កាលពីថ្ងៃទី10 ខែ សីហា ឆ្នាំ 2025 មុននេះ មូលនិធិផ្ទះតារា ដឹកនាំដោយលោក ផាត់ តារារដ្ឋ បានដឹកនាំក្រុមសិល្បករ សិល្បការិនី នាំយកអំណោយទៅប្រគល់ជូនទៅដល់កងទ័ពជួរមុខដែលបហរចាំការនៅប្រាសាទតាមាន់ ដែលជាតំបន់ឈរជើងយ៉ាងក្ដៅគគុកជាមួយនឹងទ័ពសៀម។
ក្នុងដំណើរដឹកនាំជំនួយនេះផងដែរក៏ជាលើកទី2សម្រាប់មូលនិធិផ្ទះតារាបន្ទាប់ពីបេសកកម្មលើកទី1បានបញ្ចប់នៅឯគោលដៅច្រកព្រំដែនអូស្មាច់ កាលពីថ្ងៃទី 29 ខែ កក្កដា កន្លងទៅថ្មីៗនេះ។
បេសកកម្មលើកទី2នេះក៏មានការចូលរួមដោយបងប្អូនសិល្បកររបស់មូលនិធិផ្ទះតារាជាច្រើនរូបរួមមាន អ្នកនាង ប៉េងប៉ោង និង ស្វាមី, អ្នកនាង និង សុធារ៉ា, អ្នកនាង ទូច ស៊ីណាត, លោកជំទាវ រីយ៉ា, លោក រុន ណាកូ, អ្នកនាង យ៉ិន ស្រីពៅ, កញ្ញា ស្ករស និង ក្រុកការងារជាច្រើនរូបទៀត។
គួរបញ្ជាក់ផងដែរថា ជំនួយទាំងអស់គឺសុទ្ធសឹងតែទទួលបានពីបងប្អូនសប្បុរសជនដែលបរិច្ចាគតាមបណ្ដាញសង្គម និង មួយចំនួនធំគឺបានមកពីការរ៉ៃអង្គាសថវិការតាមផ្សារមួយចំនួនដែលក្រុមសិល្បករមូលនិធិផ្ទះតារា បានដើររ៉ៃអង្គាសពេញរយៈពេល2ថ្ងៃដើម្បីបានថវិកាយកមកធ្វើម្ហូបក្រៀម និង ម្ហូបដែលអាចស្តុកទុកបានក្នុងរយៈពេលយូរសម្រាប់ជូនដល់បងប្អូនកងទ័ពបានហូបក្នុងខណៈពេលដែលពួកគាត់កំពុងមមាញឹកក្នុងការការពារប្រទេសជាតិ។