ក្រុមចម្រៀងខ្មែរ La Cima Cartel ក្លាយជាទូតសុច្ឆន្ទៈធនាគារ វីង

0

ធនាគារ វីង ដែលជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា បានប្រកាសតែងតាំងទូតសុច្ឆន្ទៈរបស់ខ្លួនជាផ្លូវការគឺក្រុម La Cima Cartel ដែលជាតារាចម្រៀងខ្មែរដ៏មានប្រជាប្រិយភាព ហើយកម្មវិធីស្វាគមន៍ដ៏អធិកអធមនេះត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារកាំបូឌីយ៉ាណា។

កម្មវិធីនេះមានការចូលរួមពីបុគ្គលិកធនាគារ វីង និងក្រុម Influencers ជាច្រើន ហើយថែមទាំងបានផ្សាយបន្តផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង និងផេកហ្វេសប៊ុកក្រុម La Cima Cartel ដោយមានហ្វេនៗជាច្រើនចូលរួមទស្សនាផងដែរ។ នៅក្នុងកម្មវិធីនារាត្រីនោះផងដែរ ក៏មានការរំលេចពីខ្លឹមសារប្រកបដោយអត្ថន័យដែលឆ្លុះបញ្ចាំងពីស្មារតីដ៏រឹងប៉ឹងនៃជាតិខ្មែរ និងការប្រកាសពីបេក្ខភាពទូតសុច្ឆន្ទៈនៃ​ធនាគារ វីង ដែលអ្នកចូលរួមទន្ទឹងរង់ចាំ។ សកម្មភាពដ៏សប្បាយរីករាយ បានចាប់ផ្តើមឡើងជាមួយនឹងបទចម្រៀងៗពិរោះៗ សម្តែងដោយក្រុម La Cima Cartel ដែលញុំាងឱ្យបរិយាកាសកាន់តែរស់រវើកតាមរយៈការរួមបញ្ចូលចង្វាក់ភ្លេងខ្មែរលាយឡំបទភ្លេងទំនើប ដោយបានបង្កប់អត្ថន័យពីជីវិតរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

កញ្ញា គិត អេឃីត្រាវីននីដា នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីយុវជនកម្ពុជា ក៏ដូចជាអត្ថន័យនៃកិច្ចសហការដែលរៀបចំឡើងនាពេលនេះ។ កញ្ញាបានលើកឡើងថា៖ “ធនាគារ វីង ជឿជាក់ថាយុវជនកម្ពុជាគឺជាធនធានដ៏មានសក្តានុពលសម្រាប់អនាគតប្រទេសជាតិ។ ពួកគេគឺជាកម្លាំងជំរុញដ៏មានថាមពលក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ការលើកស្ទួយវប្បធម៌ និងភាពរីកចម្រើនក្នុងសហគមន៍ ហើយនោះក៏ជាបេសកកម្មរបស់យើងដែលគាំទ្រពួកគាត់ដោយផ្តល់នូវមធ្យោបាយចំបាច់នានា ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ​ ឱកាសលូតលាស់កាន់តែច្រើន និងជួយឱ្យ​ក្តីសុបិនរបស់ពួកគេក្លាយជាការពិត។ ហេតុនេះហើយបាន​ជាកិច្ចសហការនេះពិត​ជា​មានអត្ថន័យខ្លាំងណាស់។ La Cima Cartel មិនត្រឹមតែ​ជា​ក្រុមចម្រៀងនោះទេ ប៉ុន្តែ​ជាសម្លេង​នៃយុវជនជំនាន់ក្រោយ។

តន្ត្រីរបស់ពួកគេបង្ហាញពីមោទនភាពជាតិខ្មែរ ជំរុញគំនិតបង្កើត​ថ្មី ក៏ដូចជាភាពច្នៃប្រឌិតផងដែរ។ តាមរយៈកិច្ចសហការនេះ ធនាគារ វីង និងក្រុម La Cima Cartel នឹងរួមគ្នាដើម្បីគាំទ្រ ក៏ដូចជាការបំផុសនូវគំនិតថ្មីៗ និងរំលឹកដល់គ្រប់គ្នាថា ស្មារតីខ្មែរយើងគឺរឹងមាំមិនអាចបំបែកបានឡើយ ហើយយើងត្រៀមខ្លួនរួចរាល់ដើម្បីរួមដំណើរជាមួយកម្ពុជាសម្រាប់អនាគតដ៏ត្រចះត្រចង់។”
តាមរយៈការចាប់ដៃសហការជាមួយក្រុមចម្រៀង La Cima Cartel ធនាគារ វីង កំពុងរំកិលខ្លួន​ទៅរក​យុវជនកម្ពុជា ព្រមទាំង​ពង្រឹង​គុណតម្លៃរបស់​ខ្លួន​ ដ្បិត​ថា​អ្នកដឹកនាំ​ អ្នក​បង្កើត​ និង​អ្នក​ជំរុញការ​ផ្លាស់ប្តូរ​ជំនាន់ក្រោយ អាចរួមចំណែក​ដល់ការ​រីក​ចម្រើន និង​កំណត់​អនាគត​នៃប្រទេសកម្ពុជានា​ពេ​ល​អនាគត។

ភាពជាដៃគូនេះនឹងជួយពង្រឹងបេសកកម្មរបស់ធនាគារ វីង បន្ថែមទៀត សំដៅធ្វើឱ្យ​សេវា​ធនាគារអា​ច​ប្រើ​ប្រាស់​បានច្រើនជាងមុន កាន់តែងាយស្រួល​ ព្រមទាំង​លើក​កម្ពស់​ជីវភាពប្រជាជន​គ្រប់រូប​ មិនថា​ពួកគាត់​ជា​អ្នក​ណា ឬ​មានគោលដៅអ្វីនោះឡើយ។ ក្រុមចម្រៀង La Cima Cartel ត្រូវបានបង្កើតឡើងដោយលោក ស៊ីវ រិទ្ធី ​ស្ថាបនិក Plus855 Music ដែលប្រមូលផ្តុំដោយសិល្បករវ័យក្មេងឆ្នើមៗជាច្រើនរូបរួមមាន៖ All3rgy, YCN Rakhie, Meezy24k, Hasha, YCN Tomie, Mut Phearin និង YCN Dizzy។ ពួកគេបានរួមកម្លាំងគ្នា បង្កើតបាននូវរសនិយមតន្រ្តីបែបសម័យថ្មីទាំងនៅក្នុងស្រុក​ ហើយផ្សព្វផ្សាយទៅកាន់ពិភពលោកទៀតផង។

លោក ស៊ីវ រិទ្ធី បានលើកឡើងថា៖ “Plus855 និង ក្រុមចម្រៀង La Cima Cartel បានចាប់ផ្តើមដោយមានចក្ខុវិស័យតែមួយគឺ ការ​បង្កើត​សិល្បៈ​តន្រ្តី​ដែល​មាន​គុណភាព​និង​ការទទួល​ស្គាល់​ក្នុង​កម្រិត​ស្តង់ដា​មួយ ហើយ​មក​ទល់​ពេលនេះ ពួកយើង​ទទួល​បាន​ការគាំទ្រ និង​មាន​ប្រជាប្រិយភាពគួរឱ្យកត់សម្គាល់នៅក្នុងវិស័យតន្ត្រីនៅកម្ពុជា។” លោក​ ស៊ីវ រិទ្ធី បានគូសបញ្ជាក់បន្ថែមថា តាមរយៈភាពច្នៃប្រឌិត ថាមពលដ៏រស់វើក ក៏ដូចជាប្រជាប្រិយភាពក្នុងចំណោមយុវជនជំនាន់ថ្មី ក្រុមចម្រៀង La Cima Cartel នឹងរួមដំណើរជាមួយធនាគារ វីង ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនគ្រប់ស្រទាប់ ជាពិសេស យុវវ័យតាមរយៈតន្រ្តី និងសកម្មភាពថ្មីៗ។

ក្រុម La Cima Cartel បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះថា៖ “វាជាកិត្តិយសមួយសម្រាប់ពួកយើង ដែលបានតំណាងឱ្យធនាគារ វីង ក្នុងនាមជាទូតសុច្ឆន្ទៈ។ យើងជឿជាក់ថាបេសកកម្មរួមគ្នានេះ នឹងជួយផ្សព្វផ្សាយអត្តសញ្ញាណខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀតនៅគ្រប់ទិសទី។”
ភាពជាដៃគូនេះគឺការបោះជំហានថ្មីមួយរបស់ធនាគារ វីង ក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយប្រជាជនកម្ពុជា លើសពីការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ពោលគឺជាការរួមចំណែកលើកស្ទួយវប្បធម៌ផងដែរ។ ហើយនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ព្រោះនឹងមានអ្វីពិសេសៗជាច្រើនទៀតពី ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel។ ហ្វេនៗទាំងអស់អាចតាមដាននៅលើបណ្តាញសង្គមផ្លូវការរបស់ធនាគារ វីង ដើម្បីទទួលបាននូវសកម្មភាពថ្មីៗ ក៏ដូចជាដំណឹងល្អៗពីកិច្ចសហការនាពេលអនាគតរវាងភាគីទាំងពីរ។

កម្មវិធីនារាត្រីដ៏សប្បាយរីករាយនេះបានបញ្ចប់ដោយការអបអរសាទរ ការថតរូបក្រុម La Cima Cartel ជាមួយហ្វេនៗ និងសកម្មភាពជួបជុំសប្បាយៗដែលមាន DJ សម្តែងបទភ្លេងកំដរបរិយាកាស ជាមួយនឹងអាហារសម្រន់ ដែលភ្ញៀវទាំងអស់ទទួលបាននូវអនុស្សាវរីយ៍ដ៏រីករាយ ព្រមទាំងផ្តល់ជាសក្ខីភាពសម្រាប់កិច្ចសហការនេះដែលបានប្តេជ្ញាចិត្តនាំកម្ពុជាឆ្ពោះទៅអនាគតដ៏ប្រសើរ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.wingbank.com.kh ឬតាមដាននៅលើបណ្តាញសង្គមធនាគារ វីង៕