ស្វាគមន៍ការវិលត្រឡប់មកជាថ្មីម្ដងទៀត ក្រោយផ្អាកផលិតភាពយន្តដើម្បីចាក់បញ្ចាំនៅក្នុងរោងកុន កាលពីថ្ងៃទី 18 ខែ សីហា មុននេះ ផលិតកម្មមហាហង្សបានធ្វើពិធីសម្ភោធភាពយន្តរឿង « ផ្ទះអាឃាត » ជាផ្លូវការ ដែលជាការបើកទំព័រជាថ្មីម្ដងទៀតក្នុងការប្រឡូកក្នុងវិស័យកុនរបស់ផលិតករលោក អ៉ិន សុភិន បន្ទាប់ពីដកឃ្លាបានជាង5ឆ្នាំនៃការដឹកនាំកម្មវិធីប្រកួតប្រជែងសម្រស់យ៉ាងជោគជ័យក្នុងរយៈពេលកន្លងទៅនេះ។
ការវិលត្រឡប់មកក្នុងវិស័យកុនវិញនេះ លោកពិតជាមានក្ដីរំភើប និង ក្ដីរំពឹងខ្ពស់ចំពោះស្នាដៃរបស់ខ្លួន ខណៈការវិលត្តឡប់របស់ផលិតកម្មមហាហង្សលើកនេះគឺលោកបាននាំយកនូវអ្វីដែលថ្មី អ្វីដែលប្លែក ដែលលោកជាផលិតករផ្ទាល់ រួមទាំងអ្នកនិពន្ធ និង ក្រុមការងារ បានព្យាយាមធ្វើអស់ពីសមត្ថភាពដើម្បីបង្ហាញឱ្យទស្សនិកជនបានទស្សនានូវស្នាដៃកូនខ្មែរ ក៏ដូចជាភាពយន្តខ្មែរ ស្របពេលដែលវិស័យកុនកំពុងរីកចម្រើនទៅមុខ។
លោក អ៉ិន សុភិន បានមានប្រសាសន៍ថា រឿងនេះលោកបានសម្រិតសម្រាំងថតបញ្ចប់យូរណាស់មកហើយ ប៉ុន្តែដោយសារលោកមមាញឹកនៅក្នុងវិស័យបវរកញ្ញា ទើបលោករក្សាទុករឿងនេះដើម្បីធ្វើឱ្យកាន់តែមានគុណភាព និង សាច់រឿង ប្លង់ និង តួសម្ដែង។
ចំពោះសាច់រឿងគឺពោពេញទៅដោយការអប់រំ លាយឡំនឹងភាពរន្ធត់ តែបង្កប់នូវអត្ថន័យទាក់ទាញដែលទស្សនិកជនគួរតែទៅទស្សនាដើម្បីទទួលបាននូវរសជាតិថ្មីមិនជាន់នឹងភាពយន្តដ៏ទៃនោះឡើយ។ លោកសង្ឃឹមថាទស្សនិកជននឹងគាំទ្រដែលរឿងនេះដែរនឹងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត Legend និង Prime Cineplex ចាប់ពីថ្ងៃទី 21 សីហា នេះតទៅ។
រឿង « ផ្ទះអាឃាត » នេះផងដែរក្រៅពីចាក់បញ្ចាំងនៅក្នុងស្រុកលោកក៏ត្រៀមនាំចេញទៅក្រៅប្រទេសនាកំឡុងខែ វិច្ឆិការខាងមុខនេះ ស្របពេលដែលលោកក៏បានចុះកុងត្រាជាមួយនឹងរោងកុនក្នុងប្រទេសអាស៊ានចំនួន2ប្រទេសរួចមកហើយ។
លោករំពឹងថា ការវិលត្រឡប់របស់ផលិតកម្មមហាហង្ស នឹង ទទួលបាននូវការគាំទ្រពីសំណាក់ទស្សនិកជនក្នុងស្រុក ហើយក៏សូមសំណូមពរឱ្យកូនខ្មែរងាកមកគាំទ្រនូវស្នាដៃរបស់ប្រទេសយើងវិញ ខណៈប្រទេសជាតិក៏កំពុងពហិការក្នុងការចាក់បញ្ចាំងរឿងរបស់ប្រទេសថៃ ដើម្បីជាចលករជួយជម្រុញឱ្យវិស័យកុនខ្មែរកាន់តែឈានឡើងថែមមួយកម្រិតទៀត។