ពិតជាគួរឱ្យសរសើរនូវសណ្ដានចិត្តរបស់អគ្គនាយិកាក្រុមហ៊ុន HK7 អ្នកស្រី អ៉ឹម សុគន្ធា និង ស្វាមីលោក គង់ រ៉ាយុទ្ធ រួមទាំងបងប្អូនគ្រួសារត្រកូល គង់ ទាំងអស់ដែលបានស្វះស្វែងមូលមតិរួមចំណែកស្មើរៗគ្នាយ៉ាងសាមគ្គីក្នុងការនាំយកនូវស្បៀងអាហារ ក៏ដូចជាគ្រឿងឧបភោគបរិភោគមួយចំនួនធំជួយទៅដល់ប្រទេសជាតិ ពោលគឺចំពោះបងប្អូនកងទាហានជួរមុខ ក្នុងពេលកំពុងការពារតាមព្រំដែន។
យោងតាមការបង្ហោះរបស់លោក គង់ រ៉ាយុទ្ធ ដែលជាស្វាមីរបស់អ្នកស្រី អ៉ឹម សុគន្ធា បានសរសេរថា « ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត ខ្ញុំបាទ និង ភរិយា ព្រមទាំងក្រុមគ្រួសារ ពិតជាមានមហាកិត្តិយសក្រៃលែង ដែលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់មហាកិត្តិយសអោយយេីងខ្ញុំបានចូលជួបសម្តែងការគួរសម និងចូលរួមចំណែកក្នុងបុព្វហេតុជាតិ នាំយកស្បៀងអាហារមួយចំនួន ដេីម្បីជូនទៅបងៗកងទព័ដែលកំពុងស្ថិតនៅការពារតាមព្រំដែនជួរមុខ៕
ខ្ញុំបាទ និងគ្រួសារ សូមបួងសួងដល់ដូនតាខ្មែរ វត្ថុសក្ត័សិទ្ធទាំងអស់ក្នុងលោក តាមបីបាច់ថែរក្សាការពារ ប្រោសព្រំសព្វសាធុការពរជ័យ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងកាយមាំមួន បញ្ញាភ្លឺថ្លាវៀងវៃ សំណាងល្អគ្រប់ពេលវេលា ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ និងប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕»
នៅក្នុងរូបភាពនៃការចែករំលែកជួយដល់ជាតិមាតុភូមនេះផងដែរ គេឃើញមានវត្តមានបងប្អូនគ្រួសារត្រកូលគង់ ដែលសុទ្ធសឹងតែជាឧត្តមស្វាមីរបស់អតីតតារាចម្រៀងល្បីៗ អ្នកនាង អេនជី, អ្នកនាង ផាន់ ម៉ូនីកា រួមទាំងអ្នកនាង សុគន្ធ លីនណា ផងដែរ ដែលបានចូលចួបសំណេះសំណាល និង ចូលរួមចំណែកនូវស្បៀងអាហារ ក៏ដូចជាសម្ភារៈមួយចំនួនតាមរយៈ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។