ក្នុងចំណោមតារាហ្វេសបុកដែលមានកេរ្តិ៍ឈ្មោះសំលេង កញ្ញា ដេនីក្វាន់ បានក្លាយជាតារាដែលមានភាពលេចធ្លោរជាងគេទាំងរឿងល្អ និងរឿអអាក្រក់។ រឿងមិនល្អ គឺនាងត្រូវគេរិះគន់ថាស៊ិចស៊ី និងជានារីមាត់ដាចមិនសំចៃមាត់ នៅពេលមានបុគ្គលណាម្នាក់ធ្វើអោយឆេះដុំ សូម្បីតែក្នុងម៉ោងនាងLive ឃោសនាផលិតផល។
ប៉ុន្តែអ្វីមិនសរសើរនាងមិនបាន គឺនាងជាតារាដែលបានចំណាយពេលធ្វើទានទាំងខ្លួនរវល់ដកឃ្លាមិនរួច ដោយសកម្មភាពចែកទានរបស់នាង ក៍មិនមែនគ្រាន់តែចែកបាយកញ្ចប់ ឬ ចែកទានបន្តិចបន្តួច ហើយថតបង្ហោះនោះទេ។
នៅលើគណនេយ្យផ្លូវការរបស់នាង កញ្ញា ដេនី ក្វាន់ ត្រូវគេឃើញផុសពីសកម្មភាពទាំងល្អ និងអាក្រក់ចម្រុះគ្នា ដោយក្នុងពេលខ្លះនាងផុសតបតនឹងអ្នកមាក់ងាយចំពោះនាង និងផុសពីអារម្មណ៍មិនសប្បាយចិត្តក្នុងរឿងស្នេហា តែស្របនឹងការបង្ហោះមិនល្អ នាងក៍ផុសពីការចែកទាន ដើម្បីជាគំរូដល់តារាផ្សេងទៀត។ នាងបានបង្ហោះក្ដៅៗ កាលពីថ្ងៃទី ១២ មករា ថា”ថ្ងៃនេះនាងខ្ញុំ និងបងស្រីរបស់នាងខ្ញុំបាននាំយកអំណោយចំនួន១៨គ្រួសារជូន ដល់លោកយាយលោកតា នៅភូមក្បាលពោធ៍ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
ក្រោយពីចែកជូនពួកគាត់ហើយ មានអារម្មណ៏ថាជ្រះថ្លាក្នុងចិត្តណាស់ សំរាប់ខ្ញុំគ្មានអ្វីសប្បាយចិត្តជាងការដែលបានចែករំលែកដល់អ្នកក្រខ្សត់ជាងខ្ញុំនោះទេ.ខ្ញុំសន្យាថានិងបន្តធ្វើការងារមនុស្សធម៌ជារៀងរហូតតាមលទ្ធភាពនិងពេលវេលាដែលនាងខ្ញុំមាន???”។ សកម្មភាពចែកទានរបស់នាង ត្រូវបានគេចែកចាយ និងកោតសរសើរយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលគេដឹងថា នាងរវល់ស្ទើររកម៉ោងសម្រាកមិនបាន ប៉ុន្តែនៅតែចំណាយលុយធ្វើទាន ដែលត្រូវគេអោយពិន្ទុថា បើគ្មានឆន្ទៈ គឺមិនអាចចំណាយពេលកើតទេ ហើយទឹកចិត្តដែលនាងឈានដល់ការចំណាយពេលធ្វើទាននោះ ក៍ពិបាករកបុគ្គលសាមញ្ញដែលរវល់ដូចនាង អាចធ្វើបានដែរ។
នេះមិនមែនជាសកម្មភាពលើកដំបូងដែលនាងបានធ្វើនោះទេ គឺអាចនិយាយបានថាជាទម្លាប់ទៅហើយ ទើបនាងត្រូវគេលាន់មាត់ថា ដេនីក្វាន់ ពិតជាមិនសរសើរមិនបាន ដោយមិនមែនធ្វើតែរឿងរងការរិះគន់ដូចតារាដែលមានរឿងអាស្រូវខ្លះឡើយ។