មកទល់ពេលនេះ ពិធីបុណ្យមួយ កំពុងធ្វើអោយផ្ទុះស្រទាប់មហាជនយ៉ាងខ្លាំង ដោយសារតែពិធីបុណ្យនោះ ត្រូវគេបាញ់ផ្សែង ហើយពេលថតរូប និង វីដេអូចេញមក គឺដូចផុសនៅលើពពក។
លោក ពូក ពោន ដេគ័រ អ្នកទទួលពិធីការនៅក្នុងពិធីមួយនេះ បានលើកឡើងថា នេះគឺជាពិធីបុណ្យ១០០ថ្ងៃ និង អភិសេករូបសំណាក់ របស់គ្រួសារអភិជនមួយ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបានធ្វើឡើងកាលពីថ្ងៃទី ១២ ឧសភា ឆ្នាំ២០២៥។
លោកថានេះជាពិធីដែលម្ចាស់កម្មវិធីបានកុម្ម៉ង់ ហើយតម្រូវអោយរៀបចំជាផ្សែងនៅពេលប្រារព្ធពិធី ហើយលោកក៏មោទនភាពណាស់ដែរ ដែលអាចរៀបចំពិធីនេះបាន ហើយថែមទាំងអាចធ្វើអោយផ្ទុះការចាប់អារម្មណ៍ ក្រោយពេលមានការបង្ហោះ។
អ្វីដែលគួរកត់សម្គាល់ គឺពិធីអភិសេកព្រះ ដែលមានទិដ្ឋភាពដូចនៅឋានសួគ៌មួយនេះ ក៏ជាពិធីបុណ្យដែលបង្ហាញពីការជ្រះថ្លារបស់ម្ចាស់ដើមទាន និង អ្នកចូលរួម ហើយមានការនិមន្តយាងដោយផ្ទាល់ពី សម្ដេច ពិន សែម ឧត្តមទីប្រឹក្សាគណសង្ឃនាយក ផងដែរ។
មកទល់ពេលនេះ ទិដ្ឋភាពក្រោមរបាំងពពក នៃពិធីនេះ នៅតែមានកោតសរសើរ និង ជជែកវែកញែក ដោយសារមានភាពប្លែកភ្នែក។