ម្ចាស់ហាងពេជ្រ La Gold ទទូចកុំអោយមើលរំលងតាតាធាក់ស៊ីក្លូ

0


ក្នុងពិធីចែកនំបញ្ចុកឆ្ងាញ់របស់បងស្រីធំ កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៥ លោកស្រី ម៉ៅ សុខា ដែលគេស្គាល់ថាគឺជា ម្ចាស់ហាងពេជ្រ La Gold បានសម្ដែងនូវការអាណិតអាសូរយ៉ាងខ្លាំងចំពោះលោកតាស៊ីក្លូចាស់ ដោយលោកស្រីយល់ថា វ័យរបស់ពួកគាត់ គួរតែបានសម្រាក ប៉ុន្តែបែរជាត្រូវមកគេងនៅលើស៊ីក្លូ ហើយរស់នៅគ្មានផ្ទះសម្បែង ដែលពេលឈឺជាក្ដៅរងារមិនដឹងអ្នកណាជួយ។

លោកស្រីថា កាន់តែក្ដុកក្ដួលចិត្ត នៅពេលឮថាបងប្អូនសប្បុរសជនមិនសូវសស្រាក់សស្រាំជួយដល់តាតាស៊ីក្លូច្រើនដូចមុន ស្របពេលដែលពួកគាត់ ក៏មិនសូវមានម៉ូយជិះ ឬ ដឹក ដែលអាចរកចំណូលបានច្រើន។ លោកស្រីសប្បាយចិត្ត ដែលបានរួមចំណែកជាមួយបងស្រីធំ ក្មុងការធ្វើនំបញ្ចុកឆ្ងាញ់យកមកចែកជូន ហើយលោកស្រីក៏បានផ្ដល់នូវថវិកាបន្ថែមជូនដល់ពួកគាត់ផងដែរ ដើម្បីចែករំលែកក្ដីស្រលាញ់។

លោកស្រីទទូចអោយបន្តយកចិត្តទុកដល់ក្រុមតាស៊ីក្លូ ហើយប្រសិនបើអាចសូមបន្តចែករំលែកជួយគាត់អោយបានញឹកញាប់ ដើម្បីអោយតាតាស៊ីក្លូកាន់តែមានស្នាមញញឹម និង ក្ដីសង្ឃឹមខ្ពស់។ លោកស្រីថាបើទោះជារយៈពេលចុងក្រោយ បានចំណាយធនធានច្រើន ក្នុងការជួយដល់វិស័យកងទ័ព ជួយដល់កុមារកំព្រា និង ជួយដល់ទុរគតជនផ្សេងទៀត តែសម្រាប់លោកតាលោកតាជាអ្នកធាក់ស៊ីក្លូ គឺលោកស្រីនៅតែធ្វើសកម្មភាពជាមួយញឹកញាប់ជាងគេ។

ជាក់ស្ដែងអោយតែដល់រដូវខែផ្លែឈើ លោកស្រីចំណាយទិញទុរេនម្ដងៗ១០០គីឡូ បកចែកជូនដោយពួកគាត់ ដើម្បីអោយពួកគាត់បានហូបឆ្ងាញ់ៗ។ លោកស្រីប្រកាសជំហថា នឹងបន្តធ្វើការងារសង្គមអោយកាន់តែច្រើន ដើម្បីរួមចំណែកជួយដល់សង្គម។