កាលពីថ្ងៃទី៦ មេសា ឆ្នាំ២០២៥ មុននេះ មូលនិធិឈាម នីមុន្នីនាថ ទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការគៀងគរសប្បុរសជន ជាពិសេសគឺតារាសិល្បៈ អោយចូលរួមធ្វើការបរិច្ចាគឈាម នៅអូឡាំព្យា ដើម្បីធ្វើបុណ្យមុនថ្ងៃចូលឆ្នាំ។ នៅក្នុងពិធីនោះ គេឃើញមានការចូលរួមបរិច្ចាគយ៉ាងច្រើន ដោយការបំផុសនេះ កំពុងធ្វើអោយមូលនិធិឈាមរបស់ នី មុន្នីនាថ ទទួលបានកញ្ចប់ឈាមច្រើន ដើម្បីរួមចំណែកជួយដល់អ្នកជម្ងឺ។
លោកស្រី សុភាលី ម្ដាយកញ្ញា នី មុន្នីនាថ បានបង្ហាញនូវអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលកូនស្រីរបស់ខ្លួន បានរួមចំណែកបុណ្យ ដោយការបង្កើតមូលនិធិឈាម ហើយធ្វើសកម្មភាពគៀងគរដល់សប្បុរសជន អោយចេះធ្វើបុណ្យដោយការបរិច្ចាគឈាម។
លោកស្រីថា មូលនិធិឈាម នីមុន្នីនាថសព្វថ្ងៃ បានរួមចំណែកធំណាស់ ជួយសង្គ្រោះដល់អ្នកជម្ងឺ ហើយលោកស្រី ក៏មោទនភាពផងដែរ ដែលកម្មវិធីដែលបានធ្វើឡើងនេះ គឺមានអ្នកចូលរួមបរិច្ចាគកុះករ តាំងពីព្រឹកបើកកម្មវិធី ដែលធ្វើអោយព្រឹត្តិការណ៍ទាំងមូល ទទួលបានកញ្ចប់ឈាមច្រើន។
លោកស្រីក៏បន្តអំពាវនាវអោយបងប្អូនអ្នកដែលមានសិទ្ធាទាំងអស់ បន្តការបរិច្ចាគអោយបានកាន់តែច្រើនផងដែរ ដើម្បីបានជួយសង្គ្រោះដល់អ្នកជម្ងឺ និង បំផុសអោយមានការយល់ដឹងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម។
លោកស្រីថា ការបរិច្ចាគឈាម ក្រៅពីមិនប៉ះពាល់ដល់សុខភាព ក៏ជួយផ្នែកចរន្តឈាម និង ជួយអោយសុខភាពមានល្អប្រសើរ នៅពេលដុះថ្មីផងដែរ ទើបលោកស្រីស្នើអោយបន្តបរិច្ចាគឈាមអោយបានច្រើន តាមតែអាចធ្វើបាន។