កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥ លោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាសិរីករុណាបុទមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និង ឯកឧត្តមធម្មសុខាបញ្ញារតន៍មុនីឧបាសកពុទ្ធសាសនូបត្ថម្ភក៍ តាំង សុខឃី ព្រមទាំងលោកជំទាវធម្មចិន្តាសុគន្ធាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទ្រី ចិន្តា ស្ថាបនិកគ្រុមហ៊ុន ឃី ចិន្តា បានដឹកនាំថ្នាក់ដឹកនាំក្រសួង និង សប្បុរសជនជាច្រើន ចុះសួរសុខទុក្ចបងប្អូនកងទ័ពដែលស្ថិតនៅ តំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមានជ័យ ផ្នែកសឹករង បន្ទាយអំពិល ដើម្បីជាការលើកទឹកចិត្តដល់កងទ័ពជួរមុខ។
សមាសភាពសប្បុរសជន ដែលលោកជំទាវ និង ឯកឧត្តម បានអញ្ជើញទៅចូលរួម ដល់មូលដ្ឋានសមរភូមិមុខនោះរួមមាន លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាក្រសួងកិច្ចការនារី ឯកឧត្តម ចាប តូ អនុរដ្ឋាលេខាធិការក្រសួងសង្គមកិច្ច និង យុវនិតិសម្បទា លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង ជាស្ថាបនិកគ្រួសារតារាកម្ពុជា អមជាមួយនឹង អ្នកចូលរួមជាសប្បុរសជនជាច្រើនទៀត បានចុះទៅសួរសុខទុក្ខដល់កងទាហានជួរមុខ ដែលស្ថិតនៅ ផ្នែកសឹករង បន្ទាយអំពិល។
ឯកឧត្តម តាំង សុខឃី បានដឹកនាំជំនួយ និង ថវិកាជាច្រើន យកទៅប្រគល់ជូន ដោយរាប់បញ្ចូលទាំងជំនួយពីសប្បុរសជនទាំងអស់ គឺមានទាំងថវិកា សម្ភារៈ ត្រីងៀតត្រីឆ្អើរ សាច់ក្រក សាច់គោ ផ្ទាំងសុឡា និង ឧបករណ៍ជាប្រយោជន៍សម្រាប់ការាការងារការឈ្លានពានពីសំណាក់សៀមជាដើម ។
លោក ផាត់ តារារដ្ឋ ក្រៅពីផ្ដល់អំណោយមួយចំនួនដែលបានពីមូលនិធិផ្ទះតារា លោកក៏បានគៀងគរសប្បុរសជន និង សិល្បករសិល្បការិនី អោយមកជួយលើកទឹកចិត្តដល់បងប្អូនកងទ័ពជួរមុខ។ សកម្មភាពនេះ កំពុងផ្ទុះការសរសើរយ៉ាងខ្លាំង ដោយសារតែជាការរួមចំណែកធ្វើអោយអ្នកដែលជារបាំងជួយការពារព្រំដែនទាំងអស់ ដឹងថា បងប្អូនខ្មែរនៅជួរក្រោយ បើទោះជាមិនអាចកាន់អាវុធ តែក៏មានទឹកចិត្តឈឺឆ្អាលផងដែរ ។
ក្នុងនោះ ក៏មានការសំណេះសំណាល និង ការថតរូបអនុស្សាវរីយ៍ ផងដែរ ពិសេសឯកឧត្តម តាំង សុខឃី តារាសិល្បៈ អ្នកនាង ស្វែង សុជាតា អ្មកស្រី រ៉េតរ៉ូស. លោក រុន ណាកូ អ្នកនាង យិន ស្រីពៅ និង កញ្ញា តាក់វ៉ាន់ គឺសុទ្ធតែបានបង្កភាពរាក់ទាក់ និង និយាយលេង ធ្វើអោយបងប្អូនជាកងទ័ពជួរមុខបំបាត់ទុក្ខអស់មួយពេល។