមីរបស់អ្នកនាង មានតែជំរុញ និង លើកទឹកចិត្តអោយអ្នកនាងបន្តអាជីពមួយនេះបើទោះជាក្លាយជាស្ត្រីរៀបការហើយ។ ក្រៅពីនោះសម្រាប់ការប្រកួតដណ្ដើមមេដាយជូនជាតិ ក៏នឹងអាចចូលរួមប្រកួតផងដែរ ប្រសិនបើឱកាសអំណោយផល និង សមស្របសម្រាប់អោយអ្នកនាងអាចទទួល។

គួរបញ្ជាក់ផងដែរថា អ្នកនាង ហ៊ុន ច័ន្ទយុវនាថ គឺជាអតីតកីឡាការិនី ដែលធ្លាប់ដណ្ដើមបានមេដាយមាសជាច្រើនគ្រឿងទាំងក្នុងកម្រិតថ្នាក់ជាតិ និង អន្តរជាតិនាពេលកន្លងមក។ អ្នកនាងធ្លាប់បានចូលប្រកួតក្នុងព្រឹត្តិការណ៍តូចធំមិនតិចលើកទេ ហើយក៏មានស្នាដៃមិនចាញ់ លោក ហ៊ុន សត្យា ជាបងប្រុសផងដែរ មុនពេលបោះជំហានធ្វើជាគ្រូបង្វឹកផ្នែកតេក្វាន់ដូ WT ដែលបានរួមចំណែកជួយបណ្ដុះបណ្ដាលដល់កូនខ្មែរអោយក្លាយជាកីឡាករកីឡាការិនី ផ្នែកតេក្វាន់ដូ WT ។

អ្នកនាងត្រូវគេឃើញសកម្មក្នុងការបណ្ដុះបណ្ដាលអោយកូនខ្មែរ ងាកមកយកចិត្តទុកដាក់នឹងការហ្វឹកហាត់ផ្នែកតេក្វាន់ដូ WT ដើម្បីសុខភាព និង ទុកការពារខ្លួន បើទោះជាកូនសិស្សទាំងនោះមិនចង់ប្រកបអាជីពជាកីឡាករកីឡាការិនីជាអាជីព។ អ្នកនាង គឺជាប្អូនស្រីសំណព្វចិត្តតែម្នាក់គត់ របស់លោកគ្រូ ហ៊ុន សត្យា ដែលមានស្នាដៃជូនជាតិ និង ជូនក្លិបគួរអោយសរសើរ នាពេលកន្លងមក។

លោក ហ៊ុន សត្យា ធ្លាប់បានសរសើរថា អ្នកនាង ហ៊ុន ច័ន្ទយុវនាថ មិនត្រឹមតែជាប្អូនតែម្យ៉ាងនោះទេ តែអ្នកនាងក៏ជាធនធានមិនអាចខ្វះបាននៅក្នុងក្លិបដែលលោកបានបង្កើត ព្រោះតែមានសមត្ថភាព និង ឆន្ទៈខ្ពស់ នៅក្នុងកីឡាតេក្វាន់ដូ WT។ លោកមានតែជូនពរ និង បង្ហាញនូវក្ដីរំភើបជំនួសប្អូនស្រី នៅពេលឃើញអ្នកនាងទទួលបានជីវិតគូ តាមរយៈមង្គលការ ដែលទើបតែបញ្ចប់ ដែលលោកបានចាត់ទុកថា គឺជាការរកឃើញកោះត្រើយសម្រាប់អនាគត។