រកឃើញម្ចាស់ជ័យលាភី ពីការប្រលងចម្រៀងខ្មែរ នៅក្នុងប្រទេសជប៉ុន

0


នៅទីបំផុត កម្មវិធីប្រលងចម្រៀងសំនៀងកូនខ្មែរ ដែលរៀបចំឡើងដោយសមាគមរួបរួមពលរដ្ឋកម្ពុជា – ជប៉ុន ដែលមានទីស្នាក់ការនៅក្នុងប្រទេសជប៉ុន បានបញ្ចប់ និង រកឃើញអ្នកឈ្នះដែលជាម្ចាស់ពាន និង ជាម្ចាស់មេដាយជ័យលាភីជាផ្លូវការហើយ ដោយចំណាត់ថ្នាក់លេខ១ លេខ២ និង លេខ៣ សុទ្ធសឹងតែជាកូនខ្មែរដែលជាពលករវ័យក្មេង នៅក្នុងប្រទេសជប៉ុន ហើយមានទឹកដមសំលេងពីរោះមិនធម្មតា។

កម្មវិធីនេះ ត្រូវបានសហការផ្សព្វផ្សាយ និង ចូលរួមរៀបចំ ដោយសារព័ត៌មានផ្ទះតារា និង ប្រធានសិល្បករគ្រួសារតារាកម្ពុជា ប្រចាំនៅប្រទេសកម្ពុជា ដោយការប្រលងកាលពីថ្ងៃទី២៣ មីនា ឆ្នាំ២០២៥ នៅក្នុងប្រទេសជប៉ុន ក៏មានការចូលរួមដាក់ពិន្ទុ ពីផលិតករល្បីឈ្មោះ លោក គួច ខេវិន និង លោក ផាត់ តារារដ្ឋ ដែលជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង ជាប្រធានសិល្បករគ្រួសារតារា ដែលអញ្ជើញមកពីប្រទេសកម្ពុជា។

វេទិកាទាំងមូលក៏មានការសម្របសម្រួលពីពិធីករដ៏ឆ្នើមរបស់ផ្ទះតារា គឺលោក រុន ណាកូ ដែលអញ្ជើញមកពីប្រទេសកម្ពុជាផងដែរ។ ចំណាត់ថ្នាក់លេខ១ បានទៅលើបេក្ខជនឈ្មោះ ផែន កងម៉េង ដោយទទួលបានពានមួយ និង មេដាយមាសចំនួន១គ្រឿង. ចំណាត់ថ្នាក់លេខ២ បានទៅលើបេក្ខជនឈ្មោះ អ៊ំ ម៉េងទ្រី ដោយទទួលបានមេដាយប្រាក់មួយគ្រឿង និង ចំណាត់ថ្នាក់លេខ៣ បានទៅលើ ផេង ម៉េងហួរ ដោយទទួលបានមេដាយសំរិទ្ធិមួយគ្រឿង។

នៅវគ្គផ្ដាច់ព្រ័ត្រនេះ បេក្ខជនតម្រូវអោយបង្ហាញសមត្ថភាពចំនួន២វិញ្ញាសារ គែវិញ្ញាសារបទយុវវ័យ និង បទក្នុងជំនាន់ដើម ហើយរំលេចសំលៀកបំពាក់ខោចែវ មួកស្លឹកត្នោត អាវអាចារ្យ បែបខ្មែរ។ ការប្រលងនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយក៏ត្រូវបានចាត់ទុកថា គឺជាការប្រលងចម្រៀងទ្រង់ទ្រាយធំរបស់ពលករខ្មែរ នៅលើទឹកដីជប៉ុនផងដែរ។

លោក ខេម សារិទ្ធ អនុប្រធានសមាគមរួបរួមពលរដ្ឋកម្ពុជា ជប៉ុន បានលើកឡើងថា នេះគឺជាកម្មវិធី ដែលផ្ដល់ឱកាសអោយកូនខ្មែរ នៅលើទឹកដីជប៉ុន បានបង្ហាញសមត្ថភាព ហើយនេះក៏ជាការរួមចំណែកជួយអោយបងប្អូនខ្មែរ ដែលមករស់នៅ និង មកនៅ បាត់អារម្មណ៍នឹកស្រុក និង បានចូលរួមលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរផងដែរ។

មិនខុសគ្នាដែរ លោកស្រី ឆោម ស្រស់ ប្រធានសមាគម ដែលជាអ្នកផ្ដើមបង្កើតព្រឹត្តិការណ៍នេះ បានចាត់ទុកថា ការប្រលងចម្រៀងឆ្នាំនេះ មានលក្ខណៈធំដុំជាងមុខ អ្វីដែលសំខាន់ គឺទទួលបានការចូលរួមសហការពីក្រុមការងារផ្ទះតារា និង ការចូលរួមដាក់ពិន្ទុពីលោក គួច ខេវិន ដែលកាន់តែជម្រុញអោយ ម្ចាស់ជ័យលាភីទាំង កាន់តែទទួលបានកិត្តិយស។

លោកស្រីថា សមាគមបានរៀបចំការប្រលងនេះជារៀងរាល់ឆ្នាំ តែសម្រាប់ឆ្នាំគឺទទួលលទ្ធផលខ្លាំងជាងរាល់ឆ្នាំ ដោយមានទាំងឯកឧត្តមឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសជប៉ុន ជាគណអធិបតី។ ក្រោយជម្រើសបានអ្នកឆ្នើម៣រូបពីការប្រលងនេះ សមាគមលោកស្រីនឹងដាក់នាំតារារះថ្មីទាំង៣ដួង ចូលរួមកម្មវិធីផ្សេងៗ នៅក្នុងប្រទេសជប៉ុន ពិសេសកម្មវិធីសង្ក្រាន្តចូលឆ្នាំនាពេលខាងមុខ។

ក្នុងនោះម្ចាស់ជ័យលាភី ក៏នឹងមានឱកាសក្លាយជាតារានៅកម្ពុជា តាមរយៈសកម្មភាពផ្សេងៗរបស់គ្រួសារតារាកម្ពុជា និង ផ្ទះតារា នៅក្នុងប្រទេសកម្ពុជាផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here