ក្រោយចំណាយពេលប្រមាណជាខែបង្វឹកកូនសិស្សលើជំនាញតន្ត្រី និងច្រៀង នាយកសាលាស្រណោះតន្ត្រី លោក សូ ស្រណោះ បានបង្ហាញការរំពឹងយ៉ាងខ្លាំងថា កូនសិស្សទាំង៤០រូបនឹងឈ្នះពានទាំងអស់ ដើម្បីដណ្ដើមយកពានជើងឯកលំដាប់ប្រទេសនៅវៀតណាម។ លោកនឹងដឹកនាំកូនសិស្សទៅប្រកួតកម្រិតអាស៑ាន ដែលបានប្រកាសធ្វើឡើងជាលើកទី៣ បន្ទាប់ពីកម្ពុជាត្រូវបានអញ្ជើញអោយចូលរួមប្រកួត។
លោក សូ ស្រណោះ និយាយថា គឺជាមោទនភាពខ្លាំងណាស់ ដែលកម្ពុជាទទួលបានសិទ្ធិចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតតន្រ្តីអាស៊ានបូកកូរ៉េ នៅថ្ងៃទី១៩ និង២០ មករា ដោយលោកក៍បានចំណាយពេលបង្វឹកសិស្សយ៉ាងយកចិត្តទុកដល់សិស្សៗចំនួន៤០នាក់ លើវិញ្ញាសារចំនួន៤ ដែលមានឈ្មោះត្រូវចេញប្រកួត ដោយវិញ្ញាសារ២គឺតន្ត្រី និងព្យាណូ លោកហាក់ជឿជាក់យ៉ាងខ្លាំងចំពោះសមត្ថភាពរបស់កូនសិស្ស ថានឹងអាចដណ្ដើមបានពានមាសទាំងអស់ ខណៈដែលលោកប្រកាសថា បើកូនសិស្សរបស់លោកយកបានពានលើគ្រប់វិញ្ញាសារ នោះពាន Champion ប្រចាំឆ្នាំដែលលោករំពឹងថា នឹងទទួលបាន។
ក្រោយបញ្ចប់ការប្រកួត។ លោកថាធ្វើឡើងនៅក្នុងទីក្រុងហូជីមីង ដោយក្រុមកម្ពុជាត្រូវចេញដំណើរទៅនៅថ្ងៃទី១៨ និងត្រលប់មកវិញនៅថ្ងៃទី២១ ធ្នូ ដែលតម្រូវអោយលោក និងគ្រូបង្វឹកផ្សេងទៀតត្រូវតែបង្វឹកបង្កើនសមត្ថភាពរបស់សិស្សអោយបានរឹងមាំជាងមុនចាប់ពីថ្ងៃទី២ ធ្នូតទៅ មុនចេញទៅប្រកួតនៅវៀតណាម។ លោកថា កូនសិស្សរបស់សាលាស្រណោះតន្ត្រី មិនមែនចេញទៅប្រកួតនៅក្រៅប្រទេសនៅក្នុងស្ថានភាពមិនច្បាស់លាស់ដូចមុនទៀតទេ គឺទៅក្នុងភាពម៉ត់ចត់ និងច្បាស់លាស់ ទើបលោករំពឹងជាងមុនថាវត្តមានរបស់តំណាងកម្ពុជាលើកនេះ គឺនឹងបានលទ្ធផលល្អជាងមុនដាច់ឆ្ងាយលើសមុន បើទោះជាកាលទៅប្រលងនៅក្នុងប្រទេសសិង្ហបុរីកាលមុន ក្រុមរបស់លោកទទួលបានពានមាសច្រើន។
ក្នុងនោះលោកក៏ត្រូវបានគេផ្ដល់សិទ្ធិអោយធ្វើជាគណកម្មការដាក់ពិន្ទុផងដែរ ដោយគ្រាន់តែមិនអនុញ្ញាតិអោយដាក់ពិន្ទុអោយបេក្ខភាពកម្ពុជា។
លោក សូ ស្រណោះ បញ្ជាក់ថា សម្រាបប់ការចេញទៅប្រលងរបស់កូនសិស្សលោកលើកនេះ ក៏មិនខុសមុនដែរគឺនឹងមានការបង្ហាញអត្តសញ្ញាខ្មែរដោយការច្រៀងបទចម្រៀងជាតិរួមគ្នា និងតម្រូវអោយសិស្សរបស់លោកស្លៀកឈុតហូលផាមួង និងក្រម៉ាខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណខ្មែរ លើឆាកអន្តរជាតិ៕