សិល្បករខ្មែរ ចូលរួមលើកទឹកចិត្តបាល់ទាត់យុវជន នៅស្វាយរៀង

0

កាលពីថ្ងៃទី១៤ និង ១៥ ឧសភា ឆ្នាំ២០២៥ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិកា ក្រសួងសង្គមកិច្ច និង យុវនិតិសម្បទា ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានដឹកនាំក្រុមការងារ រៀបចំកីឡាបាល់ទាត់យុវជនដណ្ដើមពានរង្វាន់ នៅខេត្តស្វាយរៀង ដោយការប្រកួតនេះ ក៏មានចូលរួមពីសិល្បករសិល្បការិនីជាច្រើនរូប មកពីគ្រួសារតារាកម្ពុជា។

លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង លោក រុន ណាកូ ក៏បានចុះយកព័ត៌មានដោយផ្ទាល់នៅទីនោះ ដើម្បីលើកទឹកចិត្តដោយសមាគមតន្ត្រីសំនៀងជនពិការ ក្រោមការដឹកនាំរបស់ឯកឧត្តម ចាប តូ ដែលសុទ្ធសឹងតែជាជនមានពិការភាព តែបានបង្កើតសកម្មភាពកីឡា ជួយដល់ក្មេងៗអ្នកមានកាយសប្បទាគ្រប់គ្រាន់ អោយភ្លេចសកម្មភាពអបាយមុខ ដូចជាគ្រឿងញៀន និង ដើរលេងបង្ហោះម៉ូតូជាដើម។

សិល្បករដែលបានទៅលើកទឹកចិត្ត នៅទីលានការប្រកួតនោះរួមមាន អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង. លោកជំទាវ រីយ៉ាត្រាណេ សិល្បការិនី. អ្នកនាង ទូច ស៊ីណាត តារាសម្ដែង. អ្នកស្រី សច័ន្ទ ដានី តារាសម្ដែង. លោក លី សុជន តារាសម្ដែង. លោក ប៉ូលីន ពិធីករ និង អ្នកនាង ម៉ានីតា សិល្បការិនីជាដើម។

ឯកឧត្តម ចាប តូ មានប្រសាសន៍ថា នេះជាលើកទី៣ហើយ ដែលសមាគមជនពិការ បានរៀបចំការប្រកួតបាល់ទាត់នេះឡើង ហើយនៅពេលរាត្រី ក៏មានកីឡាប្រដាល់។ ការរៀបចំនេះគឺចង់បង្ហាញអោយឃើញថា ទោះពួកលោកគឺជាជនដែលមានពិការភាព តែក៏មានលទ្ធភាពជួយសង្គម និង ជួយដល់យុវជនដែលកាយសម្បទា ដើម្បីរួមចំណែកអោយពួកគេស្រលាញ់កីឡា។

ឯកឧត្តម ក៏កោតសរសើរផងដែរចំពោះទឹកចិត្តបងប្អូនសិល្បករគ្រួសារតារាកម្ពុជា ដែលបានដឹកនាំសិល្បករ មកចូលរួមលើកទឹកចិត្តកីឡាករ និង សកម្មភាពរបស់បងប្អូនដែលមានពិការភាព ក្នុងការងារជួយដល់សង្គមមួយនេះ។ ឯកឧត្តមថា ការលះបង់របស់សិល្បករ គឺជាកម្លាំងចិត្តមួយដ៏ធំ សម្រាប់បងប្អូនកីឡាករ និង អ្នករៀបចំទាំងមូល។