ក្នុងពិធីជួបជុំអាហារសាមគ្គីសប្បុរសជន ដើម្បីរៃអង្គាសថវិកា ទ្រទ្រង់ដល់សហព័ន្ធកីឡារទេះរុញជនពិការកម្ពុជា កាលពីថ្ងៃទី២២ ឧសភា ឆ្នាំ២០២៥ គណកម្មការសហព័ន្ធបានប្រកាសតែងតាំង ឯកឧត្តម តាំង សុខឃី អគ្គនាយកក្រុមហ៊ុនឃីចិន្តា ឌីវេឡុបដ៏មិន ជាអនុប្រធានកិត្តិយស ដើម្បីអោយឯកឧត្តមមានតួនាទី និង សកម្មភាពជួយគាំទ្រសហព័ន្ធ នៅក្នុងអណ្ណត្តិនេះ។
ជាមួយនឹងការឧបត្តម្ភទឹកប្រាក់រហូតដល់២ពាន់ដុល្លារ នៅក្នុងកម្មវិធី ឯកឧត្តម និង លោកជំទាវ ទ្រី ចិន្តា ជាភរិយា បានសន្យាថា នឹងបន្តជួយដល់សហព័ន្ធមួយនេះ អោយកាន់តែមានការរីកចំរើនទៅមុខ ហើយក្នុងនាមជាអនុប្រធានថ្មី ក៏នឹងជួយផ្សព្វផ្សាយពីកិច្ចការរបស់សហព័ន្ធ អោយមានសប្បុរសជនគ្រប់ជាន់ថ្នាក់ចាប់អារម្មណ៍នឹងតម្រូវការរបស់សហព័ន្ធផងដែរ។
ឯកឧត្តម និង លោកជំទាវ បង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះការប្រកាសអោយក្លាយជាអនុប្រធានកិត្តិយស ហើយក៏រំពឹងថា កីឡាករកីឡាការិនីរទេះរុញជនពិការកម្ពុជា នឹងកាន់តែមានកម្លាំងចិត្ត និង ឈានទៅដណ្ដើមបានមេដាយច្រើនឡើង នៅលើឆាកអន្តរជាតិ សម្រាប់ការប្រកួតនាពេលបន្តបន្ទាប់ផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងរាត្រីទទួលទានអាហារសាមគ្គី ដើម្បីរៃអង្គាសថវិកានោះ មានវត្តមានចូលរួមពីមន្ត្រីថ្នាក់ដឹកនាំ ឧត្តមភរិយាថ្នាក់ដឹកនា និង សប្បុរសជនគ្រប់ជាន់ថ្នាក់ ដែលធ្វើអោយពិធីទាំងមូលប្រមូលបានមូលនិធិជាច្រើន ជាប្រយោជន៍ដល់កីឡាករ និង សហព័ន្ធដែលកំពុងមានតម្រូវការ ជាពិសេសក្នុងពេលដឹកនាំកីឡាករកីឡាការិនី ចេញទៅប្រកួតនៅក្រៅស្រុកម្ដងៗ។
ដោយឡែកឯកឧត្តម តាំង សុខឃី និង លោកជំទាវ ក៏ទទួលបានពានកិត្តិយសមួយ ក្នុងនាមជាសប្បុរសជន ដែលទ្រទ្រង់ជួយដល់កម្មវិធីផងដែរ។