មានការកោតសរសើរមិនតិចឡើយ ចំពោះម្ចាស់ប្រេន Pichy P White គឺលោកស្រី កាន់ ចន្ថា ដែលហ៊ានចំណាយទាំងថវិកា និង ចេញទាំងមុខជួយតារាកំប្លែងនូឌី នៅពេលតារារូបនេះត្រូវតុលាការឃាត់ខ្លួន និងដាក់បន្ទុកចោទប្រកាន់ពីករណីបណ្ដាលអោយមានការបាត់បង់ជីវិត ព្រោះតែបានឆ្លងផ្លូវហើយត្រូវអ្នកបើកបរម៉ូតូមួយគ្រឿង បើកលឿនដូចហោះមកបុកទាំងកំរោល បណ្ដាលអោយខ្ទាតស្លាប់ខ្លួនឯងនៅនឹងកន្លែង។ តារាសម្ដែង នូឌី ត្រូវបានគេឃុំពីករណីឆ្លងផ្លូវខុសច្បាប់ចរាចរ និង ត្រូវបានម្ខាងទៀតទាមទា១ម៉ឺនដុល្លារដើម្បីបញ្ចប់រឿង នៅក្រៅរបងតុលាការ។
ក្នុងអំឡុងពេលដែលកំពុងជួបទុកនេះ នូឌីត្រូវបានមហាជនសម្ដែងការអាណិតយ៉ាងខ្លាំង តែមិនមានអ្នកចេញមុខធានា និង ជួយសម្របសម្រួលនាងអោយនៅក្រៅឃុំនោះទេ ទើបម្នាក់ៗមានការកោតសរសើរយ៉ាងខ្លាំង នៅពេលលោកស្រី កាន់ ចន្ថា ដែលជាម្ចាស់ប្រេន Pichy P White ហ៊ានយកទាំងថវិកា និង ពេលវេលាជួយផ្លូវច្បាប់ដល់នូឌី ដើម្បីអោយនូឌី មានលទ្ធភាពបានសម្របសម្រួលតាមការទាមទារបស់ម្ចាស់សព និង មានឱកាសបានបញ្ចប់រឿងនៅក្រៅតុលាការ ដែលធ្វើអោយនាងមានសេរីភាព បានមកជួបជុំគ្រួសារវិញ។
ការឈឺឆ្អាលរបស់លោកស្រី កាន់ ចន្ថា បានក្លាយជាគំរូ និង គួរអោយកោតសរសើរហួសថ្លែង ក្នុងពេលដែលអ្នកមានៗ និង អ្នករាប់អានកញ្ញានូឌីរាប់មិនអស់សុទ្ធតែខ្លាចរអារនឹងមិនចង់លូកដៃក្នុងរឿងបែបនេះ តែលោកស្រីបែរជាមិនឈរឱបដៃមើល ហើយសុខចិត្តជួយសម្របសម្រួលទាល់តែនូឌីទទួលសេរីភាព។ លោកស្រី កាន់ ចន្ថា បានលើកឡើងនៅលើបណ្ដាសង្គមថា ស្ងប់ស្ងាត់តែមិននៅស្ងៀម មិនអោបដៃឈរមើលមនុស្សល្អជុំវិញខ្លួនមានបញ្ហា។
អ្វីដែលគេកាន់តែសរសើរ គឺលោកស្រីមិនត្រឹមតែជួយសម្របសម្រួលអោយនូឌី បានចេញក្រៅឃុំតែប៉ុណ្ណោះទេ គឺថែមទាំងទៅទទួលនាងដោយផ្ទាល់ ជូននាងទិញខោអាវថ្មីៗ ជូនទៅញ៉ាំអីអោយសប្បាយៗ និង បានប្រកាសថា នឹងនាំនាងទៅធ្វើបុណ្យបណ្ដោះគ្រោះគត់ឆ្នាំអោយនាង ដើម្បីអោយរួចផុតរឿងមិនល្អ និង ក្លាយជាមនុស្សថ្មីទៀតផង។ ទង្វើទាំងនេះ សម្រាប់បុគ្គលល្បីៗ និង មានការមមាញឹកដូចលោកស្រី កាន់ ចន្ថា គឺពិតជារឿងកម្រណាស់ ដែលលោកស្រីបានលះបង់ពេលវេលាផ្ទាល់ខ្លួន មកជួយឈឺឆ្អាលមនុស្សក្នុងសង្គមដូចគ្នាដែលមិនជាប់សាច់ញាតិគ្នាបែបនេះ។
គួរបញ្ជាក់ផងដែរថា លោកស្រី កាន់ ចន្ថា គឺជាម្ចាស់ប្រេន Pichy P White ដែលនាំចូលគ្រឿងសម្អាងល្បីឈ្មោះមួយប្រចាំនៅកម្ពុជា។ ក្នុងអំឡុងដែលស្រុកទេសមានសង្គ្រាម លោកស្រី និង ស្វាមី បានដើរតួយ៉ាងសកម្មក្នុងការធ្វើពហិកាមិនបន្តផលិតនៅរោងចក្រសៀម និង បានចុះចែកស្បៀងអាហារជួយដល់កងទ័ព និង ជនភៀសសឹក ស្ទើរតែគ្មានពេលសម្រាក ដើម្បីបង្ហាញពីទឹកចិត្តខ្មែរជួយខ្មែរ។
លោកស្រី ត្រូវបានគេចាត់ទុកថាគឺជាអ្នកជំនួញជោគជ័យខ្លាំង ដោយសារតែមានលទ្ធភាពធ្វើសកម្មភាពជួយដល់សង្គមច្រើន ពិសេសក្នុងសម័យកូវីត និង គ្រប់ពេលដែលលោកស្រីមើលឃើញពីការលំបាករបស់បុគ្គលណាមួយ ឬ គ្រួសារណាមួយ។
ងាកមកជីវិតឯកជនវិញ លោកស្រី នឹងស្វាមីក៏ធ្វើអោយគេសរសើរមិនដាច់ពីមាត់ផងដែរ ដោយសារតែលោកស្រីបានក្លាយជាបុគ្គលបែបអភិជនមួយរូប ជាមួយនឹងរថយន្តទំនើបស៊េរីថ្លៃៗ និង កំពុងសាងសង់វីឡានៅបុរីធំមួយ នៅក្បែរក្រសួងដែនដីតម្លៃច្រើនលានដុល្លារ ប៉ុន្តែលោកស្រីនៅតែសាមញ្ញ និង មិនចេះរើសអើង ហើយរមែងបរិច្ចាគ និង ចេញមុខជួយអ្នកមានទុក្ខគ្រប់គ្នា ដែលលោកស្រីបានឃើញ ដូចជាករណីកញ្ញានូឌីនេះជាដើម ដែលធ្វើអោយគេគ្រប់គ្នាទប់ការសរសើរមិនបាន ដែលមានន័យថា លោកស្រីថ្វីត្បិតថាខ្ពស់កប់ពពកទៅហើយក្ដី តែនៅតែសកម្មក្នុងការឈឺឆ្អាលផ្សេងៗ ដោយមិនទុកអោយអ្នកឯកោរងារគ្មានទីពឹង។
អ្នកលេងបណ្ដាញសង្គមច្រើនណាស់ បានជូនបុណ្យដល់លោកស្រី និង ស្វាមី នឹងបានលើកឡើងថា អ្វីដែលលោកស្រីបានជួយនូឌី នៅក្នុងពេលនេះ គឺលើសនឹងសង់វិហារ៧វត្តទៅទៀត ព្រោះបើលោកស្រីមិនចេញមុខសម្របសម្រួលផ្លូវច្បាប់ជាមួយគ្រួសារសពទេ គឺបណ្ដឹងនឹងឈានដល់តុលាការ ហើយច្បាស់ណាស់ថា កញ្ញានូឌីនឹងជាប់ពន្ធនាគាផ្អែកតាមច្បាប់ចរាចរផ្លូវគោក ដែលបានចែង។