ក្រុមដំណើរខ្មែរ រៀបចំកម្មវិធី « ស្លាបប៉ាកកា អនុស្សាវរីយ៍ » លើកទី២

0

កាលពីថ្ងៃ៩ មិថុនា ឆ្នាំ២០២៥ លោក វិរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ បានរៀបចំកម្មវិធី “ស្លាបប៉ាកកា អនុស្សាវរីយ៍លើកទី២” ក្រោមប្រធានបទ រាត្រីបុទម ដោយមានវត្តមានសិល្បករសិល្បការិនីជើងចាស់ និង ជើងថ្មីៗ ជាច្រើនចូលរួម។

កម្មវិធីនេះ ក៏មានព្រះវត្តមាន ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សុរិយា ទីប្រឹក្សាអមព្រះរាជលេខាធិការព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្ដេចក្រុមព្រះ នរោត្តម ចក្រពង្ស់ អ្នកអង្គម្ចាស់ អង្គឌួង ផាត់តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ម្ចាស់ស្ពុនស័រ ជាគណអធិបតី។

ពិធីនេះ ត្រូវបានធ្វើឡើងនៅផ្សារទំនើបអូឡាំព្យា ដោយមានការចាក់ផ្សាយឯកសារពីជីវប្រវត្តិ លោកស្រី សេង បុទម ដែលអតីតារាសម្ដែងក្នុងជំនាន់សាធារណរដ្ឋ កម្ពុជា។

អ្នកអង្គម្ចាស់ អង្គឌួង ផាត់តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានប្រកាសសាទរ និង បានបញ្ជាក់ថា នឹងបន្តដឹកនាំសិល្បករសិល្បការិនីមកគាំទ្រកម្មវិធីអោយបានកាន់តែច្រើនថែមទៀត ដើម្បីជាការចូលរួមលើកស្ទួយ និង លើកទឹកចិត្ត ដល់ក្រុមដំណើរខ្មែរ។

សែរាជវង្សអង្គឌួងអង្គនេះ ក៏បង្ហាញនូវការកោតសរសើរ ចំពោះក្រុមដំណើរខ្មែរ ពិសេសលោកប្រធាន វិរៈ វ៉ារ៉ានី ដែលបានប្រឹងប្រែងបង្កើតកម្មវិធីនេះឡើង និង បានគាស់កកាយស្នាដៃវិរៈសិល្បករជំនាន់មុន ដើម្បីអោយសិល្បករជំនាន់ក្រោយ បានដឹង និង មើលឃើញពីគុណតម្លៃ។

អ្នកអង្គ អង្គឌួង ផាត់តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា Home Stars តារារដ្ឋ ក្រៅពីបានដឹកនាំសិល្បករសិល្បការិនី អោយចូលរួម ក៏បានប្រកាសជំហរក្នុងការចូលរួមផ្សព្វផ្សាយ ដើម្បីអោយសកម្មភាពរបស់ក្រុមដំណើរខ្មែរ កាន់តែទទួលបាននូវការគាំទ្រ ជាពិសេសពីសំណាក់ស្ពុនស័រ ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការទ្រទ្រង់។