ម្ចាស់ហាង នំបញ្ចុកឆ្ងាញ់បងស្រីធំ ចែកទានដល់បងប្អូនអ្នកធាក់ស៊ីក្លូប្រមាណ 300កញ្ចប់ នាឱកាសដាក់បិណ្ឌនេះ ជាមួយបងប្អូនសិល្បករ

0


កាលពីព្រឹកថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៥ បងស្រីធំ ដែលជាម្ចាស់ហាងនំបញ្ចុកឆ្ងាញ់យីហោបងស្រីធំ បានដឹកនាំសប្បុរសជន និង សិល្បករជាច្រើនរូប ចុះចែកអំណោយជូនដល់អ្នកធាក់ស៊ីក្លូប្រមាណ៣០០នាក់ នៅខាងក្រោយទីស្ដីការគណរដ្ឋមន្ត្រី។ បងស្រីធំ ដែលជាអ្នកផ្ដើមគំនិត បាននាំយកនំបញ្ចុកឆ្ងាញ់ ដែលជាម៉ាកយីហោនំបញ្ចុកល្បីប្រចាំហាង យកទៅចែកជូនដោយផ្ទាល់។

វត្តមាននៅក្នុងថ្ងៃនោះរួមមាន លោកស្រី ម៉ៅ សុខា ម្ចាស់ហាងពេជ្រ La Gold លោកស្រី ម៉ម សុម៉ាលី និង សិល្បករសិល្បការិនី៣រូប គឺ អ្នកនាង គឹម លីហ្សា អ្នកនាង សារ៉ាយ សក្កណា និង លោក ជា សុវណ្ណនរាហ៍ ដែលសប្បុរសជនទាំងអស់ ក៏បានរួមចំណែកបរិច្ចាគជាថវិកា និង អំណោយផ្សេងៗ។

បងស្រីធំ បានលើកឡើងថា នេះជាទឹកប្រាក់ដែលលោកស្រីបានសន្សំប្រមាណជាង១ខែ ហើយហេតុផលដែលលោកស្រីបានដឹកនាំប្អូនៗមកចែកជូនដល់តាតាស៊ីក្លូ ក៏ព្រោះតែចង់ចែករំលែកក្ដីស្រលាញ់ និង ចង់ធ្វើបុណ្យជូនពួកគាត់ ក្នុងឱកាសកាន់បិណ្ឌ។

បងស្រីថា នេះមិនមែនជាលើកទី១ទេ ពោលគឺតែងតែធ្វើនំបញ្ចុកឆ្ងាញ់បែបនេះយកទៅជូនជាញឹកញយមកហើយ ដោយគ្រាន់តែលើកនេះគឺជាការចែករំលែកជាទ្រង់ទ្រាយធំ។

លោកស្រីថា ដោយសារតែនំបញ្ចុកបងស្រីធំកាន់តែទទួលបាននូវការគាំទ្រ ទើបតែងតែផ្ដើមគំនិតធ្វើបុណ្យ ដើម្បីអោយពូពូតាតាស៊ីក្លូ មានស្នាមញញឹមក្នុងឱកាសបុណ្យទាន។ ខាងក្រោមនេះគឺជារូបភាពខ្លះដែលទើបបញ្ចប់៖