កាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៥ លោកជំទាវ ហូ សុវណ្ណិកា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូ សុទ្ធី ទីប្រឹក្សាក្រសួងធម្មការ និង សាសនា បានដឹកនាំក្រុមការងារ និង សប្បុរសជន ប្រមាណ៥០នាក់ ចុះជួយសមាគមស្នាមញញឹមនៃក្ដីសង្ឃឹមរបស់កុមារ ដោយបានរៃអង្គាស និងប្រមែប្រមូលថវិកាបានយ៉ាងច្រើនជួយដល់មណ្ឌល និង បានទាំងផ្ដល់អាហារតុចិនមួយពេលដល់កុមារ ដើម្បីជាអបអរទិវារកុមារអន្តរជាតិ ១ មិថុនា លើកទី៧៦។
ក្រៅពីអាហារតុចិន និង ថវិកា លោកជំទាវ និង សប្បុរសជន ក៏បានផ្ដល់ជូនកុមារទាំងជាង១៣០នាក់ នូវសម្ភារៈសិក្សា ចំណីចំណុក និង អំណោយជាច្រើនមុខទៀត។
លោកជំទាវ ហូ សុវណ្ណិកា បានមានប្រសាសន៍ថា ដើម្បីជាការអបអរដល់ទិវារកុមារអន្តរជាតិ លោកជំទាវ និង សប្បុរសជន បានរួមចំណែកគ្នា មកកាន់មណ្ឌលនេះ ហើយលោកជំទាវក៏សប្បាយរីករាយ និង មានមោទនភាពចំពោះប្រធានមណ្ឌលផងដែរ ដែលអាចចិញ្ចឹមមើលថែក្មេងដែលសុទ្ធតែក្មេងកំព្រា ក្មេងរងគ្រោះ មកពីគ្រប់ទិសទី បានរហូតដល់ជាង១៣០នាក់ ហើយមើលថែបានយ៉ាងល្អទៀត ដែលចាត់ទុកថាជាភ័ព្វវាសនារបស់ក្មេងៗ ដែលបានមកជ្រកកោននៅក្នុងមណ្ឌលនេះ។
ជាការក្រើនរំលឹក លោកជំទាវស្នើអោយក្មេងៗ ត្រូវចេះស្ដាប់បង្គាប់មណ្ឌល និង លោកគ្រូអ្នកគ្រូ ហើយត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយជាក្មេងល្អ និង មានអនាគតល្អ។
លោក ប៉េន សុផល ប្រធានសមាគមស្នាមញញឹមនៃក្ដីសង្ឃឹមកុមារ បានលើកឡើងថា ការចូលរួមចំណែក និង ចុះមកកាន់មណ្ឌលរបស់លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូ សុទ្ធី និង លោកជំទាវ ហូ សុវណ្ណិកា ក៏ដូចជាក្រុមការងារ គឺជាការលើកទឹកចិត្តមួយដ៏ធំ ដល់លោក ដល់លោកគ្រូអ្នកគ្រូ និង ក្មេងៗទាំងអស់ ដែលត្រូវការនូវភាពកក់ក្ដៅ។
លោកថាមណ្ឌលនៅទីនេះ គឺពឹងអាស្រ័យទាំងស្រុង លើការរួមចំណែករបស់សប្បុរសជន ហើយក៏មកដល់របស់សប្បុរសជន គឺជាកាដូដ៏ធំរបស់កុមារ ដែលរស់នៅក្នុងមណ្ឌលទាំងមូល។
លោក និង លោកស្រី ប៉ូ ស្រីគង្គ អនុប្រធានមណ្ឌល ក៏បានប្រគល់ជូននូវប័ណ្ណសរសើរ និង កាដូអនុស្សាវរីយ៍ ជូនដល់សប្បុរសជនសំខាន់ៗ ដែលបានពាំនាំជំនួយដ៏ច្រើន នៅក្នុងឱកាសនោះផងដែរ។