ឯកឧត្តម តាំង សុខឃី និង លោកជំទាវ ផ្ដល់ក្លោងទ្វារសាលាមួយកន្លែង នៅកំពង់ស្ពឺ

0


កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០២៥ ឯកឧត្តម តាំង សុខឃី ឧត្តមក្រុមប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និង លោក លោកជំទាវ ទ្រី ចិន្តា អគ្គនាយកអគ្គនាយិកាក្រុមហ៊ុន ឃី ចិន្តា ឌីចេឡុបម៉ិន ឯ.ក និង ក្រុមការងារ បានចុះទៅក្រុងពាលីបុកគ្រឹះ និង ប្រគល់ថវិកាកសាងក្លោងទ្វារសាលាមួយកន្លែង នៅខេត្តកំពង់ស្ពឺ ដោយចំណាយថវិកាអស់ជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ក្រៅពីប្រគល់ប្រាក់ទាំងស្រុងក្នុងការសាងសង់ក្លោងទ្វារសាលាមួយកន្លែងនោះនូវទំហ៊ំទឹកប្រាក់ជាង១ម៉ឺនដុល្លារហើយ ឯកឧត្តម និង លោកជំទាវ ក៏បានចំណាយលើការរៀបចំកម្មវិធីទាំងមូល ចំណាយលើការឧបត្ថម្ភថវិកាជូនដល់លោកគ្រូអ្នកគ្រូ ជូនលោកតាលោកយាយទាំងអស់ដែលមកចូលរួម និង ជូនដល់សិស្សសាលាទាំងអស់ ដើម្បីអោយទទួលបាននូវថវិកាអោយបានគ្រប់ៗគ្នាផងដែរ។

ឯកឧត្តម ក៏បានរៀបចំអាហារថ្ងៃមួយពេលជូនដល់លោកតាលោកយាយ ជូនដល់លោកគ្រូអ្នកគ្រូ ជូនដល់តន្ត្រីករភ្លេងបុរាណ និង ជូនដល់ប្រជាការពារភូមិ ដើម្បីអោយពិធីសំណេះសំណាល និង ប្រកាសកសាងខ្លោងទ្វារសាលាដែលចំណាយអស់ជាង១ម៉ឺនដុល្លារនោះ ប្រកបដោយស្នាមញញឹម និង អនុស្សាវរីយ៍។

ឯកឧត្តមថា មូលហេតុដែលនាំអោយឯកឧត្តម និង លោកជំទាវ ឈានដល់ការជួយសាងសង់ក្លោងទ្វារសាលាបឋមសិក្សាភូមិថ្មី មិត្តភាព កម្ពុជា ជប៉ុន នេះ គឺដោយសារតែមាននិស្ស័យ និង មានការបិណ្ឌបាត្រពីព្រះចៅអធិការវត្តភូមិថ្មី ដែលឯកឧត្តម និង លោកជំទាវ តែងតែចេញចូលប្រតិបត្តិ ហើយប្រសិនបើសាងសង់ជួយអាគារសិក្សានៅសាលាមួយផ្សេងទៀត ដែលឯកឧត្តម និង លោកជំទាវបានជួយដែរនោះ នឹងសល់មូលនិធិអាចជួយបានទៀត ឯកឧត្តម នឹងពិចារណារឿងជួយសាងសង់របងសាលាតបតាមការស្នើសុំបន្ត។

ជាមួយនឹងការធ្វើពិធីលើកមុខសាលា និង ជួយកសាងសមិទ្ធិផលជួយសាលាក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះ បានធ្វើអោយមានការកោតសរសើរយ៉ាងខ្លាំង ដល់ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមការងារ ដែលតែងតែលះបង់ជួយដល់សង្គម និង ចែករំលែកក្ដីស្រលាញ់ជាគំរូដល់មហាជន។

LEAVE A REPLY

Please enter your comment!
Please enter your name here