កាលពីព្រឹកថ្ងៃទី 13 ខែ មីនា ឆ្នាំ 2025 មុននេះ តារាសម្ដែងប្រុសល្បីឈ្មោះលោក ប៉ែន ចំរ៉ុង បានធ្វើពិធីក្រុងពាលីដើម្បីចេញថតភាពយន្តខ្នាតធំលើកដំបូងមានចំណងជើងថា « ភូមិគ្រឹះម្លិះ » ដែលជាប្រភេទរឿងបែបរន្ធត់ លាយឡំជាមួយនឹងភាពកំប្លុកកំប្លែងព្រមទាំងស្នេហាស៊ីជម្រៅក្រោមការជ្រោមជ្រែងផលិតពីសំណាក់ដៃគូសហការលោក អុល ចំរើន រួមជាមួយនឹង សហករវិនិយោគ លោក ថេង ស្រេង អគនាយកក្រុមហ៊ុន MTSL និង លោក ថេង ហៀង ព្រមទាំងមានការចូលរួមពីសំណាក់អ្នកដឹកនាំរឿងពីររូបដែលមានបទពិសោធន៍នៅលើវិស័យភាពយន្តនេះគឺលោក ជួន សុវណ្ណវាសនា អ្នកដឹកនាំចាស់វស្សា និង លោក នៅ សុវណ្ណារ័ត្ន ដែលជាBAតំណាងក្រុមហ៊ុន Sony នៅកម្ពុជា ធ្វើឱ្យការផលិតភាពយន្តខ្នាតធំលើកដំបូងដែលតារាសម្ដែងលោក ប៉ែន ចំរ៉ុង ចេញមុខដឹកនាំលើកដំបូងកាន់តែរលូនទៅមុខ ក្រោមដំបូលផលិតកម្ម 4U Media & Elite Media ។
ភាពយន្តរឿង « ភូមិគ្រឹះម្លិះ » នេះផងដែរ ត្រូវបានផលិតករដៃថ្មីលោក ប៉ែន ចំរ៉ុង បានបញ្ចេញនូវក្ដីរំភើប និង មានមោទនភាពកាន់តែខ្លាំង បន្ទាប់ពីទទួលបានការទុកចិត្តពីដៃគូសហការណ៍ដ៏សំខាន់ៗធ្វើឱ្យក្ដីស្រម៉ៃនៃការផលិតកុនរបស់លោកដំណើរការប្រកបដោយគុណភាពតាមស្តង់ដារ។
លោក ប៉ែន ចំរ៉ុង បានមានប្រសាសន៍នៅក្នុងថ្ងៃពិធីក្រុងពាលីចេញថតភាពយន្តនេះថា៖យោងតាមបទពិសោធន៍នៅក្នុងវិស័យភាពយន្តអស់រយៈពេលជាង 22 ឆ្នាំមកនេះ លោកសង្ឃឹមយ៉ាងមុតមាំថា រឿង « ភូមិគ្រិះម្លិះ » នឹងទទួលបានការគាំទ្រពីសំណាក់ហ្វេនៗរបស់លោកក៏ដូចជាមហាជនដែលគាំទ្រវិស័យកុនខ្មែរនេះផងដែរ ដោយសារតែ រឿងមួយនេះថ្វីត្បិតតែជាការដឹកនាំរបស់លោកដំបូង តែលោកក៏សម្រាំងបាននូវឧបករណ៍ សម្ភារៈផលិតខ្នាតអន្តរជាតិ បូករួមជាមួយនឹងការចូលរួមសម្ដែងពីសំណាក់លោកផ្ទាល់ និង កូនស្រីតូចរបស់លោក រួមទាំងតារាសម្ដែងវ័យក្មេង និង តារាជើងចាស់ល្បីៗជាច្រើនរូបផ្សេងទៀតញ៉ំងឱ្យភាពយន្តកាន់តែមានរសជាតិ មិនចាញ់ផលិតកកម្មធំៗនោះឡើយ។
ភាពយន្តរឿង « ភូមិគ្រឹះម្លិះ » នេះផងដែរនឹងដំណើរការចេញថតនៅថ្ងៃទី 17 ខែ មីនា ឆ្នាំ 2025 ខាងមុខនេះ ហើយក៏នឹងត្រៀមផលិតចេញផ្សាយនៅគ្រប់រោងភាពយន្តឱ្យបានឆាប់ៗនៅក្នុងពេលខាងមុខនេះផងដែរ។
លោក ប៉ែន ចំរ៉ុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការណ៍ ក៏ដូចជាអ្នកវិនិយោគដែលមានចក្ខុវិស័យរួមតែមួយជាមួយគ្នា ក្នុងនាមជាកម្លាំងចលករដ៏សំខាន់មួយមិនអាចខ្វះបាននៅក្នុងការធ្វើឱ្យវិស័យភាពយន្តកាន់តែរីកចម្រើនឈ្ពោះទៅមុខ។
គួរបញ្ជាក់ថា ភាពយន្តរឿង «ភូមិគ្រឹះម្លិះ» មានការចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនដួងរួមមាន លោក ប៉ែន ចំរុង (តួឯកប្រុស) កញ្ញា យូ កាម៉ុនរ៉ាត់ (តួឯកស្រី), ឌីជេ កាកា, លោក ងួន សុបិន, លោក ជឹម ភ័ក្រ ហៅ គ្រូតឿ, ពេជ្រ ថៃ, លោក អ៊ាម វន្នី, លោក រ៉ហ្វែក ណាសៀត, លោក តាំង ហួណាម ហៅ ប៉ាវ ផ្លយ, ជា សំនាង, លោកស្រី អ៉ឹម ផល្លា, លោកស្រី អ៊ុំ សក្កណា, លោក នាង ណែម ហៅ ណុប ណែម, លោក ទូច ចន្ថា ហៅ រតនៈ ដែន, កញ្ញា សុខុម ពេជ្រសួគ៌លី, លោក គង់ គឹមហៃ ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត៕






























